ព្យុះ​ដំបូង​គេ​ក្នុង​ឆ្នាំ2021 ដែល​អាច​ជះឥទ្ធិពល​ខ្លះ​ដល់​កម្ពុជា នឹង​​កើតឡើង​នា​សប្ដាហ៍​ក្រោយ

ព្យុះ Dujuan ដែល​ទើបតែ​បានកើត​ឡើង​នៅ​លម្ហ​សមុទ្រ​ហ្វីលីពីន អាច​នឹង​បោកបក់​ចូល​សមុទ្រ​ចិន​ខាងត្បូង​នៅ​ដើម​សប្ដាហ៍​ក្រោយ និង​ក្លាយជា​ព្យុះ​ដំបូង​គេ​នៅ​សមុទ្រ​ចិន​ខាងត្បូង​សម្រាប់​ឆ្នាំ 2021 នេះ។

CNN កាលពី​ជាង 9 ម៉ោង​មុន បានឱ្យដឹងថា ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ហ្វីលីពីន បានក្លាយ​ទៅជា​ព្យុះ ដែល​នេះ​គឺជា​ព្យុះ​ដំបូង​គេ​បង្អស់​នៅក្នុង​ឆ្នាំ 2021 សម្រាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ពាយព្យ។ ព្យុះ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា Dujuan ជា​ឈ្មោះ​ដែល​ចិន​ជា​អ្នក​ស្នើឡើង ហើយ​វា​មានន័យថា ជា​ផ្កា​មួយ​ប្រភេទ។ តាម​ការ​ព្យាករ ព្យុះ Dujuan នឹង​រីក​មាឌធំ​ជាង​បច្ចុប្បន្ន រួច​បោកបក់​ចូលកាន់​សមុទ្រ​ចិន​ខាងត្បូង​ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី 22-23 ខែកុម្ភៈ។

ការ​ព្យាករ​បញ្ជាក់ថា មុនពេល​ធ្វើដំណើរ​ចូលដល់​សមុទ្រ​ចិន​ខាងត្បូង ព្យុះ Dujuan អាច​នឹង​បង្កើន​កម្លាំង​រហូតដល់​កម្រិត​ចាប់ពី 9-10 ក៏ប៉ុន្តែ ក្រោយពី​បាន​ឆ្លង​ផុតពី​ប្រទេស​ហ្វីលីពីន Dujuan នឹងត្រូវ​ចុះខ្សោយ ហើយ​បន្ត​បោកបក់​ចូល​សមុទ្រ​ចិន​ខាងត្បូង​ដោយ​កម្លាំង​ចាប់ពី​កម្រិត 7 ដល់​កម្រិត 8។ ក្រោយពី​បាន​ចូលដល់​សមុទ្រ​ចិន​ខាងត្បូង Dujuan ក៏​អាច​ជះឥទ្ធិពល​ដល់​ប្រទេស​វៀតណាម និង​អាច​បណ្ដាលឱ្យ​អាកាសធាតុ​នៅ​កម្ពុជា​ប្រែប្រួល​ខ្លះ។

ការ​ព្យាករ​បាន​បន្តថា សមុទ្រ​ខាងត្បូង​អាច​នឹង​មិនមាន​ព្យុះ​ណាមួយ​កើតឡើង​ទៀត​ទេ ក្រោយពី​ព្យុះ​នេះ រហូតដល់​ខែឧសភា ឆ្នាំ 2021។ ចូលដល់​ខែមិថុនា-កក្កដា ព្យុះ និង​សម្ពាធ​ទាប​ចាប់​ផ្ដើមធ្វើ​សកម្មភាព​ឡើងវិញ​នៅ​តំបន់​សមុទ្រ​ខាងលើ៕

ប្រភព៖ CNN, CNBC

Advertisement