រកឃើញ​ប្រព័ន្ធ​ផ្កាយ​ដែលមាន​ព្រះអាទិត្យ​ចំនួន 6 ដួង នៅក្នុង​កាឡាក់ស៊ី Milky Way

ប្រព័ន្ធ​ផ្កាយ TIC 168789840 ដូច​ទៅ​នឹង​ប្រព័ន្ធ​ផ្កាយ​ Castor

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រព័ន្ធ​តារា​មួយ​ដែលមាន​ផ្កាយ​ចំនួន​ដល់​ទៅ 6 ដួង វិលជុំ​វិញ​គ្នា នៅក្នុង​កាឡាក់ស៊ី Milky Way ដែលមាន​ចម្ងាយ​ប្រមាណ 2,000 ឆ្នាំ​ពន្លឺ​ពី​ផែនដី។

ទស្សនាវដ្ដី arXiv កាលពី​ថ្ងៃទី 12 មករា បាន​ចុះផ្សាយ​ថា ប្រព័ន្ធ​ផ្កាយ​ដែលមាន​ឈ្មោះថា TIC 168789840 នេះ ត្រូវបាន​រកឃើញ​ដោយ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ដោយ​យោងទៅលើ​ទិន្នន័យ​ពី TESS ដែលជា​ផ្កាយរណប​ជំនាញ​ខាង​រុករក​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។

ប្រព័ន្ធ​ផ្កាយ TIC 168789840 នេះ មាន​ព្រះអាទិត្យ ឬ​ផ្កាយ​ចំនួន 6 ដួង ដែល​វិល​ជុំវិញ​គ្នា។ បើសិនជា​គេ​ពិនិត្យមើល​ដោយ​ប្រើ​កែវយឹត​ធម្មតា​ពី​ផែនដី គេ​នឹង​គ្រាន់តែ​ឃើញថា ប្រព័ន្ធ​ផ្កាយ​នេះ មាន​សភាព​ដូច​ទៅនឹង​ផ្កាយ 1 ដូង​នៅលើ​មេឃ​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដោយសារតែ​ពន្លឺ​របស់​វា​មានការ​ប្រែប្រួល​ខុសធម្មតា ទើប​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​តេ​ឡេ​ស្កុប​របស់​ផ្កាយរណប TESS ដើម្បី​សង្កេត​បន្ថែម ហើយ​ក៏បាន​រកឃើញថា តាមពិត វា​គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ដែលមាន​ព្រះអាទិត្យ​ដោយឡែក​ចំនួន 6 ដួង។

NASA បាន​បកស្រាយ​ថា ព្រះអាទិត្យ​ចំនួន 6 ដួង​របស់ TIC 168789840 នេះ វិលជុំ​វិញ​គ្នា​នៅលើ​ផ្ទៃ​ដែល​រាប់ស្មើ​ដូច​ថាស និង​ចំហៀង​របស់​វា​បែរ​ត្រង់​មករក​ផែនដី ដូច្នេះ នៅពេល​មាន​ផ្កាយ​ណាមួយ​ក្នុង​ប្រព័ន្ធ​នេះ គោចរ​ឆ្លងកាត់​ពីមុខ​ផ្កាយ​មួយទៀត នោះ​វា​នឹង​បង្កើតបានជា​បាតុភូត​សូរ្យគ្រាស ធ្វើឱ្យ​ពន្លឺ​របស់​ប្រព័ន្ធ​ផ្កាយ​ត្រូវ​ថយចុះ។

TIC 168789840 មិនមែនជា​ប្រព័ន្ធ​ផ្កាយ​ដែលមាន​ព្រះអាទិត្យ​ចំនួន 6 តែមួយគត់​ក្នុង​កាឡាក់ស៊ី Milky Way នោះទេ តែ​វា​ស្រដៀង​នឹង​ប្រព័ន្ធ​ផ្កាយ Castor មាន​ចម្ងាយ 51 ឆ្នាំ​ពន្លឺ​ពី​ផែនដី ដែល​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 1920។

ប្រព័ន្ធ​ផ្កាយ​ Castor

ជាក់ស្ដែង ព័ន្ធ​ផ្កាយ​នេះ​វិល​ជុំវិញ​គ្នា​ជា​គូ ដោយ​ក្នុងនោះ គូ​ទីមួយ និង​គូ​ទី​ពីរ (ដូច​ទៅនឹង Castor A និង A) ភ្ជាប់​ជាមួយគ្នា​យ៉ាង​ម៉ត់ចត់ ហើយ​ដើម្បី​វិល​បាន​មួយ​ជុំ​លើ​គន្លង​គោល​ពីរ​នេះ ផ្កាយ​មួយ​ដួង​ស៊ីពេល​អស់ 31 ម៉ោង ខណៈ​ផ្កាយ​មួយ​ដួង​ទៀត​ចំណាយ​អស់ 38 ម៉ោង។ ប្រព័ន្ធ​ផ្កាយ​ទាំងពីរ​គូ​នេះ ក៏​វិល​ជុំវិញ​ចំណុចកណ្ដាល​រួមមួយ​ដែល​ធំ​ជាង​គន្លង​​គោចរ​​ដោយ​ឡែក​​របស់​​ពួក​វា ​ដោយ​ត្រូវ​ចំណាយពេល 3.7 ឆ្នាំ ទើប​គោចរ​បាន​មួយ​ជុំ។

ចំណែក​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ទី​បី (ដូច​ទៅនឹង Castor C) ត្រូវ​ចំណាយពេល​អស់ 2,000 ឆ្នាំ ឬ​យូរ​ជាង​នេះ ទើប​ធ្វើដំណើរ​បាន​មួយ​ជុំ​នៃ​គន្លង​គោចរ​ធំជាងគេ​របស់​ប្រព័ន្ធ​ផ្កាយ TIC 168789840 នេះ។ ផ្កាយ 2 ដូង​នៅក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ទី​បី​នេះ វិលជុំ​វិញ​គ្នា​លើ​គន្លង​គោចរ​ដែលមាន​គោលរៀងៗខ្លួន និង​ត្រូវ​ចំណាយពេល 129 ម៉ោង​ទើប​វិល​បាន​មួយ​ជុំ។

យ៉ាងនេះ​ក្ដី ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនបាន​យល់ច្បាស់​អំពី​ប្រភព ឬ​វិធី​ចាប់កំណើត​របស់​ប្រព័ន្ធ​ផ្កាយ TIC 168789840 នេះ​នៅឡើយ៕

ប្រភព៖ Live Science

Advertisement