ដាក់គុក ១ជីវិត មិន​គ្រប់គ្រាន់​ទេ!  ប្រទេស​សិង្ហ​បុរី ដាក់គុក ១ជីវិត “ស្ត្រី​ម្ចាស់ផ្ទះ” ដែល​ធ្វើ​ទារុណកម្ម ស្ត្រី​អ្នកបម្រើ​ជនជាតិ​ភូមា រហូតដល់​ស្លាប់

កាលពី​ថ្ងៃទី២៤កុម្ភៈ ម្សិលមិញ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍ ពី​សវនាការ​រឿងក្ដី ដែល​ស្ត្រី​ម្ចាស់ផ្ទះ ជនជាតិ​សិង្ហ​បុរី​ម្នាក់ បានធ្វើ​វាយ​បាប​លើ​រូបរាងកាយ​អ្នកបម្រើ ជា​ស្ត្រី​មេផ្ទះ​ម្នាក់ ដ៏​សែន​រន្ធត់ចិត្ត​ថា ជនជាប់ចោទ​ដែលមាន​ឈ្មោះថា កៃ​យ៉ា​ធី​រី មូ​រូ​កា​យ៉ាន់ ភេទ​ស្រី អាយុ ៤០ឆ្នាំ សញ្ជាតិ​សិង្ហ​បុរី បាន​សារភាពថា ខ្លួន​ជា​អ្នកធ្វើ​ទារុណកម្ម លើ​ស្ត្រី​ជា​អ្នកបម្រើ​នៅក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ ផាយ ង៉ា​យ ដន អាយុ ២៤ឆ្នាំ សញ្ជាតិ​ភូមា រហូតដល់​ស្លាប់ ពិតប្រាកដ​មែន កាលពី​ខែមករា ឆ្នាំ2016។

ស្ត្រី​រងគ្រោះ ត្រូវ​រង​ការ​វាយតប់ ច្របាច់ក យក​ខ្សែរឹត​ក វាយដំ​ដោយ​ដំបង និង​យក​ដែក​ក្ដៅ មក​ដាក់​លើ​រាងកាយ និង​ពេលខ្លះ ប្ដី និង​ម្ដាយ​របស់​ស្ត្រី​ជាប់ចោទ បាន​ចូលរួម​ធ្វើ​ទណ្ឌកម្ម​ទាំងនោះ​ទៀតផង។

គណៈ​អយ្យការ បាន​ថ្លែងថា ទង្វើ​របស់​ស្ត្រី​ជាប់ចោទ គឺមាន​ភាព​សាហាវឃោរឃៅ គ្មាន​មនុស្សធម៌ ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​ខ្ពស់បំផុត តាម​បទ​ប្បញ្ញត្តិ របស់​ច្បាប់ និង​ចាត់ទុកថា ជា​រឿងក្ដី​មួយ​ដែល​ធ្ងន់ធ្ងរ​បំផុត ក្នុង​ការធ្វើ​ទារុណកម្ម​លើ​និយោជិត​នៅក្នុង​ប្រទេស​សិង្ហ​បុរី។

តែ​យ៉ាងណាក្ដី អយ្យការ​បាន​ដំណើរការ​រឿងក្ដី​របស់​ស្ត្រី​ជាប់ចោទ​ឈ្មោះ មូ​រូ​កា​យ៉ាន់ ក្នុង​បទចោទប្រកាន់ ធ្វើ​ទារុណកម្ម​បណ្ដាលឱ្យ​អ្នកដទៃ​ស្លាប់ ជំនួស​ឱ្យ​បទ​ចោទ ការធ្វើឃាត​ដោយ​ចេតនា ព្រោះ​យល់ឃើញថា ជនរងគ្រោះ មាន​ជំងឺ​ពិបាកចិត្ត និង​សោកសៅ ធ្វើឱ្យ​ទោសទណ្ឌ ថយ​ចុះមក​នៅត្រឹម ជាប់គុក ១ជីវិត ជំនួស​ឱ្យ​ការប្រហារជីវិត​វិញ។

ជនរងគ្រោះ​ជា​អ្នកបម្រើ​តាម​ផ្ទះ សញ្ជាតិ​ភូមា​រូបនេះ មាន​មេ​ប៉ូលិស​ម្នាក់ ជា​អ្នករៀបចំ​ស្វែងរក​មកឱ្យ​ជនជាប់​ចោទ កាលពី​ឆ្នាំ2015 ដោយមាន​ភារកិច្ច​ត្រូវ​មើលថែទាំ​កូនស្រី​ម្នាក់ អាយុ ៤ឆ្នាំ និង​កូនប្រុស អាយុ ១ឆ្នាំ ម្នាក់ទៀត​របស់​ជន​ជាប់​ជន​ចោទ ក្នុង​រយៈពេល ១ឆ្នាំកន្លងមក​នោះ។

ជនរងគ្រោះ ត្រូវបាន​បង្ខំ​ឱ្យ​ដេក​សម្រាក បានត្រឹមតែ ៥ម៉ោង​ប៉ុណ្ណោះ​ក្នុង ១ថ្ងៃ រហូត​ធ្វើឱ្យ​ធ្លាក់ខ្លួន​ស្គមស្គាំង និង​ទម្ងន់​ខ្លួន​ស្រក​ចុះ​ដល់​ទៅ ៣៨%  និង​ក្នុងអំឡុងពេល​ស្លាប់ ជនរងគ្រោះ មាន​ទម្ងន់​ខ្លួន​នៅសល់​ត្រឹមតែ ២៤គីឡូក្រាម​ប៉ុណ្ណោះ។

សូម​ជម្រាប​ដែរ​ថា ទាំងអស់នេះ ប្រទេស​សិង្ហ​បុរី មាន​ពលករ​បរទេស​ចំណាកស្រុក ដែលជា​អ្នកបម្រើ​តាម​ផ្ទះ ប្រមាណ​ជា ២៥០ ០០០នាក់ ដែល​ភាគច្រើន មកពី​ប្រទេស​ក្នុង​ភូមិភាគ​អាស៊ី ដែល​ទីទ័លក្រ និង​តែង​ប្រឈម​នឹង​ការធ្វើ​ទារុណកម្ម​ជា​ប្រក្រតី៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement