ខាងក្នុង​បន្ទប់​ការិយាល័យ​​​ពង​ក្រពើ​​របស់​​ប្រធានាធិបតី​អាមេរិក Joe Biden ​មាន​អ្វី​ខ្លះ​?

សារព័ត៌មាន Washington Post បានចេញ​ផ្សាយ​ថា ការិយាល័យ​រាង​ពងក្រពើ​គឺជា​និមិត្តរូប​នៃ​អំណាច​របស់​ប្រធានាធិបតី​អាមេរិក។ នៅពេល​ក្លាយជា​ម្ចាស់​សេត​វិមាន ប្រធានាធិបតីនីមួយៗ តែងតែ​ស្នើឱ្យ​មានការ​តុបតែង​កា​រិ​យា​ល័យ​នេះ​ទៅតាម​ចំណូលចិត្ត​របស់ខ្លួន​ដើម្បី​បង្ហាញ​អំពី​ភាព​ដោយឡែក និង​របៀប​នៃ​ការដឹកនាំ។

សម្រាប់​លោក Joe Biden វិញ លោក​បាន​ស្នើឱ្យ​ដាក់តាំង​រូបភាព និង​រូបចម្លាក់​នានា​រប​ស់បុ​គ្គល​ល្បីឈ្មោះ​ជាច្រើនរូប​របស់​សហរ​ដ្ឋ​អាមេរិក នៅក្នុង​ការិយាល័យ​ពងក្រពើ (Oval Office) នេះ។

កម្រាល​ព្រំ​ថ្មី​នៅក្នុង​បន្ទប់ការិយាល័យ​របស់​ប្រធានាធិបតី​​ Joe Biden

អ្វី​ដែលជា​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​ការិយាល័យ​នេះ នោះ​គឺ​រូបភាព​ទំហំ​ធំ​របស់​ប្រធានាធិបតី​ទី 32 ឈ្មោះ Franklin Delano Roosevelt ដែល​ត្រូវបាន​ដាក់តាំង​នៅក្បែរ​តុ Resolute របស់​ប្រធានាធិបតី។ Franklin Delano Roosevelt គឺជា​ប្រធានាធិបតី​ដែល​បាន​ជួយ​ឱ្យ​សហរដ្ឋ​អា​មេ​រក ឆ្លង​ផុតពី​វិបត្តិ​ដ៏​ធំ ដែល​ដូច​ទៅនឹង​ឧបសគ្គ​ដែល​លោក Biden កំពុង​ជួបប្រទះ។

រូបថត​មួយចំនួន​ត្រូវបាន​ព្យួរ​ជា​គូ ដូចជា រូបថត​របស់​ប្រធានាធិបតី​ទី 3 Thomas Jefferson និង​រូប​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Alexander Hamilton ជាដើម ដែលជា​បុគ្គល​មិនសូវ​ចុះសម្រុង​នឹង​គ្នា ដែល​នេះ​បង្ហាញ​អំពី​ផលប្រយោជន៍​ដែល​បានមកពី​ការយល់ឃើញ​ផ្ទុយគ្នា។ ការិយាល័យ​របស់​ប្រធានាធិបតី Biden ឱ្យដឹងថា ការដែល​រូបថត​ត្រូវបាន​ដាក់តាំង​ជា​គូ​បែបនេះ​គឺ​ដើម្បី​បញ្ជាក់ និង​សង្កត់ធ្ងន់ថា ភាពខុសគ្នា​នៅក្នុង​ការយល់ឃើញ​គឺជា​ប្រការ​ដ៏​ចាំបាច់​នៃ​លទ្ធិប្រជាធិបតេយ្យ។

រូប​របស់​បុគ្គល​ល្បី​ៗ​ដែល​ត្រូវ​បាន​ដាក់​តាំង​ជា​គូ

ក្រៅពី​រូបថត​នានា ការិយាល័យ​ពងក្រពើ​នេះ​ក៏មាន​តាំង​រូបចម្លាក់​ពាក់កណ្ដាល់​ខ្លួន​ជាច្រើន​ផងដែរ ក្នុងនោះ​ក៏មាន​រូបចម្លាក់​របស់ Martin Luther King និង Robert F. Kennedy ដែល​ត្រូវ​បានដាក់​នៅក្បែរ​ម៉ាស៊ីនកម្ដៅ។ លោក Biden តែងតែ​រំលឹក​ដល់​បុគ្គល​ទាំងពីរ​រូបនេះ នៅពេល​លោក​និយាយ​ដល់​សិទ្ធិ​ពលរដ្ឋ។

