ពលរដ្ឋ​មី​យ៉ាន​ម៉ា នាំគ្នា​សម្រុក​ទៅ​ដក​ប្រាក់​ពី ATM ក្រោយ «រដ្ឋប្រហារ» របស់​កង​ទ័ព​

ផ្លូវ​នានា​ក្នុង​ទីក្រុង Yangon មាន​សភាព​ស្ងប់ស្ងាត់ ក្រោយពី​កងទ័ព​បាន​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​រប​ស់លោក​ស្រី Aung San Suu Kyi ខណៈដែល​ប្រជាជន​ជាច្រើន​នាំគ្នា​សម្រុក​ទៅ​ដក​ប្រាក់​ពី​ទូ ATM មុនពេល​ធនាគារ​ផ្អាក​ដំណើរការ។

«ផ្លូវ​ក្នុង​រដ្ឋធានី Yangon នៅ​រៀងរាល់​ព្រឹក​ដើម​សប្ដាហ៍ តែងតែមាន​មនុស្ស​អ៊ូអរ ប៉ុន្តែ​ពេលនេះ​មាន​សភាព​ស្ងាត់ជ្រងំ ដោយ​សារ​​មនុស្សម្នា​ខ្លាច មិន​ហ៊ាន​ចេញពីផ្ទះ ក៏ប៉ុន្តែ នៅតែមាន​ពលរដ្ឋ​ជាច្រើន​នាំគ្នា​ចេញទៅ​កាន់​ទូ ATM ដើម្បី​ដក​ប្រាក់»​ ​អ្នក​យក​ព័ត៌មាន​ May Wong របស់​ទីភ្នាក់ងារសារព័ត៌មាន CNA បានឱ្យដឹង​ដូច្នេះ​នា​ព្រឹក​ថ្ងៃទី 1 ខែកុម្ភៈ​នេះ។

សកម្មភាព​ខាងលើនេះ​បាន​កើតឡើង​បន្ទាប់ពី​កងទ័ព​មី​យ៉ាន​ម៉ា ប្រកាសថា បាន​ចាប់ខ្លួន​ទីប្រឹក្សា​ជាតិ លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint រួម​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​របស់​បក្ស​កាន់អំណាច។ កងទ័ព​ក៏បាន​ប្រកាស​ដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន ដើម្បី​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​មួយឆ្នាំ។

ពលរដ្ឋមីយ៉ានម៉ា នាំគ្នាសម្រុកទៅដកប្រាក់ពី ATM ក្រោយ «រដ្ឋប្រហារ»

ក្រោយពី​ការចាប់ខ្លួន​ខាងលើ សហគមន៍​អន្តរជាតិ ពិសេស​គឺ​ក្រុម​ប្រទេស​លោកខាងលិច បាន​ហៅ​ទង្វើ​នេះ​ថា​ជាការ​ខិតខំ​ដើម្បី​ធ្វើ​រដ្ឋប្រហារ​របស់​កង​ទ័ព ហើយ​បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​យោធា​ប្រទេស​នេះ ត្រលប់​មករក​ស្ថានភាព​ដើម។

បន្ទាប់មក សមាគម​ធនាគារ​មី​យ៉ាន​ម៉ា បានចេញ​សេចក្ដីប្រកាស​មួយ​បញ្ជាក់ថា ធនាគារ​ទាំងអស់​នឹង​ផ្អាក​ដំណើរ​ការ​​បណ្ដោះ​អាសន្ន​ ដោយ​មិនបាន​លើកឡើង​អំពី​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការ​ដំណើរការ​ឡើងវិញ​នោះទេ៕

ប្រភព៖ CNA

Advertisement