5ហេតុផល ដែល​គូ​ស្វាមី-ភរិយា​ថ្មោងថ្មី​ត្រូវតែទៅ​ក្រេប​រាត្រី​ចន្ទ​ទឹកឃ្មុំ

ធ្លាប់​នឹក​សង្ស័យ​ដែរឬទេ​ថា ហេតុអ្វី​បានជា​គូ​អាពាហ៍ពិពាហ៍​ថ្មោងថ្មីត្រូវតែទៅ​ក្រេប​រាត្រី​ចន្ទទឹកឃ្មុំ (Honeymoon) តើ​វា​ជា​ច្បាប់​កំណត់ ជាទំនៀមទម្លាប់ ឬ​ជា​អ្វី? និង​បើ​គូស្នេហ៍​ដូច​រូបអ្នក​មិន​ទៅ​ហា​នី​មូ​ន តើ​ខុស​ដែរឬទេ? ព្រោះ​ជាធម្មតា​អ្នក​ក៏​តែង​ធ្វើដំណើរ​កម្សាន្ត​ញឹកញាប់​ស្រាប់​ទៅហើយ​តើ! ហើយ​ពាក្យ​ថា “ក្រេប​រាត្រី​ចន្ទ​ទឹកឃ្មុំ” នេះ​វា​កើត​ចេញមក​ទីកន្លែង​ណា​ទៅ ហេតុ​អី​ចាំ​បាច់​​ពិសេស​ជាងគេ​ជាង​ឯង? គូ​អាពាហ៍ពិពាហ៍​ថ្មីថ្មោង​ទាំងឡាយ​មិនចាំបាច់​ឆ្ងល់​ច្រើន​ទេ សូម​នាំគ្នា​មើល​ចម្លើយ​ដូចតទៅ។

Honeymoon ឬ​រាត្រី​ក្រេប​ចន្ទ​ទឹកឃ្មុំ​នេះ​មាន​ប្រភព​មកពី​ខាង​បណ្ដា​ប្រទេស​អឺរ៉ុប​ដែល​បាន​ប្រៀបធៀប​ការ​ហា​នី​មូ​ន​នេះ​ទៅនឹង​ការឡើងចុះ​របស់​ដួង​ព្រះ​ចន្ទ ព្រោះ​អំឡុង​ខែ​ដំបូង​នៃ​ការ​រៀបការ សេចក្ដីស្នេហា​នឹង​ក្រអូប​ផ្អែម​ឆ្អិត​ប្រៀប​ដូច​ទឹកឃ្មុំ ទើប​ហៅថា ហា​នី​មូ​ន។ ត​មក​នាពេលក្រោយៗនេះ គូស្នេហ៍​នៃ​សង្គម​អភិជន​ក្នុង​ទ្វីបអឺរ៉ុប​ច្រើនតែ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​សាច់ញាតិ​ដែល​មិន​បានមក​ចូលរួម​ពិធីមង្គលការ​នៅតាម​ទីក្រុងផ្សេងៗ ឬ​នៅក្រៅ​ប្រទេស ដែល​អាច​រាប់បាន​ថា ជាការ​ធ្វើដំណើរ​កម្សាន្ត​ដើម្បី​បន្ធូរ​ភាព​តានតឹង​​ពី​ការរៀបចំ​ពិធីមង្គលការ​ផងដែរ រហូត​ធ្វើឱ្យ​ការ​ទៅ​ហា​នី​មូ​ន​នេះ​ក្លាយជា​ទំនៀមទម្លាប់​មួយ​ដែល​មិនអាច​ខកខាន​បាន​នាពេល​បច្ចុប្បន្ននេះ។

La Reine Wedding Tips មាន​ហេតុផល5យ៉ាង​ដែល​គូស្នេហ៍​អាពាហ៍ពិពាហ៍​ទាំងឡាយ​គួរតែ​ទៅ​ហា​នី​មូ​ន​មក​ជម្រាបជូន ដើម្បីឱ្យ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​មួយចំនួន​ដែល​មើលមិនឃើញ​ពី​ភាពចាំបាច់​របស់​ការ​ទៅ​ហា​នី​មូ​ន​នេះ​ក្រោក​ឡើងមក​រៀបចំ​ដំណើរ​កម្សាន្ត​ក្រេប​រាត្រី​ចន្ទ​ទឹកឃ្មុំ​ដ៏​សែន​ផ្អែមល្ហែម​នេះ​ជាមួយគ្នា។

