(វីដេអូ)-ឆេះ​ព្រៃ​នៅ​ឈី​លី! មនុស្ស​ជាង 25,000នាក់​ត្រូវ​ជម្លៀស​ខ្លួន

ករណីភ្លើងឆេះព្រៃមួយនៅប្រទេសឈីលីកាលពីឆ្នាំ 2019

កាលពី​ថ្ងៃទី 15 មករា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​ឈី​លី Roberto Delgado បានប្រកាសថា ភ្លើង​ឆេះ​ព្រៃ​មួយចំនួន​ដែល​បាន​កើតឡើង​ក្នុង​តំបន់​មួយ​នៃ​ទីក្រុង Valparaiso នៅ​ភាគ​កណ្ដាល​ប្រទេស​នេះ បាន​បំផ្លាញ​ផ្ទះ​ចំនួន 6 ខ្នង ព្រៃឈើ​ជាង 300 ហិកតា និង​នាំឱ្យ​មនុស្ស​យ៉ាងហោច 25,000 នាក់​ត្រូវ​ជ​ម្លៀ​ង​ខ្លួន​ដើម្បី​ការពារ​ជីវិត។

នាយកដ្ឋាន​គ្រប់គ្រង​បញ្ហា​អាសន្ន​របស់​ឈី​លី (Onemi) មុននេះ​បាន​បញ្ជាក់ថា ក្នុងអំឡុង​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ដល់​ទៅ 4 លើក​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់ Quilpue មាន​ចម្ងាយ​ពី​រដ្ឋធានី Santiago ប្រហែល 110 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ។ ករណី​ឆេះ​ព្រៃ​ដំបូង​បានកើត​ឡើង​នៅ Quilpue កាលពី​ព្រលប់​ថ្ងៃទី 14 មករា។ ផ្សែង​ដែល​កើតចេញពី​ភ្លើង​ឆេះ​ព្រៃ​នេះ មាន​ទំហំ​ធំ​ដែល​អាច​មើលឃើញ​ពី​រដ្ឋធានី Santiago។

រដ្ឋមន្ត្រី Delgado បង្ហើប​ឱ្យដឹងថា ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​នេះ នឹង​បើក​ការស៊ើបអង្កេត​លើ​ករណី​ឆេះ​ព្រៃ​នៅ Valparaiso បន្ទាប់ពី​នាយកដ្ឋាន​ព្រៃឈើ​ជាតិ (Conaf) យល់ថា ករណី​ឆេះ​ព្រៃ​ទាំងនេះ​ទំនងជា​ចេតនា​អាក្រក់​របស់​ជន​ណាមួយ។

ឈី​លី​ដែលជា​ប្រទេស​ទទួលរង​គ្រោះធម្មជាតិ​ច្រើន​នៅក្នុង​រដូវក្ដៅ បច្ចុប្បន្ន​កំពុងតែ​ឆ្លងកាត់​គ្រោះរាំងស្ងួត​អាក្រក់​បំផុត​ក្នុងអំឡុង 6 ទសវត្សរ៍​មកនេះ ដោយ 76% នៃ​ផ្ទៃដី​របស់​ប្រទេស​នេះ​ត្រូវ​ខ្វះ​ទឹក​ប្រើប្រាស់។ ស្ថានភាព​អាក្រក់​បំផុត​កំពុង​កើតឡើង​នៅ​ភាគ​កណ្ដាល ដោយសារតែ​បរិមាណ​ទឹកភ្លៀង​បាន​ថយចុះ​ទាប​បំផុត​រាប់​ចាប់ពី​ឆ្នាំ 2019 មកនេះ។

ចាប់ពី​ខែកក្កដា ឆ្នាំ 2019 ដល់​ខែមិថុនា ឆ្នាំ 2020 ឈី​លី​មាន​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ជាង 8,125 ករណី​ដែល​បានកើត​ឡើង​នៅលើ​ផ្ទៃដី​ប្រហែល 102,000 ហិកតា ក្នុងនោះ​មាន​ជាង 3,500 ករណី បណ្ដាលមកពី​មនុស្ស៕

ប្រភព៖ Garda, Tetova News

Advertisement