ភាគ​ខាងកើត​នៃ​សហរដ្ឋអាមេរិក ​ត្រូវ​លិច​លង់​ក្នុង​ព្យុះ​ព្រឹល!

ព្យុះ​ព្រឹល​បាន​បង្កឱ្យមាន​ភាពវឹកវ​រ​នៅ​តំបន់​មាត់សមុទ្រ​ភាគ​ខាងកើត​នៃ​សហរដ្ឋអាមេរិក បណ្ដាលឱ្យ​ជើង​ហោះ​ហើរ​រាប់ពាន់​ត្រូវបាន​លុបចោល សាលារៀន​ត្រូវ​បិទទ្វារ ខណៈ​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ក៏​ត្រូវបាន​ពន្យារ​ពេល។

នាយកដ្ឋាន​គ្រប់គ្រង​អាកាសធាតុ​ជាតិ​របស់​សហរដ្ឋអាមេរិក (NWS) បានចេញ​សេចក្ដី​ព្រមាន​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​​ខ្ពស់​ សម្រាប់​​តំបន់​​ចាប់ពី Virginia ដល់ Maine ដែលមាន​ប្រជាជន​រាប់សិប​លាន​នាក់​កំពុង​រស់នៅ ក្នុង​គ្រា​ដែល​ព្យុះ​ព្រឹល​ដែលមាន​កម្លាំង​ខ្យល់​ខ្លាំង​បោកបក់​ក្នុង​ល្បឿន 80 គម/ម៉ោង វាយប្រហារ​ទៅលើ​តំបន់​មាត់សមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​នេះ។

ទីក្រុង New York បានចេញ​សេចក្ដី​ប្រកាសអាសន្ន ក្នុងនោះ​រួមមាន ការកាត់បន្ថយ​ការធ្វើដំណើរ​ដែល​មិនចាំ​បាច់ ការបិទទ្វារ​សាលារៀន សិស្សសាលា​ត្រូវ​រៀន​ពី​ចម្ងាយ ចំណែក​ការចាក់​វ៉ាក់សាំង​ក៏ត្រូវ​បាន​ពន្យារពេល ក្នុង​គ្រា​ដែល​ព្រឹល​បាន​ធ្លាក់​កម្រាស់​ដល់ 60 សម។

រថយន្ត​ពង្រាយ​អំបិល​ដើម្បី​ទប់ទល់​នឹង​ភាព​រអិល និង​គ្រឿងចក្រ​ជាច្រើន​ដែលមាន​ជំនាញ​ក្នុងការ​ដោះស្រាយ​បញ្ហា​​ព្រឹល កំពុងតែធ្វើការ​យ៉ាង​មមាញឹក​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង New York។

ជើងហោះហើរ​ជាង 1,600 ដែល​ត្រូវបាន​លុបចោល ភាគច្រើន​គឺ​នៅឯ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង New York, Boston, Philadelphia និង​រដ្ឋធានី​នៃ​ប្រទេស។

យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 នៅ​ទីក្រុង New York ក៏​ត្រូវបាន​ពន្យារពេល​នៅ​ថ្ងៃទី 2 កុម្ភៈ។ «នេះ​គឺជា​ស្ថានការណ៍​គ្រោះថ្នាក់​បំផុត ដែល​គំរាមកំហែង​ដល់​អាយុជីវិត» អភិបាលក្រុង New York លោក Andre Cuomo មានប្រសាសន៍។

យោងតាម NWS គិត​ត្រឹម​ម៉ោង 16 ថ្ងៃទី 1 ខែកុម្ភៈ ព្រឹល​នៅឯ​ឧទ្យាន Central Park ទីក្រុង New York មាន​កម្រាស់ 13 សម។ តាម​ការ​ព្យាករ ព្រឹល​នឹង​បន្ត​ធ្លា​ក់នៅ​ព្រឹក​ថ្ងៃទី 2 កុម្ភៈ (ម៉ោង​ក្នុងស្រុក) ដែល​នឹង​នាំឱ្យ​កម្រាស់​របស់​វា​អាច​ឡើងដល់ 50 សម មុនពេល​ព្យុះ​ព្រឹល​ធ្វើដំណើរ​ទៅ​ទិសឦសាន ដោយ​ឆ្លងកាត់​តាម New England។

Matthew Wunsch ដែលជា​អ្នកជំនាញ​របស់ NWS និយាយថា៖ «ព្យុះ​ព្រឹល​នេះ​ត្រូវបាន​ព្យាករ​ថា​នឹង​ជា​ព្យុះ​ធំ​ជាង​គេ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង New York»។

នៅ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន ជា​កន្លែង​ដែល​ព្រឹល​បានចាប់ផ្ដើម​ធ្លាក់​តាំងពី​ថ្ងៃទី 31 មករា ប្រធានាធិបតី Joe Biden ក៏បាន​ពន្យារពេល​ការធ្វើដំណើរ​ទៅកាន់​ក្រសួងការបរទេស ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល។ គម្រោង​បើក​សាលារៀន​ឡើងវិញ​នៅទីនេះ​ក៏ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន។

ព្រឹល​ក៏បាន​វាយប្រហារ​ទៅលើ​រដ្ឋ New Jersey, Philadelphia និង Connecticut ផងដែរ។ អាជ្ញាធរ New Jersey បានប្រកាស​អាសន្ន និង​បាន​បិទទ្វារ​សាលារៀន ជម្លៀស​ពលរដ្ឋ និង​ចេញ​បញ្ជា​ឱ្យប្រើ​ប្រាស់​ឧបករណ៍​ជំនាញ​ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ។

Philadelphia ក៏បាន​ប្រកាសអាសន្ន​ដោយសារ​ព្យុះ​ព្រឹល​នេះ ព្រមទាំង​បាន​បិទទ្វារ​សាលាក្រុង​កាលពី​ថ្ងៃទី 1 កុម្ភៈ និង​ស្នើឱ្យ​ប្រជាជន​យក​រថយន្ត​ចេញពី​ដងផ្លូវ​ដែលមាន​ព្រឹល​ក្រាស់​ដើម្បី​ទុក​ផ្លូវ​ឱ្យ​គ្រឿងចក្រ​ជំនាញ​ធ្វើការ។

ព្យុះ​ព្រឹល​បាន​វាយលុក​ចូលទៅក្នុង​តំបន់ភ្នំ​របស់​រដ្ឋ California កាលពី​សប្ដាហ៍​មុន បណ្ដាលឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ព្រឹល​កម្រាស់​ជាង 182សម។ ព្យុះ​នេះ​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់ Midwest នាំឱ្យ​ធ្លាក់​ព្រឹល​កម្រាស់ 20 សម នៅ Chicago៕

ប្រភព៖ AFP

Advertisement