ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បើក​កិច្ចប្រជុំ​បន្ទាន់​អំពី​រដ្ឋប្រហារ​របស់​ក​ង​ទ័ព​មី​យ៉ាន​ម៉ា

ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅក្នុង​ថ្ងៃនេះ (2កុម្ភៈ) ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៅ​មី​យ៉ាន​ម៉ា ក្រោយ​រដ្ឋប្រហារ​របស់​កងទ័ព​ប្រទេស​នេះ។

កិច្ចប្រជុំ​សម្ងាត់​ដែល​ធ្វើ​ទៅតាម​អន​ឡាញ​ត្រូវបាន​សមាជិក​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​អនុម័ត​យល់ព្រម​កាលពី​ថ្ងៃទី 1 កុម្ភៈ។ Christine Schraner Burgener ប្រេសិត​ពិសេស​ទទួលបន្ទុក​លើ​ប្រទេស​មី​យ៉ាន​ម៉ា និង​ជា​អ្នកកា​ទូត​នៃ​ប្រទេស​ស្វី​ស តាម​ផែនការ នឹង​ប្រកាស​ដំណឹង​អំពី​ស្ថានការណ៍​ថ្មី​បំផុត​នៅក្នុង​កិច្ចប្រជុំ។

សូម​រំលឹកថា កងទ័ព​មី​យ៉ាន​ម៉ា​បាន​ឡើង​កាន់កាប់​អំណាច​កាលពី​ថ្ងៃទី 1 មករា​កន្លងទៅ បន្ទាប់ពី​បានធ្វើ​រដ្ឋប្រហារ​មិន​បង្ហូរឈាម ដោយបាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi រួម​នឹង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​ដទៃ​ជាច្រើនរូប​ទៀត​នៃ​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា ធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង និង​មានការ​ថ្កោលទោស​ពី​សំណាក់​អន្តរជាតិ​ផងដែរ។

អងគ្លេស​ដែលជា​ប្រទេស​កំពុង​កាន់កាប់​តំណែង​ប្រធាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បន្តវេន​នៅក្នុង​ខែកុម្ភ​នេះ គ្រោង​នឹង​បើក​កិច្ចប្រជុំ​មួយ​ស្ដីអំពី​ប្រទេស​មី​យ៉ាន​ម៉ា​ក្នុង​សប្ដាហ៍​នេះ ប៉ុន្តែ​កិច្ចប្រជុំ​នឹងត្រូវ​បានធ្វើ​ឡើង​មុន​កាលកំណត់ ដោយសារ​មានការ​ចាំបាច់​ខ្លាំង។

អគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ (UN) លោកស្រី Babara Woodward បានឱ្យដឹងថា លោកស្រី​មានសង្ឃឹម​ថា នឹងមាន «កិច្ចពិភាក្សា​ដែល​ប្រកបដោយ​ការស្ថាបនា​បំផុត​និយាយ​អំពី​មី​យ៉ាន​ម៉ា និង​ពិនិត្យ​រាល់​វិធានការ​ចាំបាច់​ដោយយោង​ទៅតាម​បំណង​របស់​ប្រជាជន​ដែល​នឹង​បង្ហាញ​នៅក្នុង​ការបោះឆ្នោត ក៏ដូចជា​ការស្នើ​ឱ្យ​ដោះលែង​ក្រុម​មេដឹកនាំ​ស៊ីវិល»។

លោកស្រី Babara បញ្ជាក់ថា «បច្ចុប្បន្ន មិនទាន់មាន​វិធានការ​ជាក់លាក់​ណាមួយ​ដើម្បី​ចាត់ការ​បញ្ហា (រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា) នេះ​នៅឡើយ។ ប្រការ​សំខាន់​គឺ​សហគមន៍​អន្តរជាតិ​ត្រូវតែ​ឯកភាពគ្នា» នេះ​បើតាម Stephane Dujarric អ្នកនាំពាក្យ​របស់ UN បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពីពេលថ្មីៗនេះ។

សូម​រំលឹកថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុង​កាន់អំណាច​របស់​ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi ទទួលបាន 346 ក្នុងចំណោម​អាសនៈ​ចំនួន 412 នៅ​សភាជាតិ ក្រោយ​ការបោះឆ្នោត​នៅ​ចុងឆ្នាំ 2020។ ប៉ុន្តែ កងទ័ព​មី​យ៉ាន​ម៉ា​បាន​ចោទថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ចំនួន​ជាង 10 លាន​ករណី និង​ស្នើឱ្យ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត ប្រកាស​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដើម្បី​ពិនិត្យឡើងវិញ ប៉ុន្តែ​ត្រូវបាន​បដិសេធ។

ប្រការនេះ​អាចជា​លេស​មួយ​ដែល​ត្រូវបាន​កងទ័ព​ប្រើប្រាស់​ដើម្បី​ចាប់ខ្លួន​លោកស្រី Suu Kyi លោក​ប្រធានាធិបតី Win Myint រួម​នឹង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​របស់​បក្ស NLD និង​បានប្រកាស​អាសន្ន​ទូទាំងប្រទេស​ដើម្បី​គ្រប់គ្រង​អំណាច​ក្នុង​រយៈពេល​មួយឆ្នាំ។ ក្រោយមក កងទ័ព​ក៏បាន​ដកតំណែង​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ចំនួន 24 រូប​របស់​បក្ស NLD ហើយ​បានតែងតាំង​ជំនួស​ដោយ​មនុស្ស​ចំនួន 11 នាក់ ឱ្យ​កាន់កាប់​ក្រសួង​មួយចំនួន ដូចជា ក្រសួង​ហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស និង​ក្រសួងការពារជាតិ រួម​នឹង​ក្រសួងមហាផ្ទៃ​និង​ការពារ​ព្រំដែន​ផងដែរ។

សហរដ្ឋអាមេរិក អូស្ត្រាលី និង​អង្គការសហប្រជាជាតិ បានចេញ​សេចក្ដីប្រកាស​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា និង​បាន​ស្នើឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា ដោះលែង​ក្រុមមនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​អំពើ​រដ្ឋប្រហារ​កាលពី​ម្សិលមិញ (1 កុម្ភៈ)។ ចំណែក​ប្រទេស​ចិន​វិញ ក៏បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ពាន់​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ក៏ដូចជា​រក្សា​ស្ថិរភាព​នយោបាយ និង​សង្គម៕

ប្រព៖ AFP

Advertisement