ទិដ្ឋភាព​នៅ​រដ្ឋធានីរ​បស់​អាមេរិក មុន​ម៉ោង​លោក​ Joe ​Biden ឡើង​ទទួល​តំណែង​ប្រធានាធិបតី

បេសកកម្ម​ត្រៀម​នានា​ត្រូវបាន​ធ្វើឡើង​រួចរាល់ សន្តិសុខ​ត្រូវបាន​រឹតបន្តឹង ខណៈដែល​នៅសល់តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​ដែល​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​របស់លោក Joe Biden នឹងត្រូវ​ចាប់ផ្ដើម។

ផ្នែក​ខាងមុខ​នៃ​ទិស​ខាងលិច​របស់​ភ្នំ Capitol Hill ជា​កន្លែង​ដែល​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​ទី 46 Joe Biden នឹងត្រូវ​ប្រារព្ធ​ឡើង។ ទិដ្ឋភាព​នេះ​គឺ​ថត​បាន​កាលពី​យប់​ថ្ងៃទី 19 មករា។ ឆាក​សំខាន់​ជាងគេ​ដែល​ធ្វើ​អំពី​ឈើ​ត្រូវបាន​ដំឡើង​រួចរាល់​ក្នុង​រយៈពេល 3 ម៉ោង​សម្រាប់​បម្រើ​ដល់​ព្រឹត្តិការណ៍​មហា​សំខាន់​នេះ។

ពិធី​ស្បថ​ចូលកាន់​តំណែង​នេះ​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង 11 និង 30 នាទី (ម៉ោង 23 និង 30 នាទី នៅ​កម្ពុជា) ថ្ងៃទី 20 មករា។ អនុ​ប្រធានាធិបតី​ជាប់ឆ្នោត Kamala Harris តាម​គម្រោង​នឹង​ជា​អ្នក​ដែល​ត្រូវ​ឡើង​ស្បថ​ចូលកាន់​តំណែង​មុនគេ នៅ​ចំពោះមុខ​ចៅក្រម​តុលាការ​កំពូល លោកស្រី Sonia Sotomayor។

បន្ទាប់មក ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden នឹង​ត្រូវបាន​ប្រធាន​ចៅក្រម​តុលាការ​កំពូល​អាមេរិក ទទួលស្គាល់​ការស្បថ​ចូលកាន់​តំណែង​នៅវេលា​ម៉ោង 12 ថ្ងៃត្រង់។

ប្រធានសភា​ជាន់​ទាប Nancy Pelosi (កណ្ដាល) រួម​នឹង​មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​សភា​ជាន់ខ្ពស់ Mitch McConnell កំពុង​ត្រួតពិនិត្យ​សកម្មភាព​ត្រៀម​នៅក្នុង​ថ្ងៃ​ចុងក្រោយ មុនពេល​ពិធី​ឡើងកាន់តំណែង​ចូលមក​ដល់។

នឹងមាន​ឥស្សរជន​ប្រមាណ 1,000 នាក់ ចូលរួម​ពិធី​ខាងលើ ដែល​ភាគច្រើន​គឺជា​តំណាងរាស្ត្រ និង​ភ្ញៀវសំខាន់ៗរបស់​រដ្ឋាភិបាល​ថ្មី។ នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​កន្លងមក សំបុត្រ​អញ្ជើញ​សរុប​ចំនួន 200,000 សន្លឹក ត្រូវបាន​ផ្ដល់ជូន​ដល់​សមាជិកសភា ប៉ុន្តែ​ឆ្នាំនេះ តំណាងរាស្ត្រម្នាក់ៗ ទទួលបាន​សំបុត្រ​អញ្ជើញ​តែមួយ​សន្លឹក​គត់។

ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​បាន​គណៈ​កម្ម​ធិ​ការរៀបចំ​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី ធ្វើការ​ផ្សាយ​ផ្ទាល់ ខណៈ​ពលរដ្ឋ​អាមេរិក​ត្រូវបាន​ស្នើឱ្យ​នៅផ្ទះ ដោយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ និង​បញ្ហា Covid-19។

ក្រុម​ឆ្មាំ​ការពារជាតិ​ប្រមូល​ផ្ដុំគ្នា​នៅ​កន្លែង​ត្រូវ​រក្សា​សន្តិសុខ​មួយ នៅ​ជិត​វិមាន​សភាជាតិ។ ឆ្មាំ​ការពារជាតិ​ចំនួន 25,000 នាក់ នឹងត្រូវ​បានដាក់​ពង្រាយ​នៅក្នុង​ថ្ងៃទី 20 មករា ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នានា​ផ្នែក​សន្តិសុខ។

របង​បន្លា​លួស និង​ខ្សែ​បន្លា​លួស​ត្រូវបាន​ដំឡើង​នៅ​ជុំវិញ Capitol Hill ខណៈដែល​កងកម្លាំង​អនុវត្ត​ច្បាប់ និង​ឆ្មាំ​ការពារជាតិ​ដើរល្បាត 24/7។

