យាន​រុករក​របស់​ចិន ប្រទះឃើញ​បង្គោល​ថ្ម​ចម្លែក​នៅលើ​ឋាន​ព្រះ​ចន្ទ

យាន​រុករក​របស់​ចិន ឈ្មោះ Yutu-2 ឬ Jade Rabbit បាន​ដំណើរការ​ជាថ្មី និង​ថត​បាន​បង្គោល​ថ្ម​ចម្លែក​មួយ​នៅ​ផ្នែក​ងងឹត​នៃ​ឋាន​ព្រះ​ច​ន្ត។

យាន​ចុះចត Chang’e 4 និង​រ៉ូ​បូត​រុករក Yutu-2 បាន «ភ្ញាក់​ដឹងខ្លួន» ឡើងវិញ នៅ​ថ្ងៃទី 6 កុម្ភៈ ក្រោយពី​បាន «ដេកលក់» នៅក្នុង​រដូវ​ត្រជាក់ និង​បាន​បញ្ជូន​រូបភាពថ្មីៗមកកាន់​ផែនដី ក្នុង​នោះគេ​ឃើញ​មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ដុំថ្ម​ចម្លែក​មួយ​ដែលមាន​រាង​ស្រដៀង​នឹង​បង្គោល​មួយ​ត្រូវបាន​បោះ​នៅ​ផ្នែក​ងងឹត​របស់​ព្រះ​ចន្ទ។

នៅក្នុង​អត្ថបទ​មួយ​ដែល​ចេញផ្សាយ​ដោយ​ទំព័រ Our Space ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​បាន​និយាយថា បង្គោល​ថ្ម​នេះ​គួរតែ​ត្រូវបាន​ពិនិត្យ​ឱ្យមាន​លម្អិត​ជាង​នេះ។

ក្រុម​អ្នកគ្រប់គ្រង​យាន បានរៀបចំ​ផែនការ​ដើម្បី​បញ្ជា​ឱ្យ​យាន Yutu-2 ចូលទៅ​ក្បែរ​ដុំថ្ម​ខាងលើ និង​ធ្វើ​ការវិភាគ​ដោយ​ប្រើ​បច្ចេកវិទ្យា VNIS ដែល​បំពាក់​នៅលើ​យាន។ មុននេះ VNIS ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពិនិត្យ​ទៅលើ​សំណាក​ថ្ម និង​ថ្មកំបោរ​នៅតាម​បណ្ដោយ​ផ្លូវ​ដែល​រ៉ូ​បូត​ដើរកាត់​តាម​រណ្ដៅ Von Karman។

យាន​រុក​រក​ Yutu-2 របស់​ចិន​ នៅ​លើ​ឋាន​ព្រះចន្ទ

អ្នកស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ Dan Moriarty មកពី​មជ្ឈមណ្ឌល​អវកាស Goddard របស់​អង្គការ NASA ប្រចាំ​តំបន់ Greenbelt រដ្ឋ Maryland បាន​និយាយថា «បង្គោល​ថ្ម​នេះ ដូច​ទៅនឹង​បំណែក​អ្វីមួយ​ដែល​លយ​ចេញពី​ដី។ ប្រការនេះ​ប្រាកដ​ជាមាន​អ្វី​មិនធម្មតា»។

អ្នកវិទ្យាសាស្ត្រ​ខាងលើ​បកស្រាយ​ថា ឥទ្ធិពលដដែលៗដែល​កើតឡើង​ដោយសារ​វដ្ដ​នៃ​សីតុណ្ហភាព និង​បាតុភូត​រំលីង​នៅលើ​ផ្ទៃ​របស់​ព្រះ​ចន្ទ តែងតែ​ធ្វើឱ្យ​ដុំថ្ម​នានា​ត្រូវ​ប្រេះ​បែក និង​រំលីង​ពួកវា​ជា​រាងមូល។ បង្គោល​ថ្ម​ថ្មី​ដែល​ទើបត្រូវ​បាន​រកឃើញ​នេះ អាចជា​លទ្ធផល​នៃ​ការធ្លាក់​អាចម៍ផ្កាយ​នៅក្បែរនោះ​ដោយ​មិនបាន​ឆ្លងកាត់​ដំណាក់កាល​ខាងលើ។

ក្រុម​អ្នក​វ​វិទ្យាសាស្ត្រ​សង្ឃឹមថា ទិន្នន័យ​ដែល​បានមកពី VNIS នៅក្នុង​ការស្រាវជ្រាវ​បន្ទាប់​នឹង​ផ្ដល់​ចម្លើយ​បាន​លម្អិត​ជាង​បច្ចុប្បន្ន ដែល​អនុញ្ញាត​ឱ្យគេ​ដឹងបាន​ថា បង្គោល​ថ្ម​នោះ ធ្លាក់​ពី​ទី​អវកាស ឬ​យ៉ាងណា៕

ប្រភព៖ Space

Advertisement