ហ្វីលីពីន​រិះគន់ថា «ជំនួយ​ផ្នែក​យោធា​របស់​អាមេរិក ប្រៀប​បាន​ទៅ​នឹង​​​ខ្ទង់​ប្រា​ក់រាយ»

កង​ទ័ព​ហ្វីលីពីន ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​​កាល​ពី​ឆ្នាំ​ 2017

រដ្ឋាភិបាល​ហ្វីលីពីន យល់ថា ជំនួយ​ផ្នែក​យោធា​ដែល​ប្រទេស​នេះ​ទទួលបាន​ពី​សហរដ្ឋអាមេរិក ប្រៀប​ស្មើនឹង «ខ្ទង់​ប្រា​ក់រាយ» និង​បាន​អំពាវនាវ​ឱ្យ​ទីក្រុង​វ៉ា​ស៊ី​ង​តោន បង្កើន​ទំហំ​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​មកឱ្យ​ទីក្រុង​ម៉ានីល។

«បើសិនជា​យើង​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដែលមាន​អំណាច​ខ្លាំង ខ្ញុំ​គិតថា វា​គួរតែ​អម​ជាមួយនឹង​ជំនួយ​ហិរញ្ញវត្ថុ​ខ្នាត​ធំ។ យើង​ទទួលបាន 3.9 ពាន់​លាន​ដុល្លារ តើ​នេះ​គឺជា​ខ្ទង់​ប្រាក់​ដ៏​ធំ ឬ​យ៉ាងណា? វា​គ្រាន់តែ​ជា​ខ្ទង់​ប្រាក់​រាយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ជំនួយ (របស់​អាមេរិក) សម្រាប់​ប្រទេសផ្សេង» លោក Harry Roque អ្នកនាំពាក្យ​របស់​លោក​​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​កាលពី​ថ្ងៃទី 15 កុម្ភៈ។

អ្នកនាំពាក្យ​ខាងលើ បាន​ដកស្រង់​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល Stimson ដែលមាន​មូលដ្ឋាន​នៅ​​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញថា ប្រទេស​ហ្វីលីពីន ទទួលបាន​ប្រាក់​ជំនួយ 3.9 ពាន់​លាន​ដុល្លារ​ពី​សហរដ្ឋអាមេរិក សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវកម្ម ដំណាក់កាល​ឆ្នាំ 2000-2017 ដែល​វា​តិចជាង​ឆ្ងាយ​បើ​ធៀប​នឹង 16.4 ពាន់​លាន​ដុល្លារ​ដែល​​សហរដ្ឋ​អាមេរិក​បាន​ជួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន នៅក្នុង​ដំណាក់កាល​ដូចគ្នា។

ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​ម៉ានីល មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការលើកឡើង​នេះ​នៅឡើយ។ កាលពី​ខែធ្នូ 2020 ស្ថានទូត​អាមេរិក​បានឱ្យដឹងថា ហ្វីលីពីន កំពុង​ទទួលបាន​ជំនួយ​ច្រើនជាងគេបង្អស់​ពី​សហរដ្ឋអាមេរិក នៅក្នុង​តំបន់​ឥណ្ឌា-ប៉ាស៊ីហ្វិក ជាមួយនឹង​សព្វាវុធ​ដែលមាន​តម្លៃ​ឡើងដល់ 689 លាន​ដុល្លារ។

លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte

ប្រធានាធិបតី​ហ្វីលីពីន ធ្លាប់បាន​រអ៊ូរទាំ​ថា រដ្ឋាភិបាល​អាមេរិក មិនបាន​អនុវត្ត​ទៅតាម​កិច្ចសន្យា​ដែល​បានធ្វើ​ជាមួយ​កងទ័ព​ប្រទេស​នេះ ដូចជា​ករណី​ដែល​ទីក្រុង​ម៉ានីល​យល់ព្រម​ចំណាយ​ប្រាក់​ដើម្បី​ទិញ​កាំជ្រួច​នាំ​ផ្លូវ ពី​រដ្ឋាភិបាល​របស់​អតីត​ប្រធានាធិបតី Donald Trump ប៉ុន្តែ មិន​ទទួលបាន​ចម្លើយ។ លោក Duterte កាលពី​សប្ដាហ៍​មុន ក៏បាន​ស្នើឱ្យ​អាមេរិក​សង​ប្រាក់​មកវិញ បើសិនជា​ចង់​រក្សា «កិច្ចព្រមព្រៀង​ទស្សនកិច្ច​ប្រដាប់អាវុធ VFA» (Philippines–United States Visiting Forces Agreement) ដែល​អនុញ្ញាតឱ្យ​ទីក្រុង​វ៉ា​ស៊ី​ង​តោន ដាក់ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ប្រទេស​នេះ។

VFA គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​ហ្វីលីពីន និង​សហរដ្ឋអាមេរិក​បង្កើត​ឡើង​កាលពី​ឆ្នាំ 1998 ដើម្បី​ជា​មូលដ្ឋាន​ច្បាប់ អនុញ្ញាត​ឱ្យមាន​វត្តមាន​កងទ័ព​អាមេរិក​នៅលើ​ទឹកដី​ហ្វីលីពីន និង​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​ការពារ​រួម ដែល​ធានាថា ប្រទេស​ទាំងពីរ​នឹង​ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់​គ្នា នៅក្នុង​ករណី​ដែល​ទឹកដី​របស់​ពួកគេ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវ​រង​ការវាយប្រហារ។

ប្រធានាធិបតី Duterte កាលពី​ឆ្នាំទៅ ក៏​ធ្លាប់​បានប្រកាស​រំលាយ​កិច្ចព្រមព្រៀង VFA ផងដែរ ក្រោយពី​សមាជិក​​ព្រឹទ្ធសភា​ហ្វីលីពីន Ronald “Bato” dela Rosa ត្រូវ​សហរដ្ឋអាមេរិក​បដិសេធ​ការផ្ដល់​ទិដ្ឋាការ ព្រោះតែ​រង​ការចោទប្រកាន់ថា បានសម្លាប់​មនុស្ស​ដោយ​គ្មាន​ការកាត់ទោស ក្នុង​គ្រា​កំពុងកាន់​កាប់​តំណែង​ជា​មេបញ្ជាការ​ប៉ូលិស​ជាតិ​ហ្វីលីពីន ទាក់ទង​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន។

លោក Duterte បាន​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការរំលាយ​កិច្ចព្រមព្រៀង VFA នៅក្នុង​ស្ថានការណ៍ Covid-19 កំពុង​​ឆ្លង​រាលដាល។ ប៉ុន្តែ កាលពី​ខែធ្នូ ឆ្នាំ 2020 លោក​បាន​បន្ត​គំរាមថា នឹង​បញ្ចប់​កិច្ចព្រមព្រៀង​នេះ បើសិន​អាមេរិក​មិន​ផ្ដល់​វ៉ាក់សាំង Covid-19 យ៉ាងតិច 20 លាន​ដូ​ស មកឱ្យ​ហ្វីលីពីន៕

ប្រភព៖ Reuters

Advertisement