សភា​ជាន់ខ្ពស់​អាមេរិក​ចាប់ផ្ដើម​កាត់ទោស​អតីត​ប្រធានាធិបតី Trump

នៅវេលា​ម៉ោង 13 នៃ​ថ្ងៃទី 9 កុម្ភៈ (ទៀបភ្លឺ​ថ្ងៃទី 10 កុម្ភៈ ម៉ោង​នៅ​កម្ពុជា) សភា​ជាន់ខ្ពស់​អាមេរិក បានចាប់ផ្ដើម​ជំនុំជម្រះ​ក្ដី​លើ​ចុងចោទ​ដែលជា​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​នេះ នោះ​គឺ​លោក Donald Trump។

ការដែល​សភា​ជាន់ខ្ពស់​អាមេរិក​បើក​ការជំនុំជម្រះ​នេះ លោក Donald Trump បាន​ក្លាយជា​អតីត​ប្រធានាធិបតី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សហរដ្ឋអាមេរិក​ដែល​ត្រូវបាន​សភា​កាត់ទោស។ លោក​ក៏​ជា​អតីត​ប្រធានាធិបតី​ដំបូង​គេ​នៅ​អាមេរិក​ដែល​ត្រូវបាន​សភា​ចោទប្រកាន់​ដល់​ទៅ​ពីរលើក​ផងដែរ។

កាលពី​ថ្ងៃទី 13 មករា ឆ្នាំ 2021 សភា​ជាន់​ទាប​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ បាន​បោះឆ្នោត​អនុម័ត​លើ​មាត្រា​ច្បាប់​ដែល​ចោទប្រកាន់ថា លោក​បាន «បញ្ឆេះ​អំពើ​វឹកវរ​នៅ​វិមាន​សភា» ដែល​ពេលនោះ លោក Trump នៅ​ជា​ប្រធានាធិបតី​អាមេរិក​នៅឡើយ។

ក្រុមតំណាងរាស្ត្រ​មកពី​បក្ស​ប្រជាធិបតេយ្យ យល់ថា លោក Trump ត្រូវតែ​ទទួលខុសត្រូវ បន្ទាប់ពី​បាន​ប្រើប្រាស់​ពាក្យពេចន៍​ដែល​នាំឱ្យមាន​បាតុកម្មហិង្សា​នៅ​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 មករា ជា​ពេលដែល​សភា​កំពុង​ប្រជុំ​ដើម្បី​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា 2020។ បាតុកម្មហិង្សា​នោះបាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ 5នាក់។

តាម​ធម្មតា ការជំនុំជម្រះ​ទោស​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ថ្នាក់​កំពូល​នៅ​សហរដ្ឋអាមេរិក​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ប្រធាន​តុលាការ​កំពូល។ ប៉ុន្តែ ដោយសារ​លោក Trump មិន​ស្ថិតក្នុង​តំណែង ទើប​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ Patrick Leahy នឹង​ធ្វើជា​ប្រធាន​អង្គជំនុំជម្រះ​លើក​នេះ ជំនួស​ឱ្យ​ប្រធាន​តុលាការ​កំពូល John Roberts។

នៅក្នុង​អង្គជំនុំជម្រះ​នេះ តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​នឹង​ដើរតួនាទី​ចំនួន​ពីរ​ក្នុងពេល​តែមួយ៖ គណៈវិនិច្ឆ័យ និង​ចៅក្រម។ ចំណែក​ក្រុម​តំណាង​របស់​សភា​ជាន់​ទាប ដើរតួ​ជា​ភាគី​រដ្ឋអាជ្ញា។

តំណាង​នៃ​ក្រុម​មេធាវី​ការពារ​ក្ដី​របស់​អតីត​ប្រធានាធិបតី Trump រួមមាន​មេធាវី Bruce Castor ដែលជា​អតីត​មេធាវី​របស់​រដ្ឋ​នៅ Pennsylvania និង David Schoen ដែលជា​មេធាវី​ផ្នែក​សិទ្ធិ​ពលរដ្ឋ​ដ៏​ល្បីឈ្មោះ​នៅ​សហរដ្ឋអាមេរិក។

ក្នុង​ថ្ងៃ​ដំបូង​នៃ​ការជំនុំជម្រះ ក្រុម​តំណាង​របស់​សភា​ជាន់​ទាប និង​ក្រុម​មេធាវី​របស់លោក Trump មាន​រយៈពេល 2 ម៉ោង​ស្មើគ្នា​ដើម្បី​សំដែង​ការយល់ឃើញ​របស់ខ្លួន​អំពី​ភាពស្របច្បាប់​នៃ​អង្គជំនុំជម្រះ​នេះ។ បន្ទាប់មក សភា​ជាន់ខ្ពស់​បោះឆ្នោត​ដើម្បី​ស្វែងរក​ភាពស្របច្បាប់​នៃ​អង្គជំនុំជម្រះ​នេះ​ជា​ផ្លូវការ។ បើសិនជា​លទ្ធផល​បោះឆ្នោត​មាន​សំឡេងគាំទ្រ​យ៉ាងតិច 51 សំឡេង នោះ​ការជំនុំជម្រះ​នេះ​នឹងត្រូវ​បន្ត​ទៅមុខទៀត។ ប៉ុន្តែ បើ​ផ្ទុយ​ពីនេះ អង្គជំនុំជម្រះ​នឹងត្រូវ​បាន​លុបចោល​ជា​ស្ថាពរ៕

Advertisement