រូបភាព​របស់ Benjamin Franklin នៅក្នុង​ការិយាល័យ​នេះ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​ប​ស់លោក Biden នៅក្នុង​ការដើរតាម​មា​គ៌ា​វិទ្យាសាស្ត្រ។ រូបភាព​នេះ​ត្រូវបាន​ដាក់តាំង​នៅក្បែរ​ដុំថ្ម​របស់​ឋាន​ព្រះ​ចន្ទ​ដែល​ស្ថិតនៅលើ​ធ្នើរ​សៀវភៅ ក្នុង​បំណង​រំលឹក​ដល់​ប្រជាជន​អាមេរិកាំង​អំពី​មហិច្ឆតា និង​សមិទ្ធផល​របស់​មនុស្ស​ជំនាន់​មុន។

រូប​ចម្លាក់​របស់​សកម្ម​ជន​សិទ្ធិ​ពលរដ្ឋ Cesar Chavez និង​រូប​ថត​ឯក​ជន​របស់​លោក Biden

គ្រឿងសង្ហារិម​ក្នុង​ការិយាល័យ​ប្រធានាធិបតី ត្រូវបាន​ប្ដូរ​នៅក្នុង​ថ្ងៃ​ចូលកាន់​តំណែង​ដំបូង​របស់លោក Biden។ ទង់ជ័យ​របស់​កងទ័ព​អាមេរិក​ដែល​លោក Trump ដាក់​តាំងនៅ​ខាងក្រោយ​តុ​ប្រធានាធិបតី ត្រូវបាន​ដកចេញ និង​ជំនួស​ដោយ​ទង់ជាតិ​អាមេរិក និង​ទង់​ដែលមាន​រូប​ត្រា​ប្រធានាធិបតី។

រូប​ចម្លាក់​របស់​លោក Martin Luther King

រូបភាព​របស់​ប្រធានាធិបតី Andrew Jackson ដែល​លោក Trump បាន​តាំង ក៏ត្រូវ​បាន​យកចេញ។ លោក Trump និង​លោក Jackson សុទ្ធតែជា​អ្នកដើរ​តាម​មាគ៌ា​ប្រជា​និយម។ លោក Andrew Jackson គឺជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​ត្រូវបាន​បោះឆ្នោត​ផ្ទាល់ ហើយ​លោក​ក៏​ជា​អ្នក​ដែល​បានស្នើ​ឱ្យ​លុបបំបាត់​របប​ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត (ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត​គឺជា​ក្រុមតំណាងរាស្ត្រ​ដែល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់ បន្ទាប់ពី​ការបោះឆ្នោត​ពី​ពលរដ្ឋ​ទូទៅ) ផងដែរ។

ក្នុង​ការិយាល័យ​ពងក្រពើ​នេះ មាន​វត្ថុ​មួយ​ដែល​មិន​ត្រូវបាន​ប្ដូរផ្លាស់ នោះ​គឺ​តុ Resolute របស់​ប្រធានាធិបតី។ តុ​នេះ​សុទ្ធតែ​ត្រូវបាន​ប្រធានាធិបតីមុនៗប្រើប្រាស់ រួមទាំង​លោក Trump ផងដែរ។

ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden

នៅលើ​តុ​នេះ ក្នុង​ថ្ងៃ​ចូលធ្វើការ​ដំបូង លោក Biden បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ចំនួន 15 ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​មួយចំនួន ដូចជា បញ្ហា Covid-19 បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​រើសអើង​ពូជសាសន៍ រួម​នឹង​ការលុបចោល​គោលនយោបាយ​មួយចំនួន​ដែល​ត្រូវបាន​អតីត​ប្រធានាធិបតី Donald Trump ដាក់ចេញ៕

ប្រភព៖ Washington Post

Advertisement