តើ​រៀបការ​រួច គួរ​ទៅ​​ក្រេបចន្ទ​ទឹកឃ្មុំ​នៅឯណា?

ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​មានន័យ​ត្រូវបាន​បញ្ចប់ ពេលវេលា​ដែល​ត្រូវ​គិតដល់​ទីតាំង​ក្រេបទឹក​ឃ្មុំ​ដ៏​រ៉ូ​មែន​ទិ​ក ក៏ត្រូវ​ចូលមក​ដល់​ដែរ។ សម័យ​បច្ចុប្បន្ននេះ ការធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​អាច​ចាត់ទុកថា ជា​រឿង​ដែលមាន​ភាព​សំខាន់​មួយ​ដែរ ព្រោះថា​សម្រាប់​គូស្នេហ៍​ដែល​ទើបតែ​រៀបការ​រួច​ថ្មោងថ្មី​ដូចជា​អ្នក​ទាំងពីរ ការធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ គឺ​ប្រៀបដូចជា ការជួយ​បង្កើន​នូវ​ការចងចាំ​អនុស្សាវរីយ៍​ដ៏​រីករាយ បន្ថែម​ជាមួយនឹង​ភាព​ផ្អែមល្ហែម​ដ៏​សែនមានន័យ​មិនអាច​បំភ្លេចបាន។ “គិត​ចេះតែ​គិត​ហើយ ប៉ុន្តែ​ដូច​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​សោះ​ថា​នឹង​ទៅ​ក្រេបទឹក​ឃ្មុំ​នៅឯណា​ល្អ​នោះទេ?” នេះ​គឺជា​ប្រយោគ​មួយ​ដែល​ស្ថិតនៅក្នុង​ចិត្ត​គូ​ស្វាមីភរិយា​មួយចំនួនមែនដែរ​ទេ? បើ​ដូច្នេះ​ចូរ​សាក​មក​ទទួលយក​ទីតាំង​មួយចំនួន​ដែល ឡា​រ៉ែ​ន បានបង្ហាញ​ជូន​ដូចខាងក្រោម​នេះ ៖

តំបន់​កម្សាន្ត​លើ​កោះ ៈ អាច​និយាយបានថា ជាទី​តាំង​ល្អ​លេខ​មួយ​ហើយ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​ទីតាំង​ក្រេប​ចន្ទ​ទឹកឃ្មុំ​លំដាប់​ល្អ​ដាច់គេ​នោះ។ ជា​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​ដែលមាន​លក្ខណៈ​ផ្ទាល់ខ្លួន​ខ្លាំងជាងគេ​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ការធ្វើដំណើរ​កម្សាន្ត​នៅ​ទីតាំងផ្សេងៗទៀត តែ​ក៏​អាច​នឹងត្រូវ​ចំណាយ​អស់​ច្រើនជាងគេដែរ ប៉ុន្តែ​អ្វីដែល​អ្នកទទួលបាន​ពី​តំបន់​កម្សាន្ត​នៅលើ​កោះ​នោះ ក៏​ស្ទើរតែ​រក​មិនឃើញ​ភាពខ្វះ​ចន្លោះ​ទាល់តែសោះ​ដែរ។ សម្រាប់​ទីតាំង​ពិសេស​បែបនេះ​អ្នក​អាច​នឹក​គិតដល់​តំបន់​មួយចំនួន​ដូចជា កោះ​ម៉ា​ល់​ឌី​វ កោះ​ឡាំង​កា​វី កោះ​តា​ហី​ទី កោះ​បាលី និង​កោះ​សាមុយ​ជាដើម តែបើ​អ្នក​គិតថា​មិន​ចង់ទៅដល់​បរទេស​ទេនោះ អ្នក​អាច​គិតដល់​កោះ​មួយចំនួន​នៅក្នុង​ប្រទេស​យើង​ក៏បាន គឺអាច​ផ្តល់នូវ​ភាព​រ៉ូ​មែន​ទិ​ក​ដែល​មិនអាច​បំភ្លេចបាន​សម្រាប់​រាត្រីច​ន្ទ​ទឹកឃ្មុំ​របស់​អ្នក​ដូចគ្នា។

