ការផ្ទេរ​វ៉ា​លី​គ្រាប់បែក​នុយ​ក្លេ​អែរ​ពី Trump ទៅឱ្យ Biden ត្រូវធ្វើឡើង​យ៉ាងដូចម្ដេច?

Trump និង Biden នឹង​កាន់កាប់​វ៉ា​លី​គ្រាប់បែក​នុយ​ក្លែ​ចំនួន​ពីរ​ផ្សេងគ្នា និង​មាន​លេខ​កូដ​សម្រាប់ធ្វើ​សកម្មភាព​ដោយឡែក ក្នុងនោះ លេខ​កូដ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden នឹង​ដំណើរការ​នៅវេលា​ម៉ោង 12 ថ្ងៃទី 20 មករា ស្របពេល​ដែល​លេខ​កូដ​របស់លោក Trump ត្រូវអស់​សុពលភាព។

ការដែល​ប្រធានាធិបតី​អាមេរិក Donald Trump មិន​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Joe Biden នឹងមិន​ប៉ះពាល់​ដល់​ពិធី​នេះ ប៉ុន្តែ​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ​នៅក្នុង​កាលៈទេសៈ​នេះ នោះ​គឺ​ដំណើរការ​នៃ​ការផ្ទេរ «គ្រាប់​បាល់​នុយ​ក្លេ​អែ/nuclear football» ជា​ពាក្យ​ដែល​ត្រូវបាន​ប្រើ​សំដៅលើ​វ៉ា​លី​ដែលមាន​ផ្ទុក​លេខ​កូដ​សម្រាប់​ការចេញ​បញ្ជា​ឱ្យ​វាយប្រហារ​ដោយ​គ្រាប់បែក​នុយ​ក្លេ​អែរ ដែល​តែងតែ​ត្រូវបាន​យកទៅ​តាម​ប្រធានាធិបតី​អាមេរិក។

យោងតាម​គោលការណ៍ វ៉ា​លី​ពណ៌​ខ្មៅ​នេះ​នឹង​ត្រូវបាន​ជំនួយការ​ផ្នែក​យោធា​ម្នាក់ យកតាម​ខ្លួន​ដើម្បី​អមដំណើរ​ប្រធានាធិបតី​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា រហូតដល់​ប្រធានាធិបតី​ត្រូវផុត​អាណត្តិ​នៅ​ម៉ោង 12 ថ្ងៃត្រង់​នៃ​ថ្ងៃទី 20 មករា (ម៉ោង​នៅ​អាមេរិក)។ ប្រការនេះ​មានន័យថា ជំនួយការ​យោធា​រួម​នឹង​វ៉ា​លី​នុយ​ក្លេ​អែរ​នឹងត្រូវ​ឡើង​យន្តហោះ​របស់​កងទ័ព នាំ​លោក Trump ចាក​ចេញពី​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ទៅកាន់ Florida នៅ​ព្រឹក​ថ្ងៃទី 20 មករា ខណៈដែល​លោក Biden មិនទាន់​ដល់ពេល​ឡើងកាន់​អំណាច។

កន្លងមក នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង អ្នកជំនួយការ​ជាន់ខ្ពស់​ផ្នែក​យោធា នឹង​នាំយក​វ៉ា​លី​នុយ​ក្លេ​អែរ​ទៅតាម​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ដើម្បី​ប្រគល់​អំណាច​នេះ​ជូន​ប្រធានាធិបតី​ថ្មី នៅក្នុង​អគារ​សភាជាតិ​នាទី​ក្រុង​វ៉ា​ស៊ី​ង​តោន។

ដំណើរការ​នៃ​ផ្ទេរ​វ៉ា​លី​នុយ​ក្លេ​អែរ​ដែល «មិនមាន​ចន្លោះប្រហោង» នេះ​គឺ​ដើម្បី​ទប់ស្កាត់​មិនឱ្យ​សត្រូវ​របស់​សហរដ្ឋអាមេរិក ឆ្លៀត​យក​ឱកាស​ដ៏​រសើប​នេះ ធ្វើការ​វាយប្រហារ​ដោយ​គ្រាប់បែក​នុយ​ក្លេ​អែរ​ប្រឆាំងនឹង​អាមេរិក។

