Joe Biden ព្រមាន​ថា​នឹងដាក់​ទណ្ឌកម្ម​មី​យ៉ាន​ម៉ា ក្រោយ​រដ្ឋប្រហារ​​យោធា​​កាលពី​ម្សិលមិញ

ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​ថា​នឹងដាក់​ទណ្ឌកម្ម​ឡើងវិញ​ចំពោះ​ប្រទេស​មី​យ៉ាន​ម៉ា បន្ទាប់ពី​មានការ​ចាប់ខ្លួន​លោកស្រី Aung San Suu Kyi ព្រមទាំង​អំពាវនាវ​ឱ្យ​មានការ​ប្រតិកម្ម​រួម​ពី​សហគមន៍​អន្តរជាតិ។

«សហគមន៍​អន្តរជាតិ រួមគ្នា​ដាក់​សម្ពាធ បង្ខំ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា​បោះបង់​អំណាច​ដែល​ពួកគេ​បាន​រំលោភ​យក និង​ដោះលែង​ក្រុមមនុស្ស​ដែល​ពួកគេ​បាន​ចាប់ខ្លួន​ជាបន្ទាន់។ អាមេរិក​បាន​ដក​ទណ្ឌកម្ម​ពី​មី​យ៉ាន​ម៉ា​អស់​រយៈពេល 10 ឆ្នាំ​កន្លងមកនេះ ដោយយោង​ទៅលើ​ដំណើរ​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ។ ការដើរបញ្ច្រាស​ដំណើរការ​នេះ​នឹងធ្វើ​ឱ្យ​យើង​ត្រូវ​ពិនិត្យឡើងវិញ​នូវ​ការដាក់ទណ្ឌកម្ម ជាមួយនឹង​សកម្មភាព​សមស្រប» ប្រធានាធិបតី​អាមេរិក Joe Biden បានចេញ​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 1 កុម្ភៈ។

លោក Biden ក៏បាន​ថ្កោលទោស​កងទ័ព​មី​យ៉ាន​ម៉ា ដែល​បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​របស់​បក្ស​កាន់អំណាច។ ប្រធានាធិបតី​អាមេរិក​យល់ថា នេះ​គឺជា «ការវាយប្រហារ​ផ្ទាល់​ទៅលើ​ដំណើរ​ងាក​ទៅរក​ប្រជាធិបតេយ្យ និង​ការគោរព​ច្បាប់​របស់​មី​យ៉ាន​ម៉ា»។

លោក Biden បាន​អំពាវនាវ​ដល់​កងទ័ព​មី​យ៉ាន​ម៉ា ដក​ការ​រឹតបន្តឹង​លើ​ព័ត៌មាន ទំនាក់ទំនង និង​ចៀសវាង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ផងដែរ។ «សហរដ្ឋអាមេរិក​កំពុង​តាមដាន​ក្រុមមនុស្ស​ដែល​ឈរ​នៅក្បែរ​ប្រជាជន​មី​យ៉ាន​ម៉ា នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ។ យើង​នឹង​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ ក៏ដូចជា​បង្ខំ​ឱ្យ​អ្នក​រារាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​នេះ ទទួលខុសត្រូវ» សេចក្ដីប្រកាស​ព័ត៌មាន​របស់លោក Biden មាន​ឃ្លា​សរសេរ​ដូច្នេះ។

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុង​កាន់អំណាច​របស់លោក​ស្រី Suu Kyi ដណ្ដើមបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​កាលពី​ចុងឆ្នាំ 2020 ដោយ​ទទួលបាន 346 ក្នុងចំណោម 412 អាសនៈ​នៅ​សភា​មី​យ៉ាន​ម៉ា។ ប៉ុន្តែ​កងទ័ព​ប្រទេស​នេះ​ប្រកាសថា បាន​រកឃើញ​ការលួចបន្លំ​សន្លឹកឆ្នោត​ជាង 10 លាន​ករណី និង​បាន​តវ៉ា​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ដើម្បីឱ្យ​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ប៉ុន្តែ​មិន​ទទួលបាន​ការយល់ព្រម។

សូមបញ្ជាក់ថា កងទ័ព​មី​យ៉ាន​ម៉ា នា​វេលា​ទៀបភ្លឺ ថ្ងៃទី 1 មករា​នេះ បាន​ឆ្មក់​ចូលចាប់​ខ្លួន​លោកស្រី Aung San Suu Kyi ដែល​ជាទី​ប្រឹក្សាជាតិ រួម​នឹង​ប្រធានាធិបតី Win Myint និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​បក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មី​យ៉ាន​ម៉ា (NLD) ដែល​កំពុង​កាន់អំណាច ដើម្បី​ប្រឆាំងនឹង​ការបោះឆ្នោត​ដែល​ភាគី​ខាង​កងទ័ព​យល់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។

ក្រោយ​ការធ្វើ​រដ្ឋប្រហារ​ខាងលើ កងទ័ព​មី​យ៉ាន​ម៉ា​ក៏បាន​ដកហូត​តំណែង​របស់​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ចំនួន 24 រូប ព្រមទាំង​បានប្រកាស​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន 11 នាក់ ដែល​ត្រូវបានតែងតាំង​ជា​មេដឹកនាំ​នៃ​ក្រសួង​នានា រួមមាន ក្រសួង​ហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស ការពារជាតិ និង​ក្រសួងមហាផ្ទៃ​និង​ការពារ​ព្រំដែន​ផងដែរ។

ប្រទេស និង​ស្ថាប័ន​ជាច្រើន​ក្នុង​ពិភពលោក កំពុងធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ទង្វើ​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន​ម៉ា ក្នុងនោះ​ក៏មាន​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អូស្ត្រាលី។ល។

ប្រភព៖ Reuters

Advertisement