Biden យំ​នៅពេល​ថ្លែង​សារ​លា​ស្រុកកំណើត មុននឹង​មក​ទទួល​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​រដ្ឋធានី

លោក Joe Biden យំ​នៅពេល​កំពុង​ថ្លែង​សារ​លា​ស្រុកកំណើត​នៅក្នុង​រដ្ឋ Delaware ខណៈ​និយាយ​ពាក្យ​អរគុណ​ដល់​ពលរដ្ឋ​ក្នុង​តំបន់ និង​រំលឹក​ដល់​កូនប្រុស Beau ដែល​បាន​បាត់បង់​ជីវិត​កាលពី​ឆ្នាំ 2015។

«សូម​អភ័យទោស​ចំពោះ​ការ​រំជួលចិត្ត​នេះ ប៉ុន្តែ​នៅពេល​ខ្ញុំ​ស្លាប់ Delaware នឹងត្រូវ​ឆ្លាក់​ជាប់​ក្នុង​បេះដូង​របស់ខ្ញុំ ក៏ដូចជា​បេះដូង​របស់​គ្រប់គ្នា។ យើង​ស្រលាញ់​គ្រប់គ្នា។ គ្រប់គ្នា​បាន​នៅ​ទីនោះ​ដើម្បី​យើងខ្ញុំ បើទោះជា​ដោយ​រលូន ឬ​ដោយ​ឧបសគ្គ មិនដែល​បែរខ្នង​ដាក់​សោះឡើយ។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ជា​កូន​ម្នាក់​របស់ Delaware» ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក Joe Biden ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​លាគ្នា​នៅក្នុង​ទីក្រុង Wilmington រដ្ឋ Delaware កាលពី​ថ្ងៃទី 19 មករា មុនពេល​ធ្វើដំណើរ​មក​កាន់​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន។

«ខ្ញុំ​ក៏​កាន់​តែមាន​មោទកភាព​នៅពេល​បាន​ឈរ​នៅទីនេះ និង​ធ្វើ​ដូច្នេះ​នៅ​ទីកន្លែង​ដែលមាន​ឈ្មោះ វរសេនីយត្រី Beau Biden។ ខ្ញុំ​មានការ​សោកស្ដាយ​តែ​ម្យ៉ាង​គត់​នោះ​គឺ Beau មិន​នៅទីនេះ ព្រោះថា យើង​គួរតែ​ជ្រើសតាំង​គាត់ឱ្យ​ធ្វើ​​ជា​ប្រធានាធិបតី» លោក Joe Biden និយាយ​បណ្ដើរ​យំ​បណ្ដើរ ពេល​រំលឹក​ដល់​កូនប្រុស​របស់គាត់។ ទីកន្លែង​ដែល​លោក Joe Biden ថ្លែងការណ៍​គឺជា​មជ្ឈមណ្ឌល​កម្លាំងប្រដាប់អាវុធ​បម្រុង​វរសេនីយត្រី Joesph R. (Beau) Biden III ដែល​ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​កូនប្រុស​ម្នាក់​របស់លោក Joe Biden ដែល​ធ្លាប់​ធ្វើជា​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ Delaware ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ 2015 ដោយសារ​មហារីក​ខួរក្បាល។

Biden ចាកចេញ​ពីរ​ដ្ឋ Delaware មកកាន់​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​ជាមួយនឹង​ភរិយា Jill Biden។ ពួកគេ​នឹង​សម្រាក​នៅក្នុង​អគារ Blair ដែល​ជាទី​សម្រាប់​ទទួល​មេដឹកនាំ​បណ្ដា​ប្រទេស និង​ភ្ញៀវសំខាន់ៗ និង​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សេត​វិមាន៕

ប្រភព៖ NBC News

Advertisement