ច្បាប់រដ្ឋធម្មនុញ​អាមេរិក​បានប្រគល់​សិទ្ធិ​ទាំងស្រុង​ក្នុងការ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ ទៅឱ្យ​ប្រធានាធិបតី ដែល​នេះ​ក៏​ជា​ពេលដែល​វ៉ា​លី​នុយ​ក្លេ​អែរ​ត្រូវបាន​ចាប់កំណើត​ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា អគ្គបញ្ជាការដ្ឋាន​នៃ​កងទ័ព​សហរដ្ឋអាមេរិក​អាចអនុវត្ត​ទៅតាម​ការបញ្ជា​របស់​ប្រធានាធិបតី​បាន​គ្រប់ពេល និង​គ្រប់​កាលៈទេសៈ។

ការដែល​លោក Trump មិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Biden នឹង​នាំឱ្យ​សិទ្ធិ​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ​ត្រូវ​ផ្ទេរ​ពី​ចម្ងាយ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​នេះ​ក៏ត្រូវ​ការ​កិច្ចសហការ​យ៉ាង​ម៉ត់ចត់​របស់​ប្រព័ន្ធ​យោធា ទាក់ទង​នឹង «គ្រាប់​បាល់​នុយ​ក្លេ​អែរ» ក៏ដូចជា​ប្រព័ន្ធ​បញ្ជាក់​អំពី​បទបញ្ជា​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ មាន​រហ័ស​នាម​ថា «នំ​ខូ​ឃី​ស» ដែលមាន​នៅក្នុង​វ៉ា​លី​ទាំងពីរ។

Scott Sagan ជា​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ Stanford និង Stephen Schwartz អ្នកស្រាវជ្រាវ​ប្រចាំ​សារព័ត៌មាន BAS នៅ​សហរដ្ឋអាមេរិក យល់ថា ការដែល Trump មិន​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Biden នឹងធ្វើ​ឱ្យ​បញ្ហា​មិនចាំបាច់​មួយចំនួន​កើតឡើង ហើយ​ថា​នឹងមាន​ការលំបាក​ច្រើន​ធៀប​នឹងឆ្នាំមុន។ ប៉ុន្តែ អ្នកវិភាគ​ខាងលើ​បាន​បញ្ជាក់ថា កងទ័ព​អាមេរិក​នៅតែមាន​វិធានការ​បម្រុង​ដើម្បី​ធានាថា ដំណើរការ​នៃ​ការប្រគល់អំណាច​ប្រព្រឹត្តិ​ដោយ​រលូន និង​សុវត្ថិភាព​បើទោះជា​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ។

Schwartz បាន​ឱ្យដឹងថា៖ «មាន​គ្រាប់​បាល់​នុយ​ក្លេ​អែរ​ដូចគ្នា​យ៉ាងតិច​ចាប់​ពី 3-4 គ្រាប់។ 1 គ្រាប់​តែងតែ​ធ្វើដំណើរ​តាម​ប្រធានាធិបតី 1 គ្រាប់​ទៀត​សម្រាប់​អនុ​ប្រធានាធិបតី ចំណែក 1 គ្រាប់​ផ្សេងទៀត​គឺ​សម្រាប់​អ្នក​ដែល​នៅ​រស់រានមានជីវិត​នៅក្នុង​ព្រឹត្តិការណ៍ធំៗដូចជា ពិធី​ទទួល​តំណែង​ប្រធានាធិបតី ឬ​អ្នកអាន​សារ​របស់​ជាតិ»។ អ្នកវិភាគ​រូបនេះ​បន្ថែមថា ស្ថានភាព​ឆ្នាំនេះ​អាច​បង្ខំ​ឱ្យ​ការិយាល័យ​យោធា​របស់​សេត​វិមាន ត្រូវ​ត្រៀម​វ៉ា​លី​នុយ​ក្លេ​អែរ​បម្រុង​មួយទៀត​សម្រាប់​លោក Biden។

