កងទ័ព​មី​យ៉ាន​ម៉ា​ឃុំខ្លួន​តំណាងរាស្ត្រ 400 នាក់ នៅក្នុង​អគារ​សម្រាប់​មន្ត្រី​រដ្ឋកា​រ

លោក​ស្រី Aung San Suu Kyi (ឆ្វេង) និង​ឧត្តម​សេនីយ៍​ Min Aung Hlaing

ក្រុម​សមាជិកសភា​របស់​មី​យ៉ាន​ម៉ា មកពី​បក្ស NLD នៅតែ​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​អគារ​របស់​រដ្ឋ ក្រោម​ការឃ្លាំមើល​ពី​ក្រុម​ទាហាន​នៅ​រដ្ឋធានី ណៃ​ពី​ដោ (Naypyitaw) ក្រោយពី​កងទ័ព​ធ្វើ​រដ្ឋប្រហារ​បាន​មួយថ្ងៃ។

តំណាងរាស្ត្រ​ម្នាក់​បានឱ្យដឹងថា លោក និង​សមាជិកសភា​ប្រមាណ​ជា 400 នាក់ អាច​និយាយ​គ្នា​បាន​នៅ​ខាងក្នុង​អគារ​រដ្ឋ​មួយ​ខ្នង និង​អាចទាក់ទង​ជាមួយ​ម្ចាស់ឆ្នោត​តាម​ទូរស័ព្ទ ប៉ុន្តែ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ចាក​ចេញពី​អគារ​ដែល​ស្ថិតនៅក្នុង​រដ្ឋធានី ណៃ​ពី​ដោ នេះ​ទេ។ តំណាង​រូបនេះ​បន្តថា ក្រុមប៉ូលិស​ត្រូវបាន​ដាក់​ពង្រាយ​ឱ្យ​យាម​ខាងក្នុង​អគារ ចំណែក​ក្រុម​ទាហាន​ឈរ​យាម​នៅ​ខាងក្រៅ។

អ្នកតាក់តែង​ច្បាប់​ខាងលើ​ក៏បាន​បញ្ជាក់ថា សមាជិកសភា​ទាំងឡាយ​ដែល​ត្រូវបាន​ឃុំខ្លួន​នេះ រួមមាន​សមាជិក​នៃ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi និង​បក្សតូចៗមួយចំនួនទៀត។ ពួកគេ​បាត់បង់​ដំណេក​ពេញ​មួយ​យប់ ព្រោះតែ​មានការ​ព្រួយបារម្ភ ប៉ុន្តែ ពេលនេះ បាន​ប្រសើរ​ជាង​មុន​បន្តិច​ហើយ។

អ្នកតំណាងរាស្ត្រ​រូបនេះ​បាន​ប្រាប់ថា លោកស្រី​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi មិន​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​អគារ​ជាមួយ​ពួកគាត់​ទេ។

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​កំពុង​ត្រូវបាន​ដណ្ដើម​អំណាច​របស់​ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន​ម៉ា លោកស្រី Aung San Suu Kyi ទទួលបាន 346 ក្នុងចំណោម​អាសនៈ​ចំនួន 412 នៅ​សភាជាតិ ក្រោយ​ការបោះឆ្នោត​នៅ​ចុងឆ្នាំ 2020។ ប៉ុន្តែ កងទ័ព​មី​យ៉ាន​ម៉ា​បាន​ចោទថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ចំនួន​ជាង 10 លាន​ករណី និង​ស្នើឱ្យ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត ប្រកាស​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដើម្បី​ពិនិត្យឡើងវិញ ប៉ុន្តែ​ត្រូវបាន​បដិសេធ។

ប្រការ​នេះហើយ​បានធ្វើ​កងទ័ព​សម្រេច​ធ្វើ​រដ្ឋប្រហារ ដោយ​ចាប់ខ្លួន​លោកស្រី Suu Kyi លោក​ប្រធានាធិបតី Win Myint រួម​នឹង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​របស់​បក្ស NLD និង​បានប្រកាស​អាសន្ន​ទូទាំងប្រទេស​ដើម្បី​គ្រប់គ្រង​អំណាច​ក្នុង​រយៈពេល​មួយឆ្នាំ។ ក្រោយមក កងទ័ព​ក៏បាន​ដកតំណែង​រដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រី​ចំនួន 24 រូប​របស់​បក្ស NLD ហើយ​បានតែងតាំង​ជំនួស​ដោយ​មនុស្ស​ចំនួន 11 នាក់ ឱ្យ​កាន់កាប់​ក្រសួង​មួយចំនួន ដូចជា ក្រសួង​ហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស និង​ក្រសួងការពារជាតិ រួម​នឹង​ក្រសួងមហាផ្ទៃ​និង​ការពារ​ព្រំដែន​ផងដែរ៕

ប្រភព៖ AP

Advertisement