តាមដាន​ស្ថានការណ៍​ពិភពលោក៖ ស្ត្រី​នៅលើ​បល្ល័ង្ក​របស់​កូរ៉េខាងជើង

គីម ជុង អ៊ុន មេដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​កូរ៉េខាងជើង​កំពុង​សាង​គ្រឹះ​អំណាច​ថ្មី​ដោយ​ការ​រុញ​ប្អូនស្រី​ឱ្យ​ឡើង​អង្គុយ​កៅអី​តំណែង​សំខាន់​ក្នុងការ​គ្រប់គ្រង​ប្រទេស។

គីម យ៉ូ ចង គឺ​ប្អូនស្រី​បង្កើត​របស់​គីម ជុង អ៊ុន ដែល​កាលពីពេល​មុននេះ​ធ្លាប់​បានរួម​ដំណើរ​ជាមួយ​បងប្រុស​ទៅ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​នៅតាម​ទីកន្លែងផ្សេងៗ គួបផ្សំ​នឹង​ការធ្វើការងារ​នៅក្នុង​ផ្នែក​ឃោសនាការ​របស់​បក្ស។ កាលពី​ថ្ងៃ​សៅរ៍​ដើមខែ​កន្លងទៅ នាង​បានទទួល​ការតែងតាំង​ពី​បងប្រុស​ឱ្យចូល​ទទួល​មុខតំណែង​ជាន់ខ្ពស់​របស់​បក្ស ដែលមាន​ប្រធានាធិបតី​ជា​ប្រធាន។ អ្នកវិភាគ​នយោបាយ​លោកខាងលិច​ជឿថា នេះ​គឺជា​ការចែករំលែក​អំណាច​ការគ្រប់គ្រង​របស់​គីម ជុង អ៊ុន។

ក្រៅពី​ប្អូនស្រី​វ័យ 28 ឆ្នាំ​របស់គេ​នេះហើយ ប្រធានាធិបតី​ផ្ដាច់ការ​កូរ៉េខាងជើង​នេះ​នៅបាន​តែងតាំង គីម ចង ស៊ិ​ក និង រី ព្យុង សល ចូលទៅ​កាន់តំណែង​ថ្មី រួមទាំង រី យ៉ង់ ហូ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម្នាក់ទៀត​ដែល​ធ្លាប់បាន​ហៅ លោក ដូ​ណា​ល់ ត្រាំ ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ថា ជា “ប្រធានាធិបតី​បិសាច” ផងដែរ។

ខណៈដែល​ស្ថាន​ការណ៍ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​នៅ​មិនទាន់បាន​ធូរស្រាលនិង​នៅមាន​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ដាក់គ្នា​នោះ រឿង​ការតែងតាំង​អ្នកនយោបាយ​ចូលទៅ​កាន់តំណែង​ជាន់ខ្ពស់​របស់​បក្ស​កុម្មុយនីស្ត​កូរ៉េខាងជើង​នៅតែ​ជា​រឿង​ដែល​ត្រូវ​តាម​សង្កេតមើល​ជានិច្ច។

ជាពិសេស គីម យ៉ូ ចង ដែលជា​ប្អូនស្រី​បង្កើត ដែល​ក្នុង​ពេលអនាគត​ដ៏​ខ្លី​នេះ ពិភពលោក​កំពុង​តាម​សម្លឹងមើល​ឥរិយាបថ​ថា នឹង​ចូលមក​ជំនួស ឬក៏​ដើរ​តាម​គន្លង​ផ្លូវ​របស់​បងប្រុស​ប៉ុនណា ឬ​យ៉ាងណាដែរ?៕

ប្រភព Manager.com

ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

Advertisement