អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ក្រុម​ឧត្ដមសេនីយ៍​មី​យ៉ាន​ម៉ា ក្រោយ​រដ្ឋប្រហារ​របស់​កងទ័ព

ប្រធានាធិបតី​អាមេរិក​បានចេញ​បទបញ្ជា​មួយ​ដែល​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ចាប់ផ្ដើម​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​នានា​របស់​ប្រទេស​នេះ ប្រឆាំងនឹង​ក្រុម​មេដឹកនាំ​យោធា​មី​យ៉ាន​ម៉ា បន្ទាន់​ពី​ការធ្វើ​រដ្ឋប្រហារ​របស់​កងទ័ព​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

កាលពី​ថ្ងៃទី 10 កុម្ភៈ ប្រធានាធិបតី Joe Biden បានឱ្យដឹងថា បទបញ្ជា​នេះ​នឹង​អនុញ្ញាតឱ្យ​រដ្ឋាភិបាលរ​ប​ស់លោក «ចាប់ផ្ដើម​ការដាក់ទណ្ឌកម្មភ្លាមៗទៅលើ​ក្រុម​មេដឹកនាំ​យោធា​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ និង​ផលប្រយោជន៍​ផ្នែក​ជំនួញ​របស់​ពួកគេ ក៏ដូចជា​សមាជិកគ្រួសា​រ​របស់​ពួកគេ»។

លោក Biden និង​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក មិនទាន់បាន​អធិប្បាយ​ឱ្យបាន​ច្បាស់លាស់​ថា ក្រុមមន្ត្រី​ណាខ្លះ​នឹងត្រូវ​រង​ទណ្ឌកម្ម ឬ​ដាក់ទណ្ឌកម្ម​ដោយ​វិធី​ណា​នៅឡើយ។ ប៉ុន្តែ លោក Biden សន្យាថា​នឹង​ត្រួតពិនិត្យ​លើ​ការនាំចេញ និង​ទប់ស្កាត់​ក្រុម​ឧត្ដមសេនីយ៍​ប្រើប្រាស់​ខ្ទង់​ប្រាក់ 1 ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​ដែល​ត្រូវបាន​រក្សាទុក​នៅ​សហរដ្ឋអាមេរិក។

យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក Ned Price ឱ្យដឹងថា ព័ត៌មាន​លម្អិត​អំពី​ការដាក់ទណ្ឌកម្ម​ថ្មី​នឹងត្រូវ​បានប្រកាស​នៅក្នុង​សប្ដាហ៍​នេះ។

សូម​រំលឹកថា កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ឆ្មក់​ចូលចាប់​ខ្លួន​ក្រុម​មេដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែលមាន​ដូចជា ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint ជាដើម។ កង​រថពាសដែក និង​ទាហាន​មី​យ៉ាន​ម៉ា ក្រោយមក​ក៏ត្រូវ​បានដាក់​ពង្រាយ​យ៉ាង​ឆាប់រហ័ស​ទៅកាន់​ទីក្រុងធំៗរបស់​ប្រទេស​នេះ។ មូលហេតុ​នៃ​ការធ្វើ​រដ្ឋប្រហារ​នេះ ត្រូវបាន​កងទ័ព​និយាយថា ដើម្បី​ប្រឆាំងនឹង​ការដែល​អាជ្ញាធរ​មិនបាន​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ចុងឆ្នាំ 2020៕

ប្រភព៖ Reuters

Advertisement