ជប៉ុន «បង់ថ្លៃ​ការពារ» ឱ្យ​អាមេរិក​ដូច​មុន បើ​ទោះ Trump ធ្លាប់​ទារ​ច្រើនជាង​នេះ 4ដង

ជប៉ុន​នឹង​ពន្យារ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​តម្លៃ 1.9 ពាន់​លាន​ដុល្លារ​ដែល​ប្រទេស​នេះ​ត្រូវ​បង់​ទៅឱ្យ​កងទ័ព​សហរដ្ឋអាមេរិក​ដែល​បោះជំរំ​នៅ​ប្រទេស​នេះ សម្រាប់​រយៈពេល​មួយឆ្នាំ បើទោះជា​អតីត​ប្រធានាធិបតី Trump ធ្លាប់​ទាមទារ​ច្រើនជាង​នេះ 4 ដង​ក៏ដោយ។

រដ្ឋមន្ត្រីការបរទេស​ជប៉ុន Toshimitsu Motegi កាលពី​ថ្ងៃទី 17 កុម្ភៈ បានប្រកាសថា ទីក្រុង​តូ​ខ្យូ និង​វ៉ា​ស៊ី​ង​តោន បាន​យល់ព្រម​ពន្យារ​សុពលភាព​នៃ​កិច្ចព្រមព្រៀង​ខាងលើ ដោយ​រក្សាទុក​តម្លៃ​ដើម​ដែល​ជប៉ុន​ត្រូវ​បង់​ទៅឱ្យ​ទាហាន​អាមេរិក​ចំនួន 55,000 នាក់ ដែល​បោះទ័ព​ក្នុងប្រទេស​នេះ ក្នុង​គ្រា​ប្រទេស​ទាំងពីរ​កំពុង​ចរចា​គ្នា​អំពី​កិច្ចព្រមព្រៀង​ចែករំលែក​ខ្ទង់ចំណាយ​ថ្មី។

កិច្ចព្រមព្រៀង​ចែករំលែក​ការចំណាយ​នាបច្ចុប្បន្ន នឹងត្រូវ​បញ្ចប់​នៅក្រោយ​ខែមីនា ឆ្នាំ 2021 ប៉ុន្តែ​នឹងត្រូវ​បានអូសបន្លាយ​ដល់​ខែមីនា ឆ្នាំ 2022 ហើយ​ជប៉ុន​នឹង​បន្ត​បង់ប្រាក់​ឱ្យ​សហរដ្ឋអាមេរិក​ចំនួន 1.9 ពាន់​លាន​ដុល្លារ សម្រាប់​អំឡុង​ពេលនេះ។

អតីត​ប្រធានាធិបតី Donald Trump កាលពី​នៅ​កាន់តំណែង ធ្លាប់​បានដាក់​សម្ពាធ​ឱ្យ​ជប៉ុន​បង់ថ្លៃ​ការពារ​ដល់​អាមេរិក​ច្រើនជាង​បច្ចុប្បន្ន​ដល់​ទៅ 4 ដង ពោលគឺ​ប្រហាក់ប្រហែល​នឹង 8 ពាន់​លាន​ដុល្លារ​អាមេរិក។ សម្ពាធ​នេះ​គឺ​ស្ថិតក្នុង​យុទ្ធនាការ​របស់លោក Trump ដើម្បី​បង្ខំ​ឱ្យ​ប្រទេស​ជា​សម្ព័ន្ធមិត្ត បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ពួកគេ។

ទាហានជប៉ុន និងអាមេរិក កំពុងធ្វើសមយុទ្ធរួមគ្នា នៅ Okinawa កាលពីឆ្នាំ 2020

ទាហាន​អាមេរិក​ប្រមាណ 55,000 នាក់ កំពុងមាន​វត្ត​មាននៅ​លើ​ទឹកដី​ជប៉ុន ក្នុងនោះ​មាន កង​នាវាចម្បាំង​ទី7 (United States Seventh Fleet) របស់​កងទ័ពជើងទឹក រួម​នឹង​ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ប្រចាំការ និង​កងទ័ពជើងទឹក​លេខ3 (III Marine Expeditionary Force) ផងដែរ។ បណ្ដា​ប្រទេស​ដែល​កងទ័ព​សហរដ្ឋអាមេរិក​បោះជំរំ ត្រូវមាន​កាតព្វកិច្ច «ជួយ​ចេញថ្លៃ​លើ​ការបណ្ដុះបណ្ដាល ពលកម្ម និង​ភ័ស្តុភារ សម្រាប់​មូលដ្ឋានទ័ព»។

រដ្ឋាភិបាល​លោក Joe Biden កំពុងតែ​ស្វែងរក​ការប្ដូរ​ផ្លាស់​វិធីសាស្ត្រ​បែប «ប្រឈមមុខ» របស់​អតីត​រដ្ឋាភិបាល​លោក Trump ចំពោះ​សម្ព័ន្ធមិត្ត ទាក់ទង​នឹង​កិច្ចសន្យា​ការពារ​ប្រទេស​របស់​ពួកគេ។ លោក Biden មុននេះ​ក៏​ធ្លាប់បាន​ផ្អាក​ផែនការ​ដកទ័ព​អាមេរិក​ប្រមាណ 11,900 នាក់ ចេ​ញ្ពី​ប្រទេស​អាល្លឺម៉ង់ ដែល​ត្រូវបាន​លោក Trump បញ្ជា​កាលពី​លោក​នៅ​គ្រប់គ្រង​សេត​វិមាន៕

ប្រភព៖ Aljazeera

Advertisement