វិវឌ្ឍន៍​​​រយៈពេល 10 នៃ​នយោបាយ​មី​យ៉ាន​ម៉ា មុន​កងទ័ព​វិល​ចូលកាន់​អំណាចនៅ​ថ្ងៃ​នេះ​

កងទ័ព​ភូមា ឬ​មី​យ៉ាន​ម៉ា បាន​ចាប់ខ្លួន​ទីប្រឹក្សា​ជាតិ លោកស្រី Suu Kyi និង​បានធ្វើ​រដ្ឋប្រហារ ក្រោយពី​បាន​បោះបង់​អំណាច​ផ្ដាច់ការ​អស់​រយៈពេល​ជិត 5 ទសវត្សរ៍​នៅ​ប្រទេស​នេះ។

ឆ្នាំ 2010 រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​មី​យ៉ាន​ម៉ា បានធ្វើការ​បោះឆ្នោត​នៅ​ដើមខែ​វិច្ឆិកា ក្នុងនោះ គណបក្ស​សាមគ្គីភាព​និង​អភិវឌ្ឍន៍​សហភាព​មី​យ៉ាន់​ម៉ា (USDP) ដែល​គាំទ្រ​ដោយ​កងទ័ព​បានប្រកាស​ជ័យជំនះ។ ប៉ុន្តែ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) និង​បក្សផ្សេងៗទៀត បានប្រកាស​មិន​ចូលរួម។ ក្រុម​អ្នកសង្កេតការ​បោះឆ្នោត​ចាត់ទុកថា នេះ​គឺជា​ការបោះឆ្នោត​អយុត្តិធម៌។

ជិត​មួយ​សប្ដាហ៍​ក្រោយ​ការបោះឆ្នោត លោកស្រី Aung San Suu Kyi ត្រូវបាន​ដោះលែង បន្ទាប់ពី​ត្រូវ​ជាប់ឃុំ​ក្នុងផ្ទះ​រយៈពេល 16 ឆ្នាំ។

ឆ្នាំ 2011 រដ្ឋាភិបាល​បាន​ផ្ទេរអំណាច​ទៅឱ្យ​រដ្ឋាភិបាល​ពាក់កណ្ដាល​ស៊ីវិល​មួយ​របស់​អតីត​ឧ​ត្ត​ម​សេនីយ៍ Thein Sein ដែលជា​អ្នក​មានបំណង​ធ្វើ​កំណែ​ទម្រង់។ សិទ្ធិ​ជា​មូលដ្ឋាន​មួយចំនួន​ត្រូវបាន​ស្ដារឡើងវិញ ក្នុងនោះ​មានដូចជា ការដក​ការ​រឹតបន្តឹង​ក្នុងការ​ជួបជុំ និង​សំដែង​មតិ​ជាដើម។

ឆ្នាំ 2012 បក្ស NLD ដណ្ដើមបាន 43 ក្នុងចំណោម 45 កៅអី​នៅ​សភា​ក្នុងការ​បោះឆ្នោត​ខែមេសា ហើយ​លោកស្រី Suu Kyi ក៏បាន​ក្លាយជា​តំណាងរាស្ត្រ​នៅ​សភា។ អាមេរិក និង​អឺរ៉ុប​បានចាប់ផ្ដើម​ដក​ការដាក់ទណ្ឌកម្ម​លើ​មី​យ៉ាន​ម៉ា ភ្លាមនោះ បណ្ដា​ក្រុមហ៊ុន​អឺរ៉ុប​ក៏បាន​ចាប់ផ្ដើម​សម្រុកចូល​រកស៊ី​ក្នុងប្រទេស​នេះ។ Barack Obama បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​ដែល​បានមក​ធ្វើ​ទស្សនកិច្ច​ប្រទេស​មី​យ៉ាន​ម៉ា។

ឆ្នាំ 2015 NLD ទទួលបាន​ជ័យជំនះ​ច្រើន​លើសលុប​ក្នុងការ​បោះឆ្នោតជាតិ។ អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា លោក Min Aung Hlaing បាន​ជូនពរ​លោកស្រី Suu Kyi និង​បក្ស​របស់​លោកស្រី។

