ទាហាន​ឥ​ណ្ឌ – ចិន វាយតប់​គ្នា​នៅ​ព្រំដែន​ទៀតហើយ!

ទាហាន​ការ​ពារ​ព្រំដែន​របស់​ចិន​ ដើរ​ល្បាត​​នៅ​ក្នុង​តំបន់​ទីបី​ ក្បែរ​ព្រំ​ដែន​នឹង​ឥណ្ឌា​កាល​ពី​ឆ្នាំ 2020

ទាហាន​របស់​កងទ័ព​ឥណ្ឌា និង​ចិន បន្ត​វាយតប់​គ្នា​នៅ​តំបន់​ព្រំដែន​កំពុងមាន​ជម្លោះ ស្ថិតនៅលើ​ជួរ​ភ្នំ​​ហិម​ពាន្ត ​(ហិមាល័យ/​Himalaya)​ បណ្ដាល​ឱ្យ​ទាហាន​ពីរ​នាក់​រងរបួស។

មន្ត្រី​ឥណ្ឌា​ថ្ងៃនេះ​បានឱ្យដឹងថា ករណី​វាយតប់​គ្នា​ថ្មី​នេះ​បាន​កើតឡើង​នៅក្នុង​ថ្ងៃទី 20 មករា នៅ Naku La រដ្ឋ Sikkim ខណៈដែល​ទាហាន​ល្បាត​មួយក្រុម​របស់​ចិន ព្យាយាម​ដើរចូល​ក្នុង​ទឹកដី​របស់​ឥណ្ឌា រួច​ក៏ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ទៅវិញ។ តំបន់ Naku La ស្ថិតនៅ​ចន្លោះ​រដ្ឋ Sikkim របស់​ឥណ្ឌា និង​តំបន់ ទី​បី (Tibet) របស់​ចិន។

ក្រុមមន្ត្រី​ឥណ្ឌា​បាន​បញ្ជាក់ថា ករណី​វាយតប់​គ្នា​នេះ​ត្រូវបាន​ដោះស្រាយ​រួចរាល់​នៅក្នុង​យប់​ដដែល​នោះ ខណៈដែល​ភាគី​ទាំងសងខាង​សុទ្ធ​តែមាន​អ្នករងរបួស។

ចំណែក​ភាគី​ប្រទេស​ចិន​វិញ មកដល់​បច្ចុប្បន្ន​មិនទាន់​មានការ​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​នេះ​នៅឡើយ។

ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​ឥណ្ឌា និង​ចិន បានអូសបន្លាយ​ពេល​អ​ស់ 7 ទសវត្សរ៍​មកហើយ។ ភាគី​ទាំងពីរ​ធ្លាប់បាន​វាយ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​រយៈពេល​ខ្លី​កាលពី​ឆ្នាំ 1962។

ក្រោយ​ភាព​តានតឹង​នៅ​ខ្ពង់រាប Doklam នា​ឆ្នាំ 2017 ស្ថានភាព​នៅ​តំបន់​មាន​ជម្លោះ​ក៏បាន​ស្ងប់ស្ងាត់ ប៉ុន្តែ ភាព​តានតឹង​បាន​កើនឡើង​ខ្ពស់​នាំឱ្យ​មានការ​វាយតប់​គ្នា​ជា​ក្រុម​កាលពី​ខែឧសភា ឆ្នាំ 2020។ មកដល់​ខែមិថុនា ឆ្នាំ 2020 ក៏​ស្រាប់​តែមាន​ករណី​វាយតប់​គ្នា​ទៀត​រវាង​ទាហាន​ចិន និង​ឥណ្ឌា នៅ​ជ្រលង​ភ្នំ Galwan បណ្ដាលឱ្យ​ទាហាន​ឥណ្ឌា 20 នាក់​បាន​ស្លាប់ និង​ទាហាន​ចិន​ជាច្រើន​នាក់​ត្រូវស្លាប់ និងរ​ងរ​បូស។ ក្រោយមក​ក៏មាន​ករណី​វាយតប់​គ្នា​ទ្រង់ទ្រាយ​តូច​កើត​ឡើងជា​បន្តបន្ទាប់។

ការ​វាយតប់​គ្នា​ជាច្រើនលើក បានធ្វើ​ឱ្យមាន​បាតុកម្ម​ប្រឆាំងនឹង​ផលិតផល និង​កម្មវិធី​ទូរស័ព្ទ​របស់​ចិន​នៅ​ឥណ្ឌា​ផងដែរ។ ទាំង​ចិន ទាំង​ឥណ្ឌា សុទ្ធតែ​កំពុង​បង្កើន​កម្លាំង​ទ័ព​នៅក្បែរ​ព្រំដែនរៀងៗខ្លួន ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ករណី​មាន​សង្គ្រាម ឬ​ការផ្ទុះអាវុធ​ដាក់គ្នា​កើតឡើង។

ភាគី​ទាំង​ពីរបាន​ចរចា​គ្នា​ជាច្រើនលើក​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ព្រំដែន ក្នុងនោះ​ការចរចា​កាលពី​ថ្ងៃទី 24 មករា បាន​ជួយ​កាត់បន្ថយ​ភាព​តានតឹង​បាន​មួយកម្រិត ប៉ុន្តែ​ពុំទាន់​មានការ​បញ្ចេញ​ឱ្យដឹង​អំពី​លទ្ធផល​ជាក់លាក់​នៃ​ការជួប​ចរចា​នោះ​​នៅ​ឡើយ៕

ប្រភព៖ AFP

Advertisement