លិច​កប៉ាល់​​វៀតណាម​នៅ​ក្បែរ​កោះ​ត្រឡាច! មនុស្ស 7នាក់​បាត់​ខ្លួន

នាវា​របស់​រដ្ឋាភិបាល​វៀត​ណាម​កំពុង​ជួយ​សង្គ្រោះ​លើ​ផ្ទៃ​សមុទ្រ​ កាល​ពី​ឆ្នាំ 2014

កប៉ាល់​នេសាទ​មួយគ្រឿង​របស់​វៀតណាម​ដែល​កំពុងធ្វើដំណើរ​ត្រលប់​ចូល​ដីគោក ស្រាប់តែ​ត្រូវ​រលក​សមុទ្រ​វាយ​ពន្លិច​នៅ​តំបន់​សមុទ្រ​ក្បែរ​កោះ Con Dao (កោះ​ត្រឡាច) បណ្ដាលឱ្យ​អ្នកនេសាទ 13 នាក់​រងគ្រោះ ក្នុងនោះ​មាន 6 នាក់​ត្រូវបាន​ជួយសង្គ្រោះ និង 7 នាក់​កំពុង​បាត់​ខ្លួន។

កាលពី​ថ្ងៃទី 19 មករា អាជ្ញាធរ​ស្រុក Con Dao បានឱ្យដឹងថា នៅ​ព្រឹក​ម្សិលមិញ កប៉ាល់​នេសាទ​របស់​ខេត្ត Ben Tre មួយគ្រឿង​ដែលមាន​មនុស្ស 13 នាក់ បានធ្វើ​ដំណើរ​ត្រលប់​ចូលមក​កាន់​ដីគោក បន្ទាប់ពី​ចំណាយពេល​ច្រើន​ថ្ងៃ​លើ​ផ្ទៃសមុទ្រ​ដើម្បី​នេសាទ។ នៅពេល​មកដល់​តំបន់​សមុទ្រ​ដែលមាន​ចម្ងាយ 95 គីឡូម៉ែត្រ​ពី​កោះ Con Dao ក៏​ស្រាប់តែ​ត្រូវ​រលក​សមុទ្រ​បោក​ពន្លិច។

អ្នកនេសាទ 3 នាក់​ដែល​កំពុង​អណ្ដែត​លើ​ផ្ទៃសមុទ្រ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​កប៉ាល់​មួយគ្រឿង​ដែល​កំពុង​នេសាទ​​នៅក្បែរ​នេះ និង​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច។

កោះ​ Con Dao ដែល​ខ្មែរ​ហៅ​ថា កោះ​ត្រឡាច​ នៅ​តំបន់​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​វៀត​ណាម

រាប់​ចាប់ពី​ពេល​រងគ្រោះ រហូតដល់​ថ្ងៃ​ត្រង់នេះ អ្នកនេសាទ​រងគ្រោះ​ចំនួន 6 នាក់​ហើយ​ដែល​ត្រូវបាន​សង្គ្រោះ​ទាន់ពេល ខណៈ 7 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។

លោក Nguyen Anh Nhut អភិបាលរង​ស្រុក Con Dao ឱ្យដឹងថា៖ «តំបន់​កប៉ាល់​លិច​មាន​រលក​សមុទ្រធំៗ ធ្វើ​ឱ្យ​​បេសកកម្ម​ស្វែងរក​ជនរងគ្រោះ​ត្រូវ​ជួប​ការលំបាក»។

លោក Chin Lien ម្ចាស់​កប៉ាល់​នេសាទ​រងគ្រោះ​ខាងលើ បញ្ជាក់ថា កប៉ាល់ 900 CV របស់គាត់​បានចេញ​ពី​កំពង់​ផែ​កាលពី 6 ខែ​មុន ដែល​ពេលនោះ​មាន​អ្នកនេសាទ​ចំនួន 15 នាក់ ប៉ុន្តែ នៅពេល​កំពុងធ្វើដំណើរ​ត្រលប់​មក​វិញ មាន​អ្នកនេសាទ 2 នាក់​បាន​ឡើងក​ប៉ាល់​ផ្សេង។ នៅលើ​កប៉ាល់​រងគ្រោះ​នេះ ក៏មាន​ត្រី​សមុទ្រ​ប្រហែល 10 តោន​​ផងដែរ៕

ប្រភព៖ Vnexpress

Advertisement