ឆេះ​រោងចក្រ​ផលិត​វ៉ាក់សាំង​ធំជាងគេ​ក្នុង​ពិភពលោក! មនុស្ស 5នាក់​បាត់​បង់ជីវិត

អណ្ដាតភ្លើង​បាន​ឆាបឆេះ​នៅក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ក្នុង​រដ្ឋ Maharashtra ជា​កន្លែង​ដែល​កំពុង​ផលិត​វ៉ាក់សាំង Covid-19 រាប់លាន​ដូ​ស បណ្ដាលឱ្យ​មនុស្ស 5 នាក់​បាន​ស្លាប់។

រូបភាព​នៅលើ​កញ្ចក់​ទូរទស្សន៍​បង្ហាញថា ផ្សែង​ខ្មួលខ្មាញ់​បាញ់​ចេញពី​អគារ​មួយ​នៃ​វិទ្យាស្ថាន Serum ផលិត​វ៉ាក់សាំង នៅ​ទីក្រុង Pune រដ្ឋ Maharashtra ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​កាលពី​ល្ងាច​ថ្ងៃទី 21 មករា។ អណ្ដាតភ្លើង​បាន​ឆាបឆេះ​នៅក្នុង​ទីតាំង​ដែល​កំពុង​សាងសង់​លើ​ផ្ទៃដី​ទំហំ 40 ហិកតា។

សេចក្ដីរាយការណ៍​បានឱ្យដឹងថា តំបន់​ដែល​រង​អគ្គិភ័យ​នេះ មាន​ចម្ងាយ​ពី​ទីតាំង​ផលិត​វ៉ាក់សាំង Covid-19 ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បើ​ធ្វើដំណើរ​តាម​រថយន្ត។ មាន​អគារ​ចំនួន 9 ដែល​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​តំបន់​ដែលមាន​អគ្គិភ័យ ដើម្បី​បង្កើន​ផលិតភាព​ក្នុង​ការផលិត​វ៉ាក់សាំង។

Murlidhar Mohol អភិបាលក្រុង Pune បានឱ្យដឹងថា «មនុស្ស 5 នាក់់​បាន​បាត់​បង់ជីវិត។ សាកសព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​រកឃើញ​បន្ទាប់ពី​អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង។

បច្ចុប្បន្ន គេ​មិនទាន់​រកឃើញ​មូលហេតុ​ដែលនាំឱ្យ​មាន​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​នៅឡើយ។

វិទ្យាស្ថាន Serum ឥណ្ឌា (SII) ជាទី​តាំង​ផលិត​វ៉ាក់សាំង​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក កំពុង​ផលិត​វ៉ាក់សាំង Covishield ប្រឆាំង Covid-19 រាប់លាន​ដូ​ស ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford។ ភាគី​ក្រុមហ៊ុន​បាន​អះអាងថា អគ្គិភ័យ​នេះ​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការផលិត​វ៉ាក់សាំង​នោះទេ។

វិទ្យាស្ថាន Serum របស់​ឥណ្ឌា ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1966 ដោយ​លោក Cyrus Poonawalla។ វិទ្យាស្ថាន​នេះ​ផលិត​វ៉ាក់សាំង​ចំនួន 1.5 ពាន់​លាន​ដូ​ស​ជា​រៀងរាល់ឆ្នាំ រួមមាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ស្វិតដៃជើង រលាក​ថ្លើម​ប្រភេទ B ជំងឺ​ក​ញ្ជ្រិ​ល។ល។ វ៉ាក់សាំង​របស់ SII ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ជាង 170 នៅ​ទូទាំង​ពិភពលោក។

វិទ្យាស្ថាន​ខាងលើ​ក៏មាន​គម្រោង​ផ្គត់ផ្គង់​វ៉ាក់សាំង Covid-19 ដែល​ស្ថិតក្នុង​កម្មវិធី Covax ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ប្រមូល​ទិញ និង​ចែកចាយ​វ៉ាក់សាំង Covid-19 ទៅឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ​ផងដែរ៕

ប្រភព៖ AFP

Advertisement