ឆ្នាំ 2016 NLD ចូល​ដឹកនាំ​ប្រទេស ហើយ​លោកស្រី Suu Kyi ក៏​ធ្វើ​ជាទី​ប្រឹក្សាជាតិ ដែល​តាមពិត​វា​គ្រាន់តែ​ជា​តំណែង​មួយ​ដើម្បី​ធ្វើ​ឱ្យស្រប​រដ្ឋធម្មនុញ្ញ​ដែល​ហាម​លោកស្រី​ឡើងកាន់តំណែង​ប្រធានាធិបតីតែ​ប៉ុណ្ណោះ​។

ឆ្នាំ 2017 មេធាវី​កាន់សាសនា​អ៊ីស្លាម ឈ្មោះ Ko Ni ដែលជា​អ្នក​រិះគន់​មិន​សំច័យមាត់​ទៅលើ​កងទ័ព និង​ជាទី​ប្រឹក្សា​របស់លោក​ស្រី Suu Kyi ត្រូវបាន​គេ​ធ្វើឃាត​នៅក្នុង​ទីក្រុង Yangon។ មនុស្ស​រាប់ពាន់នាក់​បាន​ចូលរួម​ពិធី​បុណ្យសព​របស់លោក។

លោក​ស្រី Sun Suu Kyi

ថ្ងៃទី 25 សីហា កងទ័ព​មី​យ៉ាន​ម៉ា​បានធ្វើការ​កៀបសង្កត់​ព​ល​រដ្ឋ​នៅក្នុង​រដ្ឋ Rakhine ដើម្បី​ឆ្លើយតប​នឹងក្រុម​​ឧទ្ទាម បណ្ដាលឱ្យ​ក្រុម​ជនជាតិភាគតិច Rohingya ត្រូវ​ភៀសខ្លួន​ទៅ​តាម​បន្ទាប់​ព្រំដែន​ជាមួយនឹង​បង់​ក្លា​ដែ​ស។

ឆ្នាំ 2018 អ្នកយកព័ត៌មាន​រប​ស់ Reuters 2 រូប ត្រូវបាន​ចាប់ឃុំខ្លួន ក្រោម​បទ​ចោទថា បាន​រំលោភ​លើ​កិច្ចការ​សម្ងាត់​របស់​ប្រទេស​មី​យ៉ាន​ម៉ា នៅពេល​ពួកគេ​រាយការណ៍​អំពី​ករណី​សម្លាប់​រង្គាល​លើ​ជនជាតិ Rohingya។ អ្នកយកព័ត៌មាន​ទាំងនេះ​ត្រូវ​ឃុំខ្លួន​រយៈពេល 500 ថ្ងៃ មុនពេល​ត្រូវបាន​ដោះលែង​ទៅតាម​បទបញ្ជា​របស់​ប្រធានាធិបតី។

ឆ្នាំ 2019 សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ចំពោះ​មេបញ្ជាការ​កងទ័ព និង​មន្ត្រី​យោធា​ចំនួន 3 រូប​ផ្សេងទៀត។ Gambia បានដាក់​ពាក្យ​ប្ដឹង​ឡើងទៅ​កាន់​តុលាការ​យុត្តិធម៌​របស់​អង្គការសហប្រជាជាតិ ដោយ​ចោទ​មី​យ៉ាន​ម៉ា​ពីបទ​ប្រល័យពូជសាសន៍។ លោកស្រី Suu Kyi បានធ្វើ​ការការពារ​ភាគី​មី​យ៉ាន​ម៉ា​នៅ​តុលាការ​ក្នុង​ទីក្រុង The Hague នៃ​ប្រទេស​ហូ​ឡង់។

បណ្ដឹង​ចំនួន 2 ផ្សេងទៀត​ក៏ត្រូវ​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​មី​យ៉ាន​ម៉ា រួមមាន​ទាំង​ការស៊ើបអង្កេត​របស់​តុលា​ព្រហ្មទណ្ឌ​អន្តរជាតិ (ICJ) ផងដែរ។

