Kim Jong-un សន្យា​បង្កើន​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ​ និង​ឃ្លាំង​អាវុធ​របស់​កូរ៉េខាងជើង

មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង បានប្រកាសថា នឹង​បង្កើន​កម្លាំង​អាវុធ​នុយ​ក្លេ​អែរ​របស់​ប្រទេស​នេះ ក្នុង​គ្រា​ដែល​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក Joe Biden ជិត​មកដល់។

«ក្នុងពេល​កំពុង​លើកកម្ពស់​សមត្ថភាព​ផ្នែក​អាវុធ​នុយ​ក្លេ​អែរ យើង​ក៏ត្រូវ​ការធ្វើ​គ្រប់យ៉ាង​ដើម្បី​កសាង​កងទ័ព​ឱ្យមាន​ឥទ្ធិពល​បំផុត» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ថ្ងៃនេះ​បាន​ដកស្រង់ និង​ចុះផ្សាយ​សម្ដី​របស់​មេដឹកនាំ Kim Jong-un ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​បញ្ចប់​មហាសន្និបាត​លើក​ទី 8 របស់​បក្ស​ពលករ។

មុននេះ ក្នុងអំឡុង​មហាសន្និបាត​ដែល​អូស​បន្លាយពេល 8 ថ្ងៃ លោក Kim Jong-un បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា «ឧបសគ្គ​ចម្បង​ចំពោះ​ការអភិវឌ្ឍ​របស់​កូរ៉េខាងជើង និង​ជា «សត្រូវ​ធំ​បំផុត»។ លោក Kim ថ្លែងថា «គោលបំណង​ពិត​ក្នុង​គោលនយោបាយ​របស់​ពួកគេ​សម្រាប់​កូរ៉េខាងជើង នឹងមិន​ដែលមាន​ការ​ប្ដូរផ្លាស់​អ្វី​នោះឡើយ បើទោះជា​អ្នក​ឡើងកាន់​អំណាច​ក៏ដោយ»។

យោងតាម​ក្រុមអ្នកវិភាគ លោក Kim ទំនងជា​កំពុង​ស្វែងរក​វិធី​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​រដ្ឋាភិបាល​របស់លោក Biden នៅក្នុង​គ្រា​ដែល​កូរ៉េខាងជើង​កំពុង​ត្រូវ​បានដាក់​ឱ្យនៅ​ឯកា​ជាងពេលណាៗទាំងអស់ បន្ទាប់ពី​បាន​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់ Covid-19។

មេដឹកនាំ​កូរ៉េខាងជើង​ក៏បាន​ប្រកាសថា ប្រទេស​នេះ​សម្រេចបាន​ផែនការ​អភិវឌ្ឍ​នាវាមុជទឹក​ដំណើរការ​ដោយ​ថាមពល​នុយ​ក្លេ​អែរ ទន្ទឹមនឹងនេះ​ក៏បាន​លើកឡើង​នូវ​បញ្ជី​អាវុធ​ដែល​ទីក្រុង​ព្យុងយ៉ាង​ចង់​ចាប់យក រួមមាន ក្បាល​គ្រាប់​សម្រាប់​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង ផ្កាយរណប​ឈ្លបយកការណ៍​ផ្នែក​យោធា និង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ដែល​ប្រើ​ឥន្ធនៈ​រឹង។

កម្មវិធី​អភិវឌ្ឍ​អាវុធ​របស់​កូរ៉េខាងជើង បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្រោម​ការដឹកនាំ​របស់លោក Kim Jong-un។ ទីក្រុង​ព្យុងយ៉ាង​ក៏បាន​ធ្វើការ​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ​ធំ​បំផុត​ដែល​ប្រទេស​នេះ​មិន​ធ្លាប់មាន​ពីមុនមក និង​បាន​ផលិត​កាំជ្រួច​ដែលមាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​ទាំងមូល​របស់​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ​អ្វីដែល​ប្រទេស​នេះ​ទទួលបាន​មកវិញ នោះ​គឺ​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ​កាន់តែ​ធ្ងន់ឡើង៕

ប្រភព៖ AFP

Advertisement