Aung San Suu Kyi អំពាវនាវ​ឱ្យ​ប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំងនឹង​កងទ័ព

គណនី​បណ្ដាញ​សង្គម​របស់​បក្ស​កាន់អំណាច NLD បានឱ្យដឹងថា លោកស្រី Suu Kyi បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មី​យ៉ាន​ម៉ា កុំ​ទទួលយក​ការធ្វើ «រដ្ឋប្រហារ» និង​នាំគ្នា​ធ្វើ​ចេញ​បាតុកម្ម។

«សកម្មភាព​របស់​កង​ទ័ព​កំពុង​នាំ​ប្រទេសជាតិ​វិល​ទៅកាន់​សម័យ​យោធានិយម។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាជន កុំ​ទទួលស្គាល់​ប្រការនេះ និង​ធ្វើការ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ដោយ​ការធ្វើ​បាតុកម្ម» គណនី Facebook ផ្លូវការ​របស់​គណបក្ស​កាន់អំណាច សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​មួយ​ដែល​ត្រូវបាន​បង្ហោះ​ក្នុង​ថ្ងៃទី 1 មករា​នេះ។

អត្ថបទ​ដែល​បាន​បង្ហោះ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្នុងនាម​ជាទី​ប្រឹក្សាជាតិ​មី​យ៉ាន​ម៉ា Aung San Suu Kyi ប៉ុន្តែ​មិនមាន​ហត្ថលេខា​របស់លោក​ស្រី​នោះទេ។ ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រធាន​បក្ស NLD លោក Win Htein។ នៅ​ទីបញ្ចប់​នៃ​សេចក្ដីប្រកាស​នេះ លោក Win Htein សរសេរថា «ខ្ញុំ​ស្បថ​ដាក់​ជីវិត នេះ​គឺជា​ប្រសាសន៍​ពិត​របស់​លោកស្រី Aung San Suu Kyi»។

កងទ័ព​មី​យ៉ាន​ម៉ា នា​វេលា​ទៀបភ្លឺ ថ្ងៃទី 1 មករា​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Aung San Suu Kyi ដែល​ជាទី​ប្រឹក្សាជាតិ រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) ដែល​កំពុង​កាន់អំណាច ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​ភាគី​ខាង​កងទ័ព​យល់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

សហគមន៍​អន្តរជាតិ​កំពុងតែ​តាមដាន​ការវិវត្ត​នៅ​ប្រទេស​មី​យ៉ាន​ម៉ា ទាក់ទិន​នឹង​រដ្ឋប្រហារ​ដោយ​កងទ័ព។ ប្រទេស​ជាច្រើន​បាន​រិះគន់ ថ្កោលទោស និង​អំពាវនាវ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា វិល​ទៅរក​សភាព​ដើម មុន​រដ្ឋប្រហារ​នេះ៕

ប្រភព៖ Reuters

Advertisement