ឆ្មាំ​ការពារជាតិ​អាមេរិក ត្រូវគេ​លួច​រថពាសដែក​តម្លៃ 120,000ដុល្លារ! អ្នក​ផ្ដល់​ដំណឹង​ពី​ជន​សង្ស័យ​នឹង​ទទួល​បាន​រង្វាន់​ធំ

រថពាស​ដែក​ Humvee បំពាក់​អាវុធ​មួយ​គ្រឿង​​ ត្រូវ​បាន​គេ​​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ Tripoli នៃ​ប្រទេស​លីប៊ី​

FBI បានប្រកាស​ផ្ដល់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន 10,000 ដុល្លារ​អាមេរិក​ទៅឱ្យ​អ្នកណា​ដែល​ផ្ដល់ព័ត៌មាន​នាំទៅរក​ការកំណត់​អត្តសញ្ញាណ​របស់​ចោរ​ដែល​បាន​លួច​រថពាសដែក Humvee ពី​មូលដ្ឋាន​ឆ្មាំ​ការពារជាតិ​អាមេរិក​នៅ​រដ្ឋ California។

«រថពាសដែក Humvee ពណ៌​ប្រផេះ​លាយ​ពណ៌​ស្លឹកឈើ​មួយគ្រឿង​ត្រូវបាន​គេ​លួច​ពី​បញ្ជាការដ្ឋាន​របស់​កង​កម្លាំង​ខ្មាំ​ការពារជាតិ​អាមេរិក​ប្រចាំ​នៅក្នុង​រដ្ឋ California កាលពី​ថ្ងៃទី 15 មករា» នេះ​បើតាម​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​អាមេរិក (FBI) ដែល​បានប្រកាស​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី 17 មករា។

FBI Los Angeles បានឱ្យដឹងថា រថពាសដែក​ដែលមាន​តម្លៃ​ប្រហែល 120,000 ដុល្លារ​នេះ បាន​បាត់​ខ្លួន​ពី​បញ្ជាការដ្ឋាន​របស់​កង​វរ​សេនា​តូច​មួយ​ដែល​ស្ថិតក្រោម​កងពល​លេខ 40 ដែលមាន​ទីតាំងនៅ​ទីក្រុង Bell។ FBI បានប្រកាសថា​នឹង​ផ្ដល់​រង្វាន់​ចំនួន 10,000 ដុល្លារ ចំពោះ​ជន​ណា​ដែល​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​រថពាសដែក​ដែល​បាន​បាត់​ខ្លួន​ខាងលើ។

Humvee ដែល​បាន​បាត់​ខ្លួន​

Humvee គឺជា​ប្រភេទ​រថពាសដែក​ដែល​ត្រូវបាន​គេ​លួច​ច្រើនជាងគេ​ក្នុងចំណោម​រថយន្តយោធា​អាមេរិក។ កាលពី​ខែកក្កដា ឆ្នាំ 2020 មាន​បុរស​ពីរ​នាក់​បាន​លួច​យក​រថពាសដែក Humvee របស់​កងទ័ព​ថ្មើរជើង​អាមេរិក​នៅក្នុង​រដ្ឋ Arkansas ប៉ុន្តែ​បាន​បរ​ជ្រុល​ធ្លាក់​ប្រឡាយ​ក្រោយពី​លួចបាន​មួយ​ម៉ោង។

កាលពី​ខែកុម្ភៈ ឆ្នាំ 2018 បុរស​ម្នាក់​បាន​លួច​ចូល​ឃ្លាំង​អាវុធ​នៃ​ឆ្មាំ​ការពារជាតិ​អាមេរិក​នៅ​វ៉ា​ស៊ី​ង​តោន និង​លួចបាន​រថពាសដែក Humvee មួយគ្រឿង រួច​ក៏បាន​គេចខ្លួន​តាម​ច្រក​មុខ​បាត់ស្រមោល។ បុរស​ខាងលើ​បាន​បើកបរ​រថពាសដែក​នេះ​ទៅកាន់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន Yakima និង​បាន​និយាយថា ចង់​ចូល​បម្រើការ​នៅក្នុង​ជួរ​កងទ័ពជើងគោក​ស​ហ​រដ្ឋ​អាមេរិក។

រថពាសដែក Humvee អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 113 គម/ម៉ោង និង​រក្សា​ល្បឿន 89 គម/ម៉ោង​នៅពេល​ផ្ទុក​អីវ៉ាន់​ពេញ​ចំណុះ។ Humvee ត្រូវបាន​ផលិតឡើង​ដើម្បី​ចូល​ជំនួស Jeep M151 ដែល​ត្រូវបាន​ប្រើប្រាស់​ចាប់ពី​សង្គ្រាមលោក​លើក​ទី​ពីរ និង​កំពុងស្ថិត​ក្នុងការ​ដាក់​ឱ្យចូល​និវត្តន៍​ជាបណ្ដើរ។

Humvee សរុប ប្រមាណ​ជា 281,000 គ្រឿង​ត្រូវបាន​ផលិត ក្នុងនោះ​មាន 230,000 គ្រឿង​ស្ថិតក្នុង​ជួរ​កងទ័ព​ថ្មើរជើង និង​ក្នុង​អង្គភាព​អនុវត្ត​ច្បាប់​ដទៃទៀត​របស់​សហ​រដ្ឋ​អាមេរិក។ Humvee ក៏ត្រូវ​បាន​ប្រទេស​ជា​សមាជិក​របស់​អង្គការ NATO និង​ដៃគូ​សហការ​របស់​អាមេរិក​ប្រើប្រាស់​ផងដែរ៕

ប្រភព៖ Task&Purpose

Advertisement