តំបន់​មាត់សមុទ្រ ៈ ខ្យល់​ត្រជាក់​បក់​ផាត់​នាំយក​ក្លិន​ដ៏​ប្រហើរ​នៃ​ទឹកសមុទ្រ រួមជាមួយ​នឹង​សំឡេង​រលក​បោក​ច្រាំង​ទាំងថ្ងៃទាំងយប់​ឥតឈប់ឈរ រួម​ជាមួយនឹង​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​សមុទ្រ​នឹង​ជួយ​ធ្វើឱ្យ​ភាព​ផ្អែមល្ហែម​នៃ​គូ​ស្វាមីភរិយា​ថ្មោងថ្មី​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​ឡើង​មួយកម្រិត​ទៀត ហើយ​បើ​បានទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅលើ​ឆ្នេរ​ខ្សាច់​យ៉ាង​រ៉ូ​មែន​ទិ​ក​ក្រោម​ពន្លឺ​ភ្លើងទៀន និង​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ទៀត​នោះ​គឺ​កាន់តែ​បង្កើន​នូវ​ក្តី​ស្រឡាញ់ និង​ភាព​ផ្អែមល្ហែម​មិនអាច​បំភ្លេច​បានឡើយ។

តំបន់ភ្នំ ៈ នៅតាម​តំបន់ភ្នំ​ជា​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ មាន​ភាព​ត្រជាក់​ស្រួល ស្ងប់​ស្អា​ត់ មាន​ទេសភាព​ស្រស់ស្អាត មាន​ពណ៌បៃតង​ស្រស់ មាន​សំឡេង​សត្វ​បក្សាបក្សី​ខ្ញា​វ​ខ្ញារ និង​សំឡេង​ទឹកជ្រោះ​ជាត​ន្ត្រី​កំដរ​គូស្នេហ៍​ដែល​ស្រឡាញ់​ចូលចិត្ត​ធម្មជាតិ និង​សម្រាប់​គូស្នេហ៍ដែល​ចូលចិត្ត​ភាពស្ងប់ស្ងាត់​ឱ្យ​កាន់តែ​រ៉ូ​មែន​ទិ​ក មាន​សេចក្តីសុខ និង​មាន​ភាព​រីករាយ​កាន់តែ​ច្រើនឡើង ហើយក៏​ជួយ​ឱ្យ​គូស្នេហ៍​ថ្មោងថ្មី​មាន​ភាព​ពពុះ​ពារ និង​ចេះ​ជួយ​គ្នា​នៅក្នុង​ដំណើរ​ឡើង​ភ្នំ និង​ដើរកាត់​ព្រៃព្រឹក្សា​ផងដែរ ដើម្បីឱ្យ​ទៅដល់
​គោលដៅ​មួយ​រួមគ្នា។ នេះ​គឺជា​បទពិសោធ​ថ្មី​ដែល​គូស្នេហ៍​របស់​អ្នក​អាចធ្វើ​រួមគ្នា​ជា​លើកដំបូង​ដ៏​ល្អ​មិនអាច​បំភ្លេចបាន​នៅក្នុង​ជីវិត​គូ​របស់​អ្នក។

ប្រសិនបើ​អ្នក​មិន​ចង់​ទៅណា​ឆ្ងាយ​រហូតដល់​ឆ្លង​ប្រទេស​ទេនោះ ចូរ​ស្វែងរក​ទីតាំងពិសេសៗនៅក្នុង​ប្រទេស​យើង​ក៏បាន​ដែរ ហើយ​ទីតាំង​ក្នុងប្រទេស​ដែល​និយាយ​នោះ វា​គ្មានអ្វី​ក្រៅពី​តំបន់​សមុទ្រ (ដូចជា ក្រុងព្រះសីហនុ និង​ក្រុងកែប) ឬ​តំបន់​កោះ (ដូចជា កោះ​សង្សារ កោះ​ឫស្សី និងកោះរ៉ុង​សន្លឹម កោះរ៉ុង កោះ​ឋានសួគ៌ កោះទន្សាយ និង​កោះ​ស្តេច​ជាដើម) និង​តំបន់ភ្នំ (ដូចជា ភ្នំ​បូកគោ និង​គីរីរម្យ​ជាដើម)៕

Advertisement