1- បន្ធូរ​អារម្មណ៍​តានតឹង​ពី​ការរៀបចំ​ពិធីមង្គលការទិដ្ឋភាព​នៃ​ពិធីមង្គលការ​ដែល​អ្នក​ទាំងពីរ​បាន​នឹក​រំពឹងទុក​នោះ ប្រាកដ​ណាស់ វា​ច្បាស់​ជា​ត្រូវធ្វើ​នេះ​ធ្វើ​នោះ​ច្រើនណាស់ និង​ពេញ​ទៅដោយ​ការងារសំខាន់ៗ ទាំង​ការរៀប​ផែនការ​ចាត់​ពិធី ទីកន្លែង ធៀប​ការ វត្ថុ​អនុស្សាវរីយ៍ និង​នេះនោះ​ជាច្រើន​ទៀត ដូច្នេះ​ទើប​គូស្នេហ៍​ពោរពេញ​ទៅដោយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ភាព​នឿយហត់​ពី​ការរៀបចំ​ពិធីមង្គលការ​នេះ អីុចឹង​ហើយ​ទើប​ការ​ទៅ​ហា​នី​មូ​ន​ប្រៀបដូចជា​ទៅ​សម្រាកលម្ហែ​បន្ធូរ​ភាព​នឿយហត់​ទាំងអស់​របស់​អ្នក​ទាំងពីរ​ដែរ។

2- ជប់លៀង​តែ​ពីរ​នាក់ស្ងាត់ៗជា​ការពិតហើយ​ដែល​អ្នក​ទាំងពីរ​បានធ្វើ​ពិធីជប់លៀង​ពិធីមង្គលការ​ធំដុំ មាន​ញាតិមិត្ត​មក​រួម​សម្ដែង​ក្ដី​សោមនស្ស​រីករាយ​ជាច្រើន​នោះ តែ​កុំ​គិតថា​ការ​ជប់លៀង​បែបស្ងាត់ៗតែ​ពីរ​នាក់​តទល់​មិន​សំខាន់​ឱ្យសោះ តែ​វា​ថែមទាំង​ជា​រឿង​ដែល​ចាំបាច់​ខ្លាំង​ទៀតផង ជាពិសេស​ចំពោះ​សុភាពនារី​អាចនិយាយបាន​ថា ជា​រឿង​មួយ​ដែល​មិនអាច​ខ្វះ​បានឡើយ​នៅក្នុង​សម្ពន្ធភាព​នៃ​ជីវិត​អាពាហ៍ពិពាហ៍ គឺជា​ការបន្ថែម​ភាព​ផ្អែមល្ហែម​ដល់​ជីវិត​គូ​ក៏​អាច​ថា​បានដែរ។ រឹតតែ​ក្នុងអំឡុង​ពេលដែល​ផ្អែមល្ហែម​បំផុត​ពេល​ហា​នី​-
មូ​ន​ផង​នោះ ក្រៅពី​បាន​ទៅ​ដើរលេង​កម្សាន្ត​ហើយនៅមាន​ផែនការ​ជប់លៀង​ជាមួយគ្នា​តែ​ពីរ​នាក់ស្ងាត់ៗទៀតផង។ គិត​មើលលេងៗទៅ​មើលថា តើ​គូស្នេហ៍​របស់​អ្នក​នឹងមាន​សេចក្ដីសុខ​ប៉ុនណា​ទៅ? សូម​កុំភ្លេចថា រឿង​ការធ្វើឱ្យ​មានរឿង​ភ្ញាក់ផ្អើលល្អៗ គឺជា​រឿង​ចាំបាច់​មួយ​សម្រាប់​ជីវិត​គូ ព្រោះ​រឿង​ទាំងអស់នេះ​បាន​សាង​ភាព​រីករាយ និង​សេចក្ដីសុខ​ខ្លាំង​មែនទែន។

