Elon Musk អញ្ជើញ​ប្រធានាធិបតី Putin ជជែក​គ្នា​នៅលើ​កម្មវិធី​ថ្មី​មួយ​ដែល​សំឡេង​មិនអាច​ត្រូវបាន​រក្សាទុក ឬ​ថតចម្លង

Elon Musk និង​ Putin

ការជជែក​គ្នា​រវាង​មហាសេដ្ឋី​អាមេរិក Elon Musk និង​កំពូល​មេដឹកនាំ​រុស្ស៊ី លោក Vladimir Putin នឹង​កើតឡើង​ដែរ ឬទេ?

សារព័ត៌មាន CNN បាន​រាយការណ៍​ថា លោក Elon Musk បានបង្ហាញ​ពី​បំណង​អញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ដើម្បី​និយាយ​គ្នា​លេង​នៅលើ​កម្មវិធី​មួយ​របស់​បណ្ដាញ​សង្គម​ថ្មី​ដែល​លោក Musk ចូលចិត្ត នោះ​គឺ Clubhouse។

កាលពី​ថ្ងៃទី 7 កុម្ភៈ CEO របស់​ក្រុមហ៊ុន Tesla បាន​រំលឹក​ដល់​គណនី​ផ្លូវការ​របស់​វិមាន​ក្រិ​ម​ឡាំង (Kremlin) ដើម្បី​សាកសួរ​ថា តើ​ប្រធានាធិបតី​រុស្ស៊ី លោក Putin ចង់​ចូលរួម​ក្នុងការ​ជជែក​គ្នា​ជាមួយ​លោក នៅលើ​កម្មវិធី Clubhouse ដែរ ឬទេ។

«តើ​លោក​មានបំណង​ចូលរួម​ក្នុង​ការជជែក​គ្នា​ជាមួយ​ខ្ញុំ នៅលើ Clubhouse ដែរ ឬ​យ៉ាងណា?» លោក Musk សរសេរ​ដូច្នេះ និង​បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដែល​ត្រូវបាន​សរសេរ​ជា​ភាសា​រុស្ស៊ី ដែលមាន​ខ្លឹមសារ​ថា៖ «ពិត​ជាមាន​កិត្តិយស​ខ្លាំងណាស់ បើសិនជា​បាន​ជជែក​ជាមួយ​លោក»។

ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​នេះ តំណាង​របស់​វិមាន​ក្រិ​ម​ឡាំង និយាយថា៖ «ការអញ្ជើញ» របស់លោក Elon Musk ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ ប៉ុន្តែ​ពួកគេ​ត្រូវការ​ស្វែងយល់​លម្អិត​ជាង​នេះ។ «យើង​នឹង​ពិនិត្យមើល មុននឹង​មានការ​ឆ្លើយ​តប​នាពេល​ក្រោយ» Dmitry Peskov តំណាង​របស់លោក Putin បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​ថ្ងៃនេះ។

ជាក់ស្ដែង ប្រធានាធិបតី Putin មិនមែនជា​បុគ្គល​ល្បីឈ្មោះ​តែ​ម្នាក់​គត់​ដែល​លោក Musk បាន​អញ្ជើញ​ឱ្យ​ចូលរួម​ពិភាក្សាគ្នា​នោះទេ ថ្មីៗនេះ CEO របស់ Tesla និង SpaceX រូបនេះ ក៏បាន​បង្ហើប​ឱ្យដឹងថា លោក និង​អ្នកចម្រៀង​រ៉ែ​ប Kanye West អតីត​បេក្ខភាព​ប្រធានាធិបតី​អាមេរិក ក៏​ធ្លាប់បាន​និយាយ​គ្នា​លេង​នៅលើ​កម្មវិធី Clubhouse នេះ​ផងដែរ។

លោក Musk ក៏​ធ្លាប់បាន​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ Twitter ប្រាប់ថា៖ «ផ្អាក​ការប្រើប្រាស់ Twitter មួយរយៈ» ប្រការនេះ​ធ្វើឱ្យ​អ្នកវិភាគ​យល់ថា លោក​ចង់​ប្រាប់ថា នឹង​ប្ដូរ​ទៅប្រើ​ប្រាស់ Clubhouse ជំនួស​ឱ្យ Twitter វិញ​ម្ដង។

លោក Kanye West (មហា​សេដ្ឋី និង​ជា​អ្នក​ចម្រៀង​រ៉ែបអាមេរិក​) និង​ភរិយា នាង​ Kim Kardashian

Clubhouse គឺជា​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​យោងទៅលើ​សំឡេង។ ក្រុមហ៊ុន​គ្រប់គ្រង Clubhouse បាន​និយាយថា Clubhouse គឺជា «ប្រភេទ​បណ្ដាញ​សង្គម​ថ្មី​ដែល​ប្រើប្រាស់​សំឡេង អនុញ្ញាតឱ្យ​គ្រប់គ្នា​នៅលើ​ពិភពលោក ជជែក​គ្នា​លេង អភិវឌ្ឍ​គំនិត ធ្វើឱ្យ​មិត្តភាព​កាន់តែ​ប្រសើរឡើង ហើយ​អ្នកលេង​នឹង​អាច​ជួប​មនុស្ស​ថ្មី​គួរឱ្យ​ចាប់អារម្មណ៍​នៅ​ជុំវិញ​ពិភពលោក»។

ជា​មូលដ្ឋាន អ្នក​អាច​ចូលរួម និង​ចាក​ចេញពី «បន្ទប់» ជជែក​គ្នា​នានា ដែលមាន​ប្រធានបទខុសៗគ្នា ពោលគឺ​វា​ស្រដៀង​នឹង podcast ផ្សាយ​ផ្ទាល់ និង​ដោយ​សេរី។ អ្នក​អាច​គ្រាន់តែ​ចាំ​ស្ដាប់ ឬ​ជ្រើសរើស​ចូលរួម​បញ្ចេញមតិ​ទៅក្នុង​បន្ទប់​ជជែក​គ្នា​ណាមួយ​នោះ​ក៏បាន។

ចំណុច​ពិសេស​របស់ Clubhouse នោះ​គឺ សំឡេង​នៃ​ការជជែក​គ្នា​នឹងមិន​អាច​យក​ចេញពី​កម្មវិធី​នេះឡើយ។ នេះ​គឺជា​គោលការណ៍​ចម្បង៖ មិនអាច​ថត​សំឡេង​នៃ​ការជជែក​គ្នា ហើយ​វា​នឹង​មិនអាច​ត្រូវបាន​រក្សាទុក៕

ប្រភព៖ CNN

Advertisement