អាមេរិក​សាកល្បង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប៖ បាញ់​តម្រង់​គោលដៅ​ចម្ងាយ​ជាង 6.7ពាន់​គីឡូម៉ែត្រ

កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប Minuteman III ដែល​មិនមាន​បំពាក់​ក្បាល​គ្រាប់ ចេញពី​មូលដ្ឋានទ័ព​នៅ California និង​បាន​ចំ​គោលដៅ​ដែលមាន​ចម្ងាយ​ពី​មូលដ្ឋានទ័ព​ជាង 6,700 គីឡូម៉ែត្រ។

ការធ្វើ​តេស្ត​លើ​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប (ICBM) Minuteman III នេះ ត្រូវបាន​ធ្វើឡើង​នៅឯ​មូលដ្ឋានទ័ព Vandenberg រដ្ឋ California កាលពី​យប់​ថ្ងៃទី 23 កុម្ភៈ។ កាំជ្រួច​ផ្លោង​នេះ​បាន​បាញ់​ចំ​គោលដៅ​នៅលើ​កោះ​ថ្ម​ប៉ប្រះ​ទឹក Kwajalein នៃ​ប្រជុំ​កោះ Marshall ដែលមាន​ចម្ងាយ​ជាង 6,700 គីឡូម៉ែត្រ​ពី​ទីតាំង​បាញ់​សាកល្បង។

«កមក​ន្លាំ​ង ICBM របស់​ប្រទេស​យើង តែងតែ​ត្រៀមខ្លួន​ជាស្រេច 24/7» ឧត្ដមសេនីយ៍ Anthony Cotton មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​វាយប្រហារ​ទូទាំង​សកលលោក​របស់​ទ័ពអាកាស​អាមេរិក ឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃទី 24 កុម្ភៈ។ លោក​បន្តថា «ការធ្វើ​តេស្ត​នានា បានបញ្ជាក់​អំពី​កម្រិត​នៃ​ការត្រៀមខ្លួន និង​ទំនុកចិត្ត​ទៅលើ​កាំជ្រួច​ផ្លោង Minuteman III ដែល​យើង​មាន»។

មន្ត្រី​យោធា​ខាងលើ​អះអាងថា សហរដ្ឋអាមេរិក «មាន​សមត្ថភាព​គ្រប់គ្រង​ទំនុកចិត្ត ជាមួយនឹង​វិធានការ​កំញើញ​ជា​យុទ្ធសាស្ត្រ​សកល ការពារ​សុវត្ថិភាព​សម្ងាត់ និង​ប្រសិទ្ធភាព»។

កងទ័ព​អាមេរិក​ឱ្យដឹងថា ការសាកល្បង​អាវុធ​នេះ​មិន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នយោបាយ​ពិភពលោក ឬ​ភាព​តានតឹង​ណាមួយ​ក្នុង​តំបន់ ព្រោះថា វា​ត្រូវ​បានរៀបចំ​តាំងតែ​ពី 5 ឆ្នាំមុន​មកម្ល៉េះ។

សហរដ្ឋអាមេរិក​មាន​កាំជ្រួច​ផ្លោង Minuteman III ប្រមាណ 450 ដើម នៅ​ពាសពេញ​ទឹកដី រួម​នឹង​ក្បាល​គ្រាប់​ប្រមាណ 3,800 គ្រាប់ ដែល​ស្ថិតក្នុង​លក្ខណ​ត្រៀម​ជាស្រេច និង​ក្បាល​គ្រាប់ 2,000 គ្រាប់​កំពុង​នៅក្នុង​ឃ្លាំង​សុវត្ថិភាព។ Minuteman III អាច​បំពាក់​ក្បាល​គ្រាប់ W87 ដែលមាន​កម្លាំង​បំផ្លាញ 450 kiloton ឬ​ក្បាល​គ្រាប់ W78 ចំនួន 3 គ្រាប់ ស្មើនឹង​កម្លាំង 350 kiloton ដែល​អាច​វាយប្រហារ​លើ​គោល​ដាច់ដោយឡែករៀងៗខ្លួន៕

ប្រភព៖ Sputnik, Airforcetimes
ប្រែសម្រួល៖ បុត្រា

Advertisement