3-​ រៀន​យល់ដឹង​ពីគ្នា​ទៅវិញទៅមកអំឡុងពេល​ហា​នី​មូ​ន គឺជា​ឱកាស​ដែល​អ្នក​ទាំង​ពីរបាន​នៅ​ជាមួយគ្នា24ម៉ោង បាន​ដើរលេង ប្រឡែង​គ្នា និង​កាន់​ដៃ​គ្នា អាច​ហៅ​បាន​ថា ជា​អំឡុងពេល​ផ្អែមល្ហែម​បំផុត​មួយ​នៃ​ជីវិត​អាពាហ៍ពិពាហ៍។អំឡុង​ពេលនេះ​អ្នក​ទាំងពីរ​នឹងមាន​សេចក្តីសុខ​បែប​ផុត​កំពូល អ្វីៗក៏​មើលទៅ​ល្អ មើលទៅ​គួរឱ្យ​ស្រឡាញ់​ទាំងអស់ ដូច្នេះ​គឺ​ពេល​នេះហើយ​ដែលជា​ចង្វាក់​ល្អ​បំផុត​ដែល​អ្នកនឹង​បាន​ស្គា​ល់ពី​គូស្នេហ៍​របស់ខ្លួន​យ៉ាង​ស៊ីជម្រៅ អាច​និយាយបានថា បាន​សម្របសម្រួល​ខ្លួន បាន​រៀន​យល់ដឹង​ពីគ្នា​ទៅវិញទៅមក​យ៉ាង​ពេញទំហឹង មុននឹង​ត្រឡប់​ទៅ​រស់នៅក្នុង​ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​យ៉ាងពិត​ប្រាកដ។

4- មាន​ពេលវេលា​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់គូស្នេហ៍ភាគច្រើនតែងតែមាន​ពេលវេលា​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់​មិន​ច្រើន​ប៉ុន្មាន​ឡើយ​ក្នុងអំឡុង​មុនពេល​រៀបការ ដូច្នេះ​ទើប​ការ​ហា​នី​មូ​ន​ជា​វិធី​មួយ​ដែល​នឹង​ធ្វើឱ្យ​អ្នក​ទាំង​ពីរបាន​ផ្អែមល្ហែម​ជាមួយគ្នា​ដូច​ចិត្ត​ប្រាថ្នា ដូច​ពាក្យ​ថា “ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ធ្វើឱ្យ​យើង​ខិតជិត​គ្នា”។

5-​ រៀបចំ​ផែនការ​អនាគត​រួមគ្នាការ​ទៅ​ហា​នី​មូ​ន​ប្រៀបដូចជា​ការបើកឱកាស​ឱ្យ​ទាំងពីរ​នាក់​បាន​នៅ​ជាមួយគ្នា ដោយ​គ្មាន​នរណា​ផ្សេង​មក​ពាក់ព័ន្ធ។ ឱកាស​នេះ​ស័ក្តិសម​បំផុត​ក្នុង​ការជជែក​ពិភាក្សាគ្នា​យ៉ាង​បើកចំហ ជា​អំឡុងពេល​ដ៏​ល្អ​មួយ​ក្នុងការ​បាន​ប្រឹក្សា​អំពី​រឿងរ៉ាវ​របស់​គ្នា​ទៅវិញទៅមក ឬ​រឿង​មួយចំនួន​ដែល​អាច​នឹងបំ​ភ្លេច​មិនបាន​ប្រាប់​គ្នា​ឱ្យដឹង​តាំងពី​ដំបូង និង​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផែនការ​គ្រួសារ​នាពេល​អនាគត​ទៀតផង។

ទាំង5ហេតុផល​នេះ អាច​ប្រាប់​បាន​ថា ហេតុ​អី​បាន​គូស្នេហ៍​ទាំងអស់​ចាំបាច់​ត្រូវ​ទៅ​ហា​នី​មូ​នព្រោះ​ក្រៅពី​នឹងធ្វើ​ឱ្យ​អ្នក​ទាំងពីរ​បាន​នៅ​នែបនិត្យ​ជិតគ្នា​ច្រើនឡើង​ហើយ ការ​ក្រេប​រាត្រី​ចន្ទ​ទឹកឃ្មុំ​ថែមទាំង​ជា​ចំណុច​ចាប់ផ្ដើម​ក្នុងការ​ធ្វើឱ្យ​ជីវិត​គូ​របស់​អ្នក​ផ្លាស់ប្ដូ​ទៀតផង៕

Advertisement