ជនជាតិ​មី​យ៉ាន​ម៉ា រាប់រយ​នាក់​នៅ​ប្រទេស​ជប៉ុន ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​របស់​កង​ទ័ព

ជនជាតិ​មី​យ៉ាន​ម៉ា​រាប់រយ​នាក់ នាំគ្នា​កាន់​បដា​ដែលមាន​រូបថត​របស់​លោកស្រី Aung San Suu Kyi ប្រមូលផ្ដុំ​គ្នា​នៅ​ទីក្រុង​តូ​ខ្យូ ប្រទេស​ជប៉ុន ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​មី​យ៉ាន​ម៉ា។

ក្រុមបាតុករ​ពាក់​ម៉ាស កាន់​ទង់ជាតិ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​សាកលវិទ្យាល័យ​អង្គការសហប្រជាជាតិ នៅ​កណ្ដាល​រាជធានី​តូ​ខ្យូ​របស់​ប្រទេស​ជប៉ុន​នា​ថ្ងៃនេះ និង​បាន​អំពាវនាវ​ឱ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ ថ្កោលទោស​ខ្លាំងក្លា​ចំពោះ​សកម្មភាព​របស់​កងទ័ព​មី​យ៉ាន​ម៉ា​ជា​បន្តទៀត។

«ខ្ញុំ​ព្រួយបារម្ភ​ចំពោះ​គ្រួសារ​ខ្ញុំ ប៉ុន្តែ​ជាង​នេះ ខ្ញុំ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់លោក​ស្រី Aung San Suu Kyi» Tin Htway ជនជាតិ​មី​យ៉ាន​ម៉ា អាយុ 22 ឆ្នាំ ជា​បុគ្គលិក​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ជប៉ុន បាន​និយាយ​ដូច្នេះ។

Than Swe ប្រធាន​សមាគម​ជនជាតិ​មី​យ៉ាន​ម៉ា​នៅ​ជប៉ុន បានឱ្យដឹងថា លោក​ចង់ឱ្យ​កងទ័ព​ដោះលែង​លោកស្រី Suu Kyi និង​ក្រុម​មេដឹកនាំ​ដែល​ត្រូវបាន​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​ដោះលែង​ជាបន្ទាន់។

លោក Swe អាយុ 58 ឆ្នាំ និយាយថា «កងទ័ព​ត្រូវតែទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឆ្នាំ 2020 និង​បញ្ឈប់​រាល់​សកម្មភាព​ដែល​ពួកគេ​កំពុង​ធ្វើ»។

ក្រុម​អ្នកចាត់ចែង​បាតុកម្ម​នេះ​បានឱ្យដឹងថា មនុស្ស​ជិត 800 នាក់​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ​ទីក្រុង​តូ​ខ្យូ​នា​ថ្ងៃទី 1 មករា​នេះ។

សូមបញ្ជាក់ថា កងទ័ព​មី​យ៉ាន​ម៉ា នា​វេលា​ទៀបភ្លឺ ថ្ងៃទី 1 មករា​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Aung San Suu Kyi ដែល​ជាទី​ប្រឹក្សាជាតិ រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) ដែល​កំពុង​កាន់អំណាច ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​ភាគី​ខាង​កងទ័ព​យល់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

គណនី​បណ្ដាញ​សង្គម​របស់​បក្ស​កាន់អំណាច NLD ក៏បាន​ឱ្យដឹងថា លោកស្រី Suu Kyi បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មី​យ៉ាន​ម៉ា កុំ​ទទួលយក​ការធ្វើ «រដ្ឋប្រហារ» និង​ស្នើឱ្យ​គ្រប់គ្នា​ចេញ​ធ្វើ​ចេញ​បាតុកម្ម។

ចំណែក​ប្រ​ទស​ជាច្រើន​ក្នុង​ពិភពលោក ក៏​កំពុង​ថ្កោលទោស​ចំពោះ​សកម្មភាព​ធ្វើ​រដ្ឋប្រហារ​ពី​សំណាក់​កងទ័ព​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​នេះ​ផងដែរ ខណៈដែល​រដ្ឋាភិបាល​ជ​ប៉ុន​បាន​អំពាវនាវ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា ដោះលែង​ក្រុម​មេដឹកនាំ​ដែល​ត្រូវបាន​ចាប់ខ្លួន។ ជប៉ុន​ក៏បាន​បញ្ជាក់ថា ប្រទេស​នេះ តាំងពី​យូរ​មកហើយ តែងតែ​គាំទ្រ​ដល់​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន​ម៉ា ព្រមទាំង​បានស្នើ​ឱ្យ​ស្ដារ​ស្ថានភាព​នេះ​ឡើងវិញ​ជាបន្ទាន់៕

ប្រភព៖ Reuters

Advertisement