ឆ្នាំ 2020 ICJ បាន​ទាត់ចោល​ការបង្ហាញ​អំពី​ភាពត្រឹមត្រូវ​ពី​សំណាក់​លោក​ស្រី Suu Kyi និង​ចេញ​បញ្ជា​ឱ្យ​មី​យ៉ាន​ម៉ា​អនុវត្ត​វិធានការ​ដើម្បី​ចៀសវាង​ការចោទប្រកាន់​អំពី​បទ​ប្រល័យពូជសាសន៍។

ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​របស់​ប្រទេស​នេះ ត្រូវបាន Covid-19 បំផ្លិចបំផ្លាញ បណ្ដាលឱ្យមាន​មនុស្ស​ជាង 140,000 នាក់​បាន​ឆ្លង Covid-19 ក្នុងនោះ​មាន​ជាង 3,000 នាក់​បាន​ស្លាប់។

មី​យ៉ាន​ម៉ា​បោះឆ្នោត​ប្រជាធិបតេយ្យ​លើក​ទី​ពីរ ប៉ុន្តែ​តំបន់​មួយចំនួន​ដែល​សម្បូរ​ជនជាតិភាគតិច មិនបាន​ចូលរួម​បោះឆ្នោត ដោយសារ​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា រវាង​ក្រុម​ឧទ្ទាម​ និង​កង​ទ័ព​។ NLD ត្រូវបាន​គេ​ព្យាករ​ថា នឹង​ទទួល​ជ័យជំនះ។

ឆ្នាំ 2021 ក្រោយពី​បាន​ចោទប្រកាន់ថា មាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​កើតឡើង​នៅក្នុង​ការបោះឆ្នោត ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយ​អាជ្ញាធរ កងទ័ព​មី​យ៉ាន​ម៉ា​ក៏​បាន​សម្រេច​ចាប់ខ្លួន​លោកស្រី Suu Kyi រួម​នឹង​​ប្រធានាធិបតី Win Myint និង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​របស់​បក្ស NLD នៅវេលា​ទៀបភ្លឺ​នា​ថ្ងៃទី 1 មករា ក្នុង​គ្រា​ដែល​សភា​កំពុង​ត្រៀម​​​បើក​កិច្ចប្រជុំ​លើកដំបូង។

បន្ទាប់មក កងទ័ព​មី​យ៉ាន​ម៉ា​ក៏បាន​ដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ស្ថាន​ភាព​អាសន្ន​រយៈពេល​មួយឆ្នាំ និង​បានតែងតាំង​អតីត​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ឱ្យធ្វើជា​ប្រធានាធិបតី​ស្ដីទី ដើម្បី​រក្សា​ស្ថិរភាព។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ប្រឆាំងនឹង​ការដែល​កងទ័ព​មី​យ៉ាន​ម៉ា​ចាប់ខ្លួន​ទីប្រឹក្សា​ជាតិ លោកស្រី Suu Kyi ដោយ​យល់ថា នេះ​គឺជា​ការ​សំពង​ទៅលើ​ដំណើរការ​នៃ​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ។

រដ្ឋាភិបាល​ប្រធានាធិបតី Joe Biden ក៏បាន​ព្រមាន​មី​យ៉ាន​ម៉ា​ថា មិនត្រូវ​ព្យា​យាម​កែប្រែ​លទ្ធផល​បោះឆ្នោត ហើយ​ថា នឹងធ្វើ​សកម្មភាព​បើសិន​ដំណើរ​​ទៅរក​ប្រជាធិបតេយ្យ​ត្រូវ​បាន​រាំងខ្ទប់។

ក្រៅពីនេះ ប្រទេស​​ជប៉ុន អូស្ត្រាលី និង​ចិន ជាដើម ក៏​បាន​​ថ្កោលទោស ឬ​អំពាវនាវ​ឱ្យ​មី​យ៉ាន​ម៉ា​វិល​ទៅរក​គន្លង​ផ្លូវ​​មុនការ​​រដ្ឋប្រហារ​​នេះ​ផងដែរ៕

ប្រភព៖ AFP

Advertisement