មី​យ៉ាន​ម៉ា​ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត និង​ដាក់ពង្រាយ​រថពាសដែក​នៅ​ទីក្រុងធំៗ ក្រោយ​រដ្ឋប្រហារ​យោធា

កងទ័ព​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​បាននិងកំពុង​ដាក់ពង្រាយ​រថពាសដែក​ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ​នៅក្នុង​បណ្ដា​ទីក្រុងធំៗ ព្រមទាំង​បាន​កាត់ផ្ដាច់​សេវា​អ៊ី​ន​ធើ​ណិ​តតាំង​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 15 កុម្ភៈ​នេះ។

អ្នកប្រើប្រាស់​សេវាកម្ម​ទូរគមនាគមន៍​នៃ​ក្រុមហ៊ុន​ទាំង 4 របស់​មី​យ៉ាន​ម៉ា មិនអាច​ប្រើ​អ៊ី​ន​ធើ​ណិ​ត​បាន​ចាប់ពី​វេលា​ម៉ោង 1 ទៀបភ្លឺ​នៃ​ថ្ងៃទី 15 កុម្ភៈ (ប្រហែល​ម៉ោង 1និង30នាទី​នៅ​ភ្នំពេញ)។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការធ្វើ​រដ្ឋប្រហារ អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​នេះ​ក៏​ត្រូវបាន​កាត់ផ្ដាច់​នៅ​ទូទាំង​ពិភពលោក។

Alex Warofka ប្រធាន​ផ្នែក​គោលនយោបាយ​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ​ប្រចាំ Facebook បាន​និយាយថា អ៊ី​ន​ធើ​ណិ​ត​អាច​ត្រូវបាន​ផ្ដាច់​រហូតដល់​ម៉ោង 9 ព្រឹក​នេះ (ម៉ោង 9និង30នាទី​ព្រឹក​នៅ​ភ្នំពេញ)។

កាលពី​យប់​ថ្ងៃទី 14 កន្លងទៅ បាតុកម្ម​ទី 9 ត្រូវបាន​ធ្វើឡើង​នៅ​មី​យ៉ាន​ម៉ា ទន្ទឹមនឹងនេះ គេ​ក៏​ឃើញ​មាន​រថពាសដែក​ជាច្រើន​គ្រឿង​បង្ហាញ​វត្ត​មាននៅ​ទីក្រុង Yangon, Myitkyina និង​ទីក្រុង Sittwe។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​រថពាសដែក​ត្រូវបាន​ដាក់ពង្រាយ​ទ្រង់ទ្រាយ​ធំ​បែបនេះ រាប់​ចាប់ពី​រដ្ឋប្រហារ​នៅ​ថ្ងៃទី 1 កុម្ភៈ។ ក្នុង​ថ្ងៃ​ម្សិលមិញ កងកម្លាំង​សន្តិសុខ​មី​យ៉ាន​ម៉ា​ក៏បាន​ផ្ទុះអាវុធ​ដើម្បី​រំសាយ​បាតុកម្ម​នៅ​ខាងក្រៅ​រោងចក្រ​មួយ​នៅ​ទីក្រុង Myitkyina ប៉ុន្តែ​មិនបាន​ដឹង​ច្បាស់​ថា ពួកគេ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត ឬ​ជ័រ​នោះទេ។ សារព័ត៌មាន 74 Media បានចេញ​ផ្សាយ​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកកាសែត​ចំនួន 5 នាក់ ក្រោយ​ការផ្ទុះអាវុធ។

ថ្ងៃទី 15 កុម្ភៈ​នេះ រថយន្ត​ដឹក​ប៉ូលិស​ជាង 10 គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន 4 គ្រឿង ត្រូវបាន​ដាក់ពង្រាយ​នៅក្បែរ​វត្ត Sule ក្នុង​ទីក្រុង Yangon ដែលជា​ទីតាំង​មាន​បាតុកម្ម​ដ៏​ធំ​មួយ។

កាលពី​ថ្ងៃទី 14 កុម្ភៈ ស្ថានទូត​របស់​បណ្ដា​ប្រទេស​លោកខាងលិច ក្នុងនោះ​មានដូចជា សហភាព​អឺរ៉ុប អង់គ្លេស កាណាដា និង​ប្រទេស​ចំនួន 11 ផ្សេងទៀត បានចេញ​សេចក្ដីប្រកាស អំពាវនាវ​ឱ្យ​កងកម្លាំង​សន្តិសុខ «គ្រប់គ្រង​អំពើហិង្សា​ប្រឆាំងនឹង​ក្រុមបាតុករ និង​ជន​ស៊ីវិល ដែល​កំពុងតែ​ជំទាស់​នឹង​ការផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ពួកគេ»។

ចំណែក​អង្គការសហប្រជាជាតិ​ក៏បាន​ចេញ​សេចក្ដីអំពាវនាវ​ដូចគ្នានេះដែរ ទន្ទឹមនឹង​ការស្នើ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា «អនុញ្ញាត​ជាបន្ទាន់» ឱ្យ​អ្នកការទូត​ស្វី​ស Christine Schraner Burgener ចូលមកក្នុង​ប្រទេស​នេះ​ដើម្បី​វាយតម្លៃ​ស្ថានការណ៍។

កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi ដែលជា​មេដឹកនាំ​ជាក់ស្ដែង​របស់​ប្រទេស​នេះ រួម​នឹង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ប្រទេស​នេះ​ជាច្រើនរូប​ទៀត ដោយ​ចោទប្រកាន់ថា មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។ រដ្ឋប្រហារ​នេះ​បាន​នាំឱ្យមាន​បាតុកម្មធំៗជាច្រើន​កើត​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​ក្រុម​ពលករ​ផងដែរ៕

ប្រភព៖ AFP

Advertisement