យន្តហោះ​ស៊ើបការណ៍​អាមេរិក-ចិន ប្រឈមមុខ​ដាក់គ្នា​នៅក្បែរ​កោះ​តៃវ៉ាន់

យន្តហោះឈ្លបយកការណ៍ EP-3E របស់សហរដ្ឋអាមេរិក (ឆ្វេង) និង Y-8G របស់ប្រទេសចិន (ស្ដាំ)

យន្តហោះ​ឈ្លបយកការណ៍ EP-3E របស់​សហរដ្ឋអាមេរិក និង Y-8G របស់​ប្រទេស​ចិន បាន​ហោះ​ទន្ទឹមគ្នា​នៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់ ដែល​នេះ​គឺជា​ឥរិយាបថ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

ទំព័រ Aircraft Spots ដែលមាន​ជំនាញ​ខាង​តាមដាន​ជើងហោះហើរ បានឱ្យដឹងថា យន្តហោះ​ឈ្លបយកការណ៍​យុទ្ធសាស្ត្រ​ដែល​បំពាក់​ឧបករណ៍​បច្ចេកវិទ្យាទំនើបៗ និង​អាច​ចូលរួម​ក្នុង​សង្គ្រាម​អេឡិចត្រូនិក EP-3E ដែលមាន​លេខ​សម្គាល់ 156528 របស់​កងទ័ពជើងទឹក​អាមេរិក និង​យន្តហោះ​ស៊ើបការណ៍​រលកសញ្ញា Y-8G ដែលមាន​លេខ​សម្គាល់ 30518 របស់​ទ័ពអាកាស​ចិន បាន​ប្រឈមមុខ​ដាក់គ្នា​នៅវេលា​ម៉ោង 11 និង 4 នាទី ក្នុង​ថ្ងៃទី 26 មករា​កន្លងទៅ។

យន្តហោះ Y-8G ហោះ​នៅលើ​គន្លង​ដែល​យន្តហោះ​ចម្បាំង​ចិន​ធ្លាប់បាន​ហោះហើរ​ស្ទើរតែ​រាល់ថ្ងៃ​នៅ​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់ ដែល​ស្ថិតក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់​កោះ​នេះ។ ប្រការ​ដែល​ខុសប្លែក​ពី​សព្វមួយដង​នោះ​គឺថា ផ្លូវ​ហោះហើរ​នេះ​មាន​លក្ខណ​ទន្ទឹមគ្នា ប៉ុន្តែ​បញ្ច្រាស​ទិញ​គ្នា នៅក្នុង​គម្លាត​យ៉ាង​ជិត​ទៅនឹង​យន្តហោះ EP-3E របស់​អាមេរិក។

យន្តហោះ​ស៊ើបការណ៍​របស់​អាមេរិក និង​ចិន តែងតែ​ហោះចូល​ទៅកាន់​តំបន់ ADIZ របស់​តៃវ៉ាន់ នៅពេល​បំពេញភារកិច្ច ប៉ុន្តែ​កន្លងមក សុទ្ធតែ​ហោះហើរ​ឆ្ងាយ​ពីគ្នា និង​មិនដែល​ហោះ​ទន្ទឹមគ្នា​ក្នុង​គម្លាត​ជិត​យ៉ាងនេះ។

ក្រុមអ្នកតាមដាន​យល់ថា នេះ​អាចជា​យុទ្ធសាស្ត្រ​ថ្មី​របស់​កងទ័ព​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក Joe Biden ក្នុង​បំណង​កំញើញ​ដល់​យន្តហោះ​ចម្បាំង​ចិន​ដែល​ហោះ​កៀក​កោះ​តៃវ៉ាន់។

ហេតុការណ៍​នេះ​បានកើត​ឡើង​ស្រប​ពេលដែល​គោលនយោបាយ​របស់​ប្រធានាធិបតី Biden ជាមួយនឹង​តៃវ៉ាន់ មិនទាន់មាន​ភាពច្បាស់​លាស់ ប៉ុន្តែ រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក ទំនងជា​នឹង​បន្ត​អនុវត្ត​វិធានការ​តឹងរ៉ឹង​ចំពោះ​ចិន ដូច​ទៅនឹង​រដ្ឋាភិបាល​របស់​លោក Trump។

ប្រទេស​ចិន កាលពីដើម​សប្ដាហ៍​នេះ​បាន​បញ្ជូន​យន្តហោះ​រាប់សិប​គ្រឿង រួមមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង ហោះ​ចូលមក​ក្បែរ​កោះ​តៃវ៉ាន់ ក្នុងអំឡុង​ពីរ​ថ្ងៃជាប់ៗគ្នា ក្នុង​គ្រា​ដែល​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Theodore Roosevelt របស់​អាមេរិក ធ្វើដំណើរ​ចូលមក​កាន់​សមុទ្រ​ចិន​ខាងត្បូង។

ប្រទេស​ចិន​តែងតែ​ចាត់ទុកថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​កំពុង​រង់ចាំ​ការបង្រួបបង្រួម។ ទីក្រុង​ប៉េកាំង បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង ហោះ​លើ​ដែនអាកាស​ភាគខាងត្បូង​របស់​តៃវ៉ាន់​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ ក្នុងសម័យ​ប្រធានាធិបតី Donald Trump ទំនាក់ទំនង​រវាង​អាមេរិក ជាមួយនឹង​តៃវ៉ាន់ កាន់តែ​កក់ក្ដៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខណៈដែល​ទំនាក់ទំនង​រវាង​អាមេរិក-ចិន ឬ​ចិន-តៃវ៉ាន់ តែងតែមាន​ភាព​តានតឹង​ខ្លាំងឡើង៕

ប្រភព៖ Taiwan News

Advertisement