ទីក្រុង​ទេសចរណ៍​ទាំង 5 ដែលមាន​ការចាយវាយ​ថោក​បំផុត​លើ​លោក

ក្នុងពេល​បច្ចុប្បន្ននេះ ការធ្វើដំណើរ​នា​សម័យ​ថ្មី​មាន​ថ្លៃ​ចាយវាយ​តិចជាង​កាលពី​សម័យមុន​ច្រើន តែ​ទោះជា​យ៉ាងនោះ​មែន ក៏​មិនមែន​មានន័យថា ការធ្វើដំណើរ​ទេស​ចេ​ណ៍​ទាំងអស់​នឹងមាន​តម្លៃថោក​ជានិច្ច​នោះដែរ តែ​វា​ស្ថិត​លើ​ការរៀប​ផែនការ​លើ​ការចាយវាយ​របស់លោក​អ្នក រួមទាំង​ផែនការ​ធ្វើដំណើរ​ឱ្យ​បានល្អ​ទៅវិញ​ទេ ដែលជា​អ្នក​ជួយ​សន្សំសំចៃ​ថ្លៃ​ចាយវាយ​ក្នុង​ដំណើរ​ទេសចរណ៍​របស់​លោកអ្នក​នោះ។

ខាងក្រោម​នេះ​គឺ​បណ្តា​ទីក្រុង​ដែលមាន​ថ្លៃ​ចាយវាយ​ថោក​បំផុត​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​សម្រាប់អ្នកទេសចរ​ដែល​ចូលចិត្ត​សន្សំសំចៃ៖

1/ ទីក្រុង ហ្លួងព្រះបាង ប្រទេស​ឡាវ

ក្រៅពី​ការធ្វើដំណើរ​ដែល​ហាក់ដូចជា​ងាយស្រួល និង​នៅជាប់​នឹង​ប្រទេស​យើង​ហើយ​នោះ ហ្លួងព្រះបាង ទីក្រុង​ចម្បង​មួយ​របស់​ប្រទេស​ឡាវ​នៅមាន​ថ្លៃ​ចាយវាយ​ដែល​ថោក​លើ​ការហូបចុក និង​ដើរលេង​កម្សាន្ត​ទៀតផង។ ដោយ​តម្លៃ​របស់​អាហារ​ក្នុងមួយពេលៗគិត​ជា​មធ្យម​ប្រមាណ​ជា2ដុល្លារ​អាមេរិក ឬ​ប្រហែលជា8,200រៀល​ប៉ុណ្ណោះ និង​ថ្លៃ​ចាយវាយ​ក្នុងការ​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​សាធារណៈ​វិញ គឺ​ប្រមាណ​ជា0.25ដុល្លារ​អាមេរិក ឬ​ប្រហែលជា1,000រៀល​លុយ​ខ្មែរ​ប៉ុណ្ណោះ។

2/ ទីក្រុង​ខៃ​រ៉ូ ប្រទេស​អេ​ហ្ស៊ី​ប


ទោះជា​ប្រទេស​អេ​ហ្ស៊ី​ប​ត្រូវ​រង​ទុក្ខ​បុក​ម្នេញ​ដោយ​វិបត្តិ​នយោបាយ និង​គ្រោះភ័យ​ក្នុង​រូប​បែបផ្សេងៗក៏ដោយ ក៏​មិនបាន​ធ្វើឱ្យ​អ្នកទេសចរ​គេច​ចៀស​ពី​ការធ្វើដំណើរ​ទៅ​ទស្សនា​ប្រាសាទ​ពីរ៉ាមីដ​ដែរ។ ជាពិសេស​ថ្លៃ​ចាយវាយ​ក្នុងការ​ហូបចុក​ស្ថិត​ជា​មធ្យម​ក្នុង​អាហារ​មួយពេល​ត្រឹមតែ3.42ដុល្លារ ឬ​ប្រហែល​នឹង14,000រៀល​ប៉ុណ្ណោះ។ សម្រាប់​ទេសចរណ៍​មួយ​កំណាត់​ថ្ងៃ​ដែល​នឹង​នាំ​លោកអ្នក​ទៅ​ទស្សនា​ប្រាសាទ​ពីរ៉ាមីដ​វិញ​គឺមាន​តម្លៃ​ចាប់ផ្តើម​ត្រឹមតែ 23ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជា93,000 រៀល​ហ្នឹងឯង។

