ប្រធានាធិបតី Trump «ឯកោ» នៅក្នុង​វីដេអូ​ដំបូង ក្រោយពី​ត្រូវ​សភា​ជាន់​ទាប​ចោទ​ប្រកាន់​​ជា​ផ្លូវការ

លោក Donald Trump បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​ត្រូវបាន​ថ្កោលទោស និង​ចោទ​ប្រកាន់​​រហូតដល់​ពីរលើក។ សារព័ត៌មាន AP (អាមេរិក) ឱ្យដឹងថា ក្នុងការ​ចោទប្រកាន់​លើក​ទី​ពីរ​នេះ លោក Trump នៅ​ស្ងប់ស្ងាត់​តែម្នាក់ឯង។

រសៀល​ថ្ងៃទី 13 មករា (ម៉ោង​ក្នុងស្រុក) សភា​ជាន់​ទាប​អាមេរិក បានអនុម័ត​សម្រេច​ចោទ​ប្រកាន់​​លោក​ Donald Trump​ ជា​ផ្លូវ​ការ​។ ក្នុងចំណោម​អ្នក​ដែល​បាន​បោះឆ្នោត​ចោទប្រកាន់​លោក Trump ក៏មាន​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​បច្ចុប្បន្ន​ដល់​ទៅ 10 រូប រួមមាន Adam Kinzinger, Liz Cheney, John Katko, Fred Upton, Jaime Herrera Beutler, Dan Newhouse, Peter Meijer, Anthony Gonzalez, Tom Rice និង David Valadao។

ដូច្នេះ ប្រធានាធិបតី Trump ត្រូវបាន​សមាជិក​បក្ស​របស់ខ្លួន​បែរ​ខ្លង​ជា​ផ្លូវការ​ហើយ។ មេដឹកនាំ​អាមេរិក​រូបនេះ មិនអាច​ធ្វើ​អ្វី​បាន ក្រៅពី​ការតាមដាន​ព្រឹត្តិការណ៍​នៅលើ​ទូរទស្សន៍។ Liz Cheney តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ​ប្រចាំ​សភា​ជាន់​ទាប បាន​និយាយថា «មិន​ធ្លាប់មាន​អំពើ​ក្បត់​ដ៏​ធំ​បែបនេះ​ឡើយ» ចំពោះ​ប្រធានាធិបតី​មួយរូប។

សមាជិក​មួយចំនួនរ​បស់​បក្ស​សាធារណរដ្ឋ បាន​សំដែង​ការគាំទ្រ​ប្រធានាធិបតី Trump នៅក្នុង​ការជជែក​តវ៉ា​គ្នា​កាលពី​ថ្ងៃទី 13 មករា ប៉ុន្តែ​ចុងក្រោយ​ក៏​នៅតែមាន​តំណាងរាស្ត្រ​ចំនួន 10 នាក់​របស់​បក្ស​នេះ បោះឆ្នោត​ថ្កោលទោស​មេដឹកនាំ​កំពូល​របស់​សហរដ្ឋអាមេរិក។ នេះ​គឺជា​ប្រការ​មួយ​ដែល​មិន​ដូច​ទៅនឹង​ការ​ថ្កោលទោស​លើកដំបូង​ចំពោះ​ប្រធានាធិបតី Trump។

នៅក្នុង​ការបោះឆ្នោត​កាលពី​ខែធ្នូ 2019 នៅ​សភា​ជាន់​ទាប ស្ដីអំពី​ការ​ថ្កោលទោស​ចោទ​លោក Trump ទាក់ទិន​នឹង​ការប្រើប្រាស់​អំណាច​កៀបសង្កត់​ដើម្បីឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើការ​ស៊ើបអង្កេត​លើ​អនុ​ប្រធានាធិបតី Joe Biden ក្រុម​សម្ព័ន្ធមិត្ត​របស់លោក Trump គឺជា​អ្នកធ្វើ​យុទ្ធនាការ​ជំទាស់​ដោយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន។ល។ ឆ្នាំ 2020 សភា​ជាន់ខ្ពស់​អាមេរិក​ដែល​ពេលនោះ​ត្រូវបាន​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ បានសម្រេច​ថា លោក Trump គ្មាន​កំហុស។

ប្រធានសភាជាន់ទាបអាមេរិក Nancy Pelosi ថ្លែង​នៅមុន​ការ​បោះ​ឆ្នោត​ស្ដីអំពី​ការ​ថ្កោល​ទោស​លោក Trump

កាលពី​ថ្ងៃទី 13 មករា សេត​វិមាន​បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម Twitter បង្ហាញ​អំពី​សេចក្ដីថ្លែងការណ៍​របស់​លោក Trump។ លោក Trump បាន​រិះគន់​លើ​អំពើហិង្សា​នៅ​វិមាន​សភា ប៉ុន្តែ​មិនបាន​និយាយ​ដល់​ការដែល​ត្រូវ​ថ្កោលទោស​នោះទេ។ ក្រុមអ្នកវិភាគ​យល់ថា ក្នុង​វីដេអូ​នេះ មេដឹកនាំ​អាមេរិក​និយាយ​យឺត​ជាង​ធម្មតា និង​មើលទៅ​ដូចជា​ឯកោ​ខ្លាំងណាស់។

ការ​ថ្កោលទោស​ដោយ​ការ​ចោទ​ប្រកាន់​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមបាតុករ​គាំទ្រ​លោក Trump កាលពី​ថ្ងៃទី 6 មករា បាន​បង្កឱ្យមាន​អំពើហិង្សា​នៅ​វិមាន​សភាជាតិ​នៅ Capitol Hill ក្នុង​គ្រា​ដែល​សភា​កំពុងតែ​រាប់​សន្លឹកឆ្នោត​ដើម្បី​បញ្ជាក់​អំពី​ការទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​សកល​ដែលថា​លោក Joe Biden ជា​អ្នកឈ្នះ។ អំពើហិង្សា​នៅ​វិមាន​សភា​នេះ បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 5 នាក់ ក្នុងនោះ​ក៏មាន​មន្ត្រីប៉ូលិស​ម្នាក់​ប្រចាំការ​នៅ​វិមាន​សភា​ផងដែរ។

ក្នុងករណី​ដែល​ត្រូវបាន​សភា​ជាន់ខ្ពស់ អនុម័ត​យល់ព្រម​ទៅលើ​ការ​ថ្កោលទោស​ពី​សំណាក់​សភា​ជាន់​ទាប លោក Trump នឹងត្រូវ​បាត់បង់​ឱកាស​ក្នុងការ​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ 2024។

លោក Donald Trump គឺជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​បី​ដែល​ត្រូវបានសភា​​ថ្កោលទោស និង​ចោទ​ប្រកាន់​។ មុននេះ លោក Bill Clinton និង Andrew Johnson ក៏បាន​ស្ថិតក្នុង​បញ្ជី​នេះដែរ។ ចំណែក​អតីត​ប្រធានាធិបតី Richard Nixon បាន​រួច​ផុតពី​ការ​ថ្កោលទោស​ព្រោះ​រឿងអាស្រូវ Watergate ដោយសារ​ថា លោក​បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង៕

ប្រភព៖ BBC, NYTimes

Advertisement