Kerala ឋានសួគ៌​ធម្មជាតិ​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៃ​ទិសនិរតី​ប្រទេស​ឥណ្ឌា

Kerala ជា​រដ្ឋ​មួយ​ពោរពេញ​ដោយ​វប្បធម៌​ដ៏​ចំណាស់ និង​ជាទី​តាំង​ដ៏​ស្រស់បំព្រង​នៃ​ឆ្នេរសមុទ្រ​ដ៏​វែង​អន្លាយ​របស់​ប្រទេស​ឥណ្ឌា ជាប់​ជាមួយនឹង​សមុទ្រ​អារ៉ាប់។ ទឹកដី​ដែល​ត្រូវបាន​ដាក់ឈ្មោះ “ដែនដី​គ្រប់គ្រង​ដោយ​ព្រះ” មួយ​នេះ ត្រូវបាន​ចាត់ទុក​ជាទី​តាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត 1ក្នុងចំណោម10នៅ​ទូទាំង​ពិភពលោក ព្រោះ​វា​បង្កប់​ទៅដោយ​រឿងរ៉ាវ​ដ៏​អស្ចារ្យ ជាពិសេស​គឺ​កសាង​រមនីយដ្ឋាន​ឱ្យស្រប​ទៅតាម​បែប​ធម្មជាតិ ជាពិសេស​ទូក​ទេសចរណ៍​ធ្វើ​អំពី​ឈើ ដែលញាំុងឱ្យ​ភ្ញៀវទេសចរ ជាពិសេស​គូស្នេហ៍​ដ៏​រ៉ូ​មែន​ទិ​ក​អាច​លំហែកាយ និង​កសាង​នូវ​អនុស្សាវរីយ៍ ដែល​មិនអាច​បំភ្លេចបាន​ក្នុង​ឆាកជីវិត។

ការធ្វើដំណើរ​កម្សាន្ត​នៅក្នុង​តំបន់ Kerala នេះ ភ្ញៀវទេសចរ​ក៏​នឹង​ស្វែងយល់​អំពី​របៀប​រស់នៅ ជាពិសេស​ខ្សែទឹក​ទន្លេ និង​ដងព្រែក​ដ៏​ឆ្វាត់ឆ្វែង ព្រមទាំង​វាលស្រែ​ដាំ​ដំណាំ​ជាច្រើន​ប្រភេទហើយ​ក៏មាន​ដំណាំ​កាហ្វេ​ផងដែរ ជាពិសេស​គឺ​ដើម​ដូង​ច្រូងច្រាងខ្ពស់ៗ និង​លំនៅឋាន​បែបប្រពៃណីសាងសង់អំពី​ឈើ​នៅតាមបណ្តោយដង​ទន្លេ និង​ដងព្រែក​នេះ​តែម្តង។ មិនទាន់​អស់​ទេ ឆ្នេរ​ខ្សាច់​នៅ​រដ្ឋ Kerala ដ៏​វែង​អន្លាយ គឺជា​ឆ្នេរ​ពណ៌​មាស​ទល់មុខ​នឹង​សមