ក្រុម​អ្នកការទូត​រុស្ស៊ី ត្រូវ​រុញ​រទេះ​ឡូរី​គ្មាន​ម៉ាស៊ីន ចាក​ចេញពី​កូរ៉េខាងជើង យ៉ាង​កម្សត់ ក៏​ព្រោះ​​តែ…

ក្រុមអ្នកការទូតរុស្ស៊ី ត្រូវរុញរទេះឡូរីគ្មានម៉ាស៊ីន ចាកចេញពីកូរ៉េខាងជើង

ដោយសារ​ព្រំដែន​ត្រូវ​បិទ​ព្រោះតែ Covid-19 ធ្វើឱ្យ​ក្រុម​អ្នកការទូត​រុស្ស៊ី​ប្រចាំ​នៅ​រដ្ឋធានី​ព្យុងយ៉ាង​នៃ​ប្រទេស​កូរ៉េខាងជើង ត្រូវ​បង្ខំចិត្ត​ផ្ទុក​អីវ៉ាន់​លើ​រទេះ​ឡូរី​គ្មាន​ម៉ាស៊ីន ហើយ​រុញ និង​អូស​តាម​ផ្លូវដែក​ត្រលប់​ទៅ​ប្រទេស​វិញ​យ៉ាង​កម្សត់ មិនគួរ​ឱ្យ​ជឿ។

មន្ត្រីការទូត រួម​នឹង​គ្រួសារ​របស់​ពួកគេ សរុប 8 នាក់ ដែល​បាន​ត្រលប់​ទៅ​រុស្ស៊ី​វិញ​កាលពី​ថ្ងៃទី 25 កុម្ភៈ ត្រូវ​ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ​ជាច្រើន​កន្លែង​ក្នុងអំឡុង​ដំណើរ​ត្រលប់​ទៅ​ប្រទេស​របស់ខ្លួន ដោយសារតែ​ទីក្រុង​ព្យុងយ៉ាង​បានដាក់​វិធានការ​ទប់ស្កាត់ Covid-19 យ៉ាង​តឹងរ៉ឹង​ជាទីបំផុត ក្នុងនោះ​ក៏មាន​ការហាម​រាល់​មធ្យោបាយ​ដឹកជញ្ជូន​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​ផងដែរ។

«ព្រោះតែ​ព្រំដែន​ត្រូវបាន​បិទ​ជាង​មួយឆ្នាំ ហើយ​យានយន្ត​ដឹក​អ្នកដំណើរ​ក៏ត្រូវ​បាន​ផ្អាក ទើប​ក្រុម​បុគ្គលិក​ការទូត​រុស្ស៊ី ត្រូវ​ឆ្លងកាត់​ការធ្វើដំណើរ​ប្រកបដោយ​ការលំបាក​ដើម្បី​ត្រលប់​ទៅផ្ទះ» នេះ​បើតាម​ក្រសួងការបរទេស​រុស្ស៊ី ប្រកាស​កាលពី​ថ្ងៃទី 25 កុម្ភៈ។

ក្រុម​អ្នកការទូត​ដែលមាន​គ្នា 8 នាក់​នេះ ក៏មាន​កុមារ​អាយុ 3 ឆ្នាំ​ម្នាក់​ផងដែរ បាន​ជិះ​រថភ្លើង 32 ម៉ោង និង​ជិះ​រថយន្តក្រុង 2 ម៉ោង ពី​ទីក្រុង​ព្យុងយ៉ាង​ទៅកាន់​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី។ ទៅដល់​កំណាត់​ផ្លូវ​មាន​ស្ពាន​ឆ្លងកាត់​ផ្លូវដែក​ដែល​ឆ្លងកាត់​ទន្លេ Tumen នៅក្បែរ​ព្រំដែន​កូរ៉េខាងជើង និង​រុស្ស៊ី ពួកគេ​ក៏ត្រូវ​ធ្វើដំណើរ​ដោយ​ថ្មើរជើង។

«ពួកគេ​លើកដាក់​អីវ៉ាន់​ពេញ​រទេះ ហើយ​អូស​តាម​បណ្ដោយ​ផ្លូវដែក​ដើម្បី​ឆ្លងទៅ​ខាងនាយ» ក្រសួងការបរទេស​រុស្ស៊ី​បកស្រាយ​នៅពេល​ប្រកាស​បង្ហាញ​រូបថត និង​វីដេអូ​ដែល​បង្ហាញ​អំពី​រទេះ​ឡូរី​ដែល​ផ្ទុក​ពេញ​ដោយ​អីវ៉ាន់ ត្រូវ​អូស​ឆ្លងកាត់​ស្ពាន​ផ្លូវដែក​ក្បែរ​ព្រំដែន។

Vladislav Sorokin ដែលជា​លេខាធិការ​ទី​បី​របស់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ព្យុងយ៉ាង គឺជា «ម៉ាស៊ីន» របស់​រទេះ​ឡូរី​នេះ។ គាត់​គឺជា​បុរស​ពេញកម្លាំង​តែ​ម្នាក់​គាត់​នៅក្នុង​ក្រុម ទទួលបន្ទុក​រុញ​រទេះ​ឡូរី​ក្នុង​រយៈ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ឆ្លងកាត់​ព្រំដែន​កូរ៉េខាងជើង ដើម្បី​ចូល​ទឹកដី​រុស្ស៊ី។

ក្រុមមន្ត្រី​រួមការ​ងារ​នៅក្នុង​ក្រសួងការបរទេស​រុស្ស៊ី នាំគ្នា​មក​រង់ចាំ​ទទួល​នៅឯ​ម្ខាង​ព្រំដែន រួច​នាំ​ពួកគេ​ឡើង​រថយន្តក្រុង ធ្វើដំណើរ​ទៅកាន់​ព្រលានយន្តហោះ​របស់​ទីក្រុង Vladivostok ក្នុង​តំបន់​ចុង​បូព៌ា​​ដែល​ស្ថិត​ក្នុង​​ប្រទេស​រុស្ស៊ី៕

ប្រភព៖ Reuters, BBC
ប្រែ​សម្រួល៖ បុត្រា

Advertisement