កងទ័ព​មី​យ៉ាន​ម៉ា សន្យាថា​នឹងធ្វើ​ការបោះឆ្នោត​ឡើងវិញ ក្រោយ​រយៈពេល​មួយឆ្នាំ​ទៀត

កងទ័ព​មី​យ៉ាន​ម៉ា បានឱ្យដឹងថា នឹង​ប្រគល់​អំណាច​ទៅឱ្យ​គណបក្ស​ជាប់ឆ្នោត​ន​ក្នុងការ​បោះឆ្នោត​មួយ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានភាព​អាសន្ន​ដែល​កងទ័ព​បានដាក់​ចេញ ត្រូវបាន​បញ្ចប់។

«យើង​នឹង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ជាមួយនឹង​តុល្យភាព និង​យុត្តិធម៌​ពេញលេញ» កងទ័ព​មី​យ៉ាន​ម៉ា​បានប្រកាស​នៅលើ​បណ្ដាញ​សង្គម Facebook នា​ថ្ងៃទី 1 មករា ឆ្នាំ 2021 នេះ។ «អំណាច​នឹងត្រូវ​បាន​ផ្ទេរ​ជូន បន្ទាប់ពី​មានការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​បញ្ចប់​ដំណាក់កាល​អនុវត្ត​បទ​បញ្ជា​ភាពអាសន្ន»។

សូម​រំលឹកថា កងទ័ព​មី​យ៉ាន​ម៉ា នា​វេលា​ទៀបភ្លឺ ថ្ងៃទី 1 មករា​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Aung San Suu Kyi ដែល​ជាទី​ប្រឹក្សាជាតិ រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) ដែល​កំពុង​កាន់អំណាច ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​ភាគី​ខាង​កងទ័ព​យល់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

ទូរទស្សន៍​កងទ័ព​មី​យ៉ាន​ម៉ា ក្រោយមក​ក៏បាន​ប្រកាសថា អំណាច​នៅ​ប្រទេស​នេះ​ត្រូវបាន​ប្រគល់ជូន​លោក Min Aung Hlaing ដែលជា​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន​ម៉ា។ ពួកគេ​និយាយថា ត្រូវតែមាន​ការដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​រយៈពេល​មួយឆ្នាំ ដោយសារ​ថា​បញ្ហា «លួច​បន្លំ​សន្លឹកឆ្នោត» មិន​ត្រូវបាន​ដោះស្រាយ។

ការធ្វើ​រដ្ឋប្រហារ​នេះ ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​អំពាវនាវ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា វិល​ទៅរក​សភាព​ដើម មុន​ការធ្វើ​រដ្ឋប្រហារ​ក្នុង​ថ្ងៃ​ទីនេះ៕

ប្រភព៖ AFP

Advertisement