អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើង ភៀសខ្លួន​ចូល​ទឹកដី​កូរ៉េខាងត្បូង

អ្នកការទូត​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង ដែល​ធ្លាប់​កាន់តំណែង​ឯកអគ្គរដ្ឋទូត​ស្ដីទី​ប្រចាំ​ប្រទេស​គុយ​វ៉ែត បាន​ភៀសខ្លួន​ចូល​ទឹកដី​កូរ៉េខាងត្បូង​ជាមួយនឹង​គ្រួសារ​កាលពី​ឆ្នាំ 2019 ប៉ុន្តែ ទើបតែ​ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពីពេលថ្មីៗនេះ។

Ryu Hyun-woo ភៀសខ្លួន​មកកាន់​កូរ៉េខាងត្បូង​កាល​ខែកញ្ញា ឆ្នាំ 2019 និង​បាន​សុំ​សិទ្ធិ​ជ្រកកោន​ក្នុងប្រទេស​នេះ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវបាន​គេ​លាក់បាំង​រហូតដល់​បច្ចុប្បន្ន នេះ​បើតាម Maeil Business ជាទី​ភ្នា​ក់​សារព័ត៌មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​កូរ៉េខាងត្បូង ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មករា ឆ្នាំ 2021។ «ខ្ញុំ​សម្រេចចិត្ត​ភៀសខ្លួន​គឺ​ដោយសារ​ចង់​នាំមក​នូវ​អនាគត​ល្អប្រសើរ​សម្រាប់កូន» លោក Ryu Hyun-woo ថ្លែង​ដូច្នេះ។

Ryu Hyun-woo បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​ស្ដីទី​របស់​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​គុយ​វ៉ែត​នៅ​ខែកញ្ញា ឆ្នាំ 2017 បន្ទាប់ពី​គុយ​វ៉ែត​បាន​បណ្ដេញ​ប្រេសិត​ពិសេស So Chang-sik។ ការបណ្ដេញចេញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​គុយ​វ៉ែត​អនុម័ត​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ស្ដីអំពី​កម្មវិធី​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង។

យោងតាម​សារព័ត៌មាន Maeil Business លោក Ryu Hyun-woo គឺជា​កូនប្រសា​របស់ Jon Il-chun អតីត​មេដឹកនាំ​ការិយាល័យ 39 ដែលជា​អង្គភាព​គ្រប់គ្រង​មូលនិធិ​សម្ងាត់​របស់​ក្រុម​មេដឹកនាំ​កូរ៉េខាងជើង។

លោក Thae Yong-ho អតីតឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំអង់គ្លេសដែលបានភៀសខ្លួនចូលកូរ៉េខាងត្បូងកាលពីឆ្នាំ 2016

Thae Yong-ho អតីត​ឯកអគ្គរដ្ឋទូត​រងរ​បស់​កូរ៉េខាងជើង​ប្រចាំ​អង់គ្លេស​ដែល​បាន​ភៀសខ្លួន​ចូល​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ 2016 និង​ត្រូវបាន​បោះឆ្នោត​ជា​តំណាងរាស្ត្រ​បក្សប្រឆាំង​កាលពី​ឆ្នាំទៅ បាន​អធិប្បាយ​ថា លោក Ryu Hyun-woo គឺជា​ផ្នែក​មួយ​នៃ «ស្នូល​សំខាន់» របស់​ទីក្រុង​ព្យុងយ៉ាង។ «បើទោះជា​ជីវភាព​របស់​អ្នកមាន​សិទ្ធិ​ពិសេស​យ៉ាងណាក៏ដោយ​នៅ​កូរ៉េខាងជើង គំនិត​របស់​អ្នកនឹង​ផ្លាស់ប្ដូរ​នៅពេល​អ្នក​ចេញទៅ​បរទេស និង​ចាប់​ផ្ដើមធ្វើ​ការប្រៀបធៀប» លោក Thae បញ្ជាក់។

ជនជាតិ​កូរ៉េខាងជើង​ប្រមាណ​ជា 30,000 នាក់ ត្រូវបាន​គេ​ជឿថា បាន​ភៀសខ្លួន​ចូល​ទឹកដី​កូរ៉េខាងត្បូង។ ការដែល​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ភៀសខ្លួន​ពី​ទឹកដី​គឺជា​រឿង​កម្រ បើ​ទោះ​ការ​ភៀសខ្លួន​របស់ Ryu ត្រូវបាន​ធ្វើឡើង​ក្រោយ​ការ​ភៀសខ្លួន​របស់​អតីត​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អ៊ីតាលី Jo Song-gil ដែល​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ទីក្រុង​សេ​អ៊ូ​ល ត្រឹមតែ​រយៈពេល 2 ខែ​ក៏ដោយ។

កូរ៉េខាងជើង​បាន​រឹតបន្តឹង​សន្តិសុខ​នៅតាម​បន្ទាត់​ព្រំដែន​ដើម្បី​ទប់ស្កាត់ Covid-19 នាំឱ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​ចូលមក​កាន់​កូរ៉េខាងត្បូង​ត្រូវ​ថយចុះ​ច្រើន​ក្នុង​ឆ្នាំ 2020។ ទំនាក់ទំនង​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​នេះ បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​ជាប់គាំង បន្ទាប់ពី​ការខិតខំ​ចរចា​មិនបាន​នាំមក​នូវ​លទ្ធផល​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕

ប្រភព៖ AFP

Advertisement