សេត​វិមាន​បញ្ចេញ​សៀវភៅ​សមិទ្ធ​ផល​ជាង 600 ប្រការ របស់​លោក​​ប្រធានាធិបតី Donald Trump

នៅក្នុង​សៀវភៅ​និយាយ​អំពី​សមិទ្ធផល​នេះ ក៏​មានការ​សង្កត់ធ្ងន់​ទៅលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ក្លា​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មិន​ធ្លាប់​មាននៅ​សហរដ្ឋអាមេរិក មុន Covid-19 មកដល់ នៅក្រោម​ការដឹកនាំ​រប​ស់លោក Donald Trump។

ថ្មីៗនេះ សេត​វិមាន​បាន​ឧទ្ទេសនាម​សៀវភៅ​មួយ​ក្បាល​ដែលជា​បញ្ជី​កត់ត្រា​នូវ​សមិទ្ធផលសំខាន់ៗចំនួន 603​ ប្រការ​​ដែល​ប្រធានាធិបតី​អាមេរិក Donald Trump សម្រេចបាន​នៅក្នុង​អាណត្តិ​របស់ខ្លួន ខណៈដែល​ពិភពលោក​កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Joe Biden។

ភាគច្រើន​នៃ​សមិទ្ធផល​នេះ​មាន​ជាប់ទាក់ទង​នឹង​ការសន្យា​របស់លោក Trump ដែល​ត្រូវបាន​ធ្វើឡើង​កាលពីពេល​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​នាំ​ឆ្នាំ 2016។ ក្រុមមន្ត្រី​សេត​វិមាន​អះអាងថា បញ្ជី​ឈ្មោះ​នៃ​សមិទ្ធផល​នេះ​គឺជា​កេរដំណែល​ចម្បង​ដែល​ប្រធានាធិបតី Trump បាន​បន្សល់ទុក។

ក្នុង​សៀវភៅ​នេះ​ក៏​មានការ​រាប់បញ្ចូល​ទាំង​បញ្ហា​អន្តោប្រវេសន៍ ពន្ធដារ សន្តិភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា រួម​នឹង​បញ្ហា​សេដ្ឋកិច្ច​ជាដើម។ សម្រាប់​បញ្ហា​សេដ្ឋកិច្ច ត្រូវបាន​គេ​លើកឡើងថា មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​អាណត្តិ​របស់លោក Trump មុនពេល​វីរុស​ Covid-19 រាតត្បាត​សហរដ្ឋអាមេរិក ក្នុងនោះ មានការ​ងារ​ថ្មី​ចំនួន 7 លាន​តំណែង​ត្រូវ​បង្កើតឡើង ខ្ពស់ជាង​បី​ដង​បើ​ធៀប​នឹង​ការ​ព្យាករ ព្រមទាំង​បាន​ជួយ​ឱ្យ​អត្រា​គ្មាន​ការងារ​ធ្វើ​ថយចុះ​មក​ទាប​បំផុត​ក្នុងអំឡុង​កន្លះ​សតវត្សរ៍​មកនេះ។

ស្ថិតិ​ខាងលើ​ក៏បាន​លើកសរសើរ​ចំពោះ​ការដែល​ប្រធានាធិបតី Trump បាន​ជួយ​ជំ​រុញឱ្យ​ទីផ្សារ​មូល​ប​ត្រ​នៅ​សហរដ្ឋអាមេរិក ហក់​ឡើងដល់​កម្រិត​កំពូល​ថ្មី​ជា​បន្តបន្ទាប់។

សៀវភៅ​ខាងលើ​ត្រូវបាន​សេត​វិមាន​ប្រកាស​ជា​ផ្លូវការ នៅ​មុនពេល​ប្រធានាធិបតី Donald Trump ត្រូវ​ចាក​ចេញពី​តំណែង​នា​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ នេះ​គឺជា​កាលៈទេសៈ​ដែល​ប្រកបដោយ​ភាព​រសើប នៅពេល​លោក Trump កំពុង​ត្រូវបាន​សភា​ជាន់​ទាប​ចោទប្រកាន់​ទោស​ជា​លើក​ទី​ពីរ ក្រោយពី​មាន​ព្រឹត្តិការណ៍​ហិង្សា​នៅ​វិមាន​សភា​កាលពី​ថ្ងៃទី 6 ខែមករា ខណៈដែល​ប្រធានាធិបតី​ជាប់ឆ្នោត​បន្ទាប់ Joe Biden នឹង​ស្បថ​ចូលកាន់​អំណាច​នៅ​ថ្ងៃទី 20 មករា​ស្អែក​នេះ៕

ប្រភព៖ MSN

Advertisement