លោក Joe Biden និង​ភរិយា

នៅក្នុង​វ៉ា​លី​នុយ​ក្លេ​អែរ​នេះ មិនមាន​គ្រាប់​ចុច ឬ​លេខ​កូដ​ដើម្បីឱ្យ​ប្រធានាធិបតី​អាច​បញ្ជា​ឱ្យធ្វើ​ការវាយប្រហារ​ដោយ​គ្រាប់បែក​នុយ​ក្លេ​អែរ​បានភ្លាមៗនោះទេ។ ក្នុង​វ៉ា​លី​នេះ​មាន​ទូរស័ព្ទ​មួយគ្រឿង កាត «នំ​ខូ​ឃី​ស» មួយ​បន្ទះ​ដែលមាន​ផ្ទុក​លេខ​កូដ​សម្ងាត់​ដែល​អនុញ្ញាតឱ្យ​ប្រធានាធិបតី​ចេញ​បញ្ជា​ឱ្យ​វាយប្រហារ​ដោយ​អាវុធ​នុយ​ក្លេ​អែរ និង​បញ្ជី​ឈ្មោះ​គោលដៅ​ដែល​បានជ្រើសរើស​ពីមុន​ជាស្រេច។

Schwartz បញ្ជាក់ថា៖ «Trump នៅតែ​ជា​ប្រធានាធិបតី​អាមេរិក​រហូតដល់​ម៉ោង 11 59នាទី និង 59 វិនាទី ថ្ងៃទី 20 ខែមករា​នេះ។ Trump ជា​មនុស្ស​តែ​ម្នាក់​គត់​ដែលមាន​សិទ្ធិ​ចេញ​បញ្ជា​ឱ្យប្រើ​ប្រាស់​អាវុធ​នុយ​ក្លេ​អែរ​របស់​សហរដ្ឋអាមេរិក គិត​ត្រឹម​អំឡុងពេល​ខាងលើ។ បើសិនជា​ជំនួយការ​ផ្នែក​យោធា នាំ​វ៉ា​លី​នុយ​ក្លេ​អែរ​នេះ​អមដំណើរ Trump ទៅកាន់ Florida នោះ​ជំនួយការ​រូបនេះ​នឹងត្រូវ​ចាក​ចេញពី Trump នៅវេលា​ថ្ងៃត្រង់ និង​នាំយក​វ៉ា​លី​នោះមក​កាន់​វ៉ា​ស៊ី​ង​តោន»។

នៅ​ម៉ោង 12 ថ្ងៃទី 20 មករា Trump នឹង​លែងមាន​សិទ្ធិ​ក្នុងការ​ធ្វើសង្គ្រាម​នុយ​ក្លេ​អែរ ហើយ​វ៉ា​លី​នុយ​ក្លេ​អែរ​ដែល​អមដំណើរ​លោក​ក៏​នឹង​ត្រូវអស់​សុពលភាព។ ក្នុងករណី Trump ចេញ​បញ្ជា​ឱ្យ​វាយប្រហារ​ដោយ​អាវុធ​នុយ​ក្លេ​អែរ​នៅវេលា​លើសពី​ម៉ោង 12 នោះ​បទបញ្ជា​នេះ​នឹង​ត្រូវបាន​ចាត់ទុកថា​ខុសច្បាប់ ហើយ​ក្រុមមន្ត្រី​គ្រប់គ្រង​អាវុធ​នុយ​ក្លេ​អែរ​នឹង​បដិសេធ​បទបញ្ជា​នេះ។

លោក Biden ទំនងជា​នឹង​បានទទួល «នំ​ខូ​ឃី​ស» នៅ​ព្រឹក​ថ្ងៃទី 20 មករា (ម៉ោង​នៅ​អាមេរិក) ក្នុង​គ្រា​ដែល​លោក និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត Kamala Harris មាន​កិច្ចប្រជុំ​សម្ងាត់​មួយ​ដើម្បី​ទទួល​ការណែនាំ​អំពី​វិធី​ប្រើប្រាស់​វ៉ា​លី​នុយ​ក្លេ​អែរ។ ក៏ប៉ុន្តែ ប្រព័ន្ធ​លេខ​កូដ​សម្ងាត់​របស់លោក Biden នឹង​មិនទាន់មាន​សុពលភាព​នៅឡើយ រហូតដល់​ម៉ោង 12 និង 00 នាទី ក្នុងអំឡុងពេល​ដែ​លលេ​ខ​កូដ​របស់លោក Trump អស់​សុពលភាព៕

ប្រភព៖ CNN

Advertisement