រថយន្ត​អគ្គិភ័យ​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​របាំង​ការពារ​នៅតាម​ដងផ្លូវ​ក្បែរ​ទីតាំង​ប្រារព្ធ​ពិធី​ខាងលើ។ តំបន់​ជុំវិញ Capitol Hill និង​ទីប្រជុំជនធំៗនៅ​កណ្ដាល​ក្រុង​វ៉ា​ស៊ី​ង​តោន សុទ្ធតែ​ត្រូវ​បានដាក់​បម្រាម​គោចរ ឬ​រឹតបន្តឹង​ការធ្វើ​ចរាចរណ៍​របស់​យានយន្ត។

នៅក្នុង​ឧទ្យាន Lafayette ខាងក្រៅ​សេត​វិមាន គេ​ឃើញ​មាន​ពាក្យស្លោក​ជាច្រើន​ដែល​សរសេរ​អបអរ​ពិធី​ឡើងកាន់តំណែង​របស់លោក Biden និង​លោកស្រី Harris ត្រូវ​បានដាក់​បង្ហាញ​ជា​ជួរ និង​ជាច្រើន​ស្រទាប់។

នៅ​ស្លាប​ខាងលិច​នៃ​សេត​វិមាន មាន​ភាពស្ងប់ស្ងាត់ នៅពេល​ប្រធានាធិបតី Donald Trump ស្នាក់នៅ​យប់​ចុងក្រោយ​នៅទីនេះ។ សេត​វិមាន​មិនបាន​ប្រកាស​អំពី​កាលបរិច្ឆេទ​ថ្ងៃ​ចុងក្រោយ​នៃ​អាណត្តិ​របស់លោក Trump ដោយ​​គ្រាន់តែ​ឱ្យដឹងថា លោក​នឹង​ចាកចេញ​នៅវេលា​ម៉ោង 8 ព្រឹក ទៅកាន់ Palm Beach រដ្ឋ Florida។

ព្រឹក​ថ្ងៃទី 20 មករា លោក Trump នឹងធ្វើ​ដំណើរ​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Andrews ក្បែរ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ Marine One ដើម្បី​ចូលរួម​ពិធី​ជូន​ដំណើរ​លាគ្នា​ជា​លើកចុងក្រោយ​របស់​កង​ទ័ព។

ក្រោយមក លោក Trump នឹងធ្វើ​ដំណើរ​មកកាន់​ក្លឹប Mar-a-Lago នៅក្នុង​រដ្ឋ Florida ដែល​ពេលនោះ អាណត្តិ​កាល​ប្រធានាធិបតី​របស់លោក​នឹងត្រូវ​បញ្ចប់​នៅវេលា​ម៉ោង 12 និង 01 នាទី ជា​ពេលដែល​លោក Biden ចូលកាន់​តំណែង។

នៅ​ខាងលើ​ដំបូល​នៃ​អគារ​សេត​វិមាន ក្រុម​បុគ្គលិក​សេវាកម្ម​សម្ងាត់​អាមេរិក ត្រូវបាន​ដាក់ពង្រាយ​ជាមួយនឹង​សព្វាវុធទំនើបៗ ដើម្បី​ការពារ​សន្តិសុខ។ ក្រោយពី​បាន​ស្បថ​ចូលកាន់​តំណែង លោក Biden នឹងត្រូវ​បាន​ក្រុម​កិត្តិយស​ដែល​តំណាងឱ្យ​កងទ័ព​សហរដ្ឋអាមេរិក​ទាំងមូល អមដំណើរ​ចាប់ពី​វិថី 15 Washington ចូលទៅ​កាន់​សេត​វិមាន។

ក្រុមបាតុករ​ប្រឆាំង​លោក Trump ប្រមូលផ្ដុំ​គ្នា​នៅ​ទីប្រជុំជន Black Lives Matter Plaza ខាងមុខ​សេត​វិមាន នៅ​ថ្ងៃ​ចុងក្រោយ​របស់​ប្រធានាធិបតី Donald Trump។ ពួកគេ​កាន់​បដា​ដែលមាន​សរសេរថា «Trump បាន​បរាជ័យ» ឬ «ជញ្ជាំង​កំពុង​រាំងខ្ទប់ Trump»។ល។

ទិដ្ឋភាព​នៃ​ឧទ្យាន​ជាតិ National Mall នៅខាងមុខ​តំបន់ Capitol Hill

ទិដ្ឋភាព​នៅ​ស្ថានីយ​រថភ្លើង Union នាទី​ក្រុង​វ៉ា​ស៊ី​ង​តោន

អ្នកគាំទ្រ​របស់លោក Biden ជិះ​ស្គី​តាម​ដងផ្លូវ​ក្បែរ​សេត​វិមាន

ប្រភព៖ AFP, Reuters

Advertisement