3/ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ប៉ែក​ខាងជើង


ជា​ប្រទេស​មួយទៀត​ដែល​ស្ថិត​នៅជាប់​នឹង​ប្រទេស​កម្ពុជា​យើង អាចធ្វើ​ដំណើរ​ទៅដល់​តាមរយៈ​រថយន្ត​ក្រុង​បាន។ ប្រទេស​វៀតណាម​ប៉ែក​ខាងជើង​មាន​ទេសភាព​ជួរ​ភ្នំ​ដ៏​លេចធ្លោ និង​ស្រស់ស្អាត​ជាច្រើន។ ចំណែកឯ​តម្លៃ​ទីកន្លែង​ស្នាក់នៅ​ឯកជន​ដែលជា​សណ្ឋាគារ​មានតម្លៃ​ត្រឹមតែ​ពី10-15ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជា41,000-62,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​យប់ និង​នៅតាម​ផ្ទះសំណាក់​វិញ​មានតម្លៃ 5ដុល្លារ​អាមេរិក ឬ​ស្មើនឹង 20,500រៀល​ប៉ុណ្ណឹង​ឯង។

4/ ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រទុយហ្កាល់


ទោះជា​ប្រទេស​ព័រទុយហ្កាល់​ជា​ផ្នែក​មួយ​របស់​ទ្វីបអឺរ៉ុប​ក៏ដោយ តែ​លី​ស​បោ​ន​អាច​រាប់បាន​ថា ជាទី​ក្រុង​មួយ​ដែលមាន​ថ្លៃ​ចាយវាយ​ហាក់ដូចជា​ថោក​ណាស់ បើ​ធៀប​នឹង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អឺរ៉ុប ហើយ​ថែមទាំង​ជាទី​ក្រុង​ដែលមាន​ប្រវត្តិសាស្ត្រ និង​មណ្ឌល​ទេសចរណ៍ល្អៗជាច្រើន មិន​ខុសពី​ទីក្រុងល្បីៗក្នុង​ទ្វីបអឺរ៉ុប ដូចជា ប៉ារីស ឬ​មី​ឡាន​ប៉ុន្មាន​ឡើយ។ រីឯ​តម្លៃ​បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ​បែប​សន្សំសំចៃ​មាន​ចាប់ផ្តើម​ពី​តម្លៃ 30ដុល្លារ ឬ​ប្រហែល​ជាង120,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​យប់។

5/ ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់


បន្ទាប់ពី​ប្រទេស​តៃវ៉ាន់​ប្រកាស​លើកលែង​ទិដ្ឋាការ​ទេសចរណ៍​សម្រាប់​អ្នកធ្វើដំណើរ​កម្ពុជា​ហើយ​នោះ ប្រាកដ​ណាស់​ទីក្រុង​តៃប៉ិ​បាន​ក្លាយជា​កន្លែង​មួយ​នៃ​ទីកន្លែង​ជាច្រើន​ទៀត​ដែល​អ្នកទេសចរ​បែប​សន្សំសំចៃ​ទាំងឡាយ​ត្រូវការ​ទៅ​ដើរលេង​កម្សាន្ត។ តម្លៃ​ក្នុង​ការហូបចុក​បី​ពេល​រួមគ្នា​គិត​ជា​ប្រាក់​ដុល្លារ​គឺ​ត្រឹមតែ 9.20 ឬ​ប្រមាណ​ជា​ជិត40,000រៀល​ប៉ុណ្ណោះ និង​ទីកន្លែង​ស្នាក់នៅ​ភាគច្រើន​មាន​ថែម​អាហារ​ពេលព្រឹក​ឱ្យ​ស្ទើរតែ​ទាំងអស់ ធ្វើឱ្យ​លោកអ្នក​បាន​សន្សំសំចៃ​ថ្លៃ​ចាយវាយ​បាន​ច្រើនឡើង​ទៀតផង៕

Advertisement