ចាប់ខ្លួន​មេដឹកនាំ​ក្រុម «គង្វាលគោ» ដែល​បាន​រំលោភ​ចូល​វិមាន​សភា​នៅ Capitol Hill

Griffin គឺជាស្ថាបនិកនៃក្រុម «ខូវប៊យគាំទ្រ Trump» និងបង្ហាញខ្លួនជាមួយនឹងមួកគង្វាលគោនៅលើក្បាលជាញឹកញាប់។ មន្ត្រីរូបនេះក៏ធ្លាប់បានទៅកាន់សេតវិមានដើម្បីជួបលោក Trump កាលពីខែកញ្ញា ឆ្នាំ 2019 ផងដែរ

Couy Griffin ដែលជា​មន្ត្រី​ថ្នាក់ស្រុក​នៅ New Mexico និង​ស្ថាបនិក​នៃ​ក្រុម «គង្វាលគោ​គាំទ្រ Trump» ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​ចូលរួម​ធ្វើបាតុកម្ម​ហិង្សា​នៅ​វិមាន​សភា​អាមេរិក​ក្នុង​តំបន់ Capitol Hill។

លោក Couy Griffin ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​កាលពី​ថ្ងៃទី 17 មករា ក្រោយពី​បាន​សារភាព​ជាមួយ​មន្ត្រី​ស៊ើបអង្កេត​សហព័ន្ធ (FBI) ថា ខ្លួន​រួម​នឹង​ក្រុមបាតុករ​រាប់ពាន់នាក់​ដែល​គាំទ្រ​ប្រធានាធិបតី Donald Trump បាន​ចូលរួម​ធ្វើបាតុកម្ម​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃទី 6 មករា​កន្លងទៅ។

ឯកសារ​ចោទប្រកាន់​បាន​បង្ហាញថា Couy Griffin ទទួលស្គាល់ថា​បាន​ឈរ​នៅលើ​ខឿន​ខាងក្រៅ​នៃ​វិមាន​សភា ប៉ុន្តែ​មិនបាន​ចូលទៅ​ខាងក្នុង​នោះទេ។ «បើសិនជា​យើង​ធ្វើ​ដូច្នេះ (ចង់​និយាយថា ការចូលទៅ​ខាងក្នុង​វិមាន​សភា) វា​នឹង​ជា​ថ្ងៃមួយ​ដ៏​គួរឱ្យ​សោកស្ដាយ ហើយនឹង​ធ្វើឱ្យ​មានការ​បង្ហូរឈាម​នៅ​វិមាន​សភា» Couy Griffin និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ Facebook បន្ទាប់ពី​មាន​អំពើហិង្សា ប៉ុន្តែ​វា​ត្រូវបាន​លុប​ទៅវិញ។

លោក Couy Griffin និង​ប្រធានាធិបតី​ Donald Trump

មន្ត្រី​បក្ស​សាធារណរដ្ឋ​ខាងលើ កាលពី​សប្ដាហ៍​មុន​ក៏​ធ្លាប់បាន​ប្រកាសប្រាប់​ក្រុមប្រឹក្សា​នៃ​ស្រុក Otero រដ្ឋ New Mexico ថា លោក​មាន​គម្រោង​នាំយក​កាំភ្លើង​វែង​ធម្មតា​មួយគ្រឿង និង​កាំភ្លើងខ្លី​មួយគ្រឿង​ទៅតាម​ខ្លួន និង​បើករថយន្ត​ទៅកាន់​វ៉ា​ស៊ី​ង​តោន​ដើម្បី​ជំទាស់​នឹង​ការឡើង​កាន់អំណាច​រប​ស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden។

ក្រោយមក Griffin បាន​សារភាព​ប្រាប់ FBI ថា លោក «សង្ឃឹមថា​អាចធ្វើ​ការផ្លាស់ប្ដូរ​មេដឹកនាំ​ដោយ​មិនបាច់​ប្រើ​កាំភ្លើង» ប៉ុន្តែ ក៏បាន​ព្រមាន​ថា មិន​បោះបង់​ជម្រើស​ណាមួយ​ឡើយ ដើម្បី​ស្វែងរក​សេរីភាព។

បច្ចុប្បន្ន Griffin កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់ថា​បាន​រំលោភ​ចូល​វិមាន​សភាជាតិ​ដោយ​ខុសច្បាប់។

លោក Couy Griffin

Griffin គឺជា​ស្ថាបនិក​នៃ​ក្រុម «ខូវប៊យ​គាំទ្រ Trump» និង​បង្ហាញខ្លួន​ជាមួយនឹង​មួក​គង្វាលគោ​នៅលើ​ក្បាល​ជា​ញឹកញាប់។ មន្ត្រី​រូបនេះ​ក៏​ធ្លាប់បាន​ទៅកាន់​សេត​វិមាន​ដើម្បី​ជួប​លោក Trump កាលពី​ខែកញ្ញា ឆ្នាំ 2019 ផង​ដែរ។

អាជ្ញាធរ​ជាតិ​អាមេរិក​បានធ្វើការ​ចោទប្រកាន់​កម្រិត​ព្រហ្មទណ្ឌ​ចំពោះ​មនុស្ស​ជាង 100 នាក់​ដែល​ជាប់​ទាក់ទិន​នឹង​​ករណី​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃទី 6 មករា ដែល​ពេលនោះ​មាន​អ្នកគាំទ្រ​លោក Trump រាប់ពាន់នាក់​បាន​សម្រុក​ចូលកាន់​កាប់​វិមាន​សភា។ ការស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​ក្រុមមនុស្ស​ដែល​បាន​ប្រើ​អំពើហិង្សា​ខាង​លើ កំពុង​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់៕

ប្រភព៖ ABC/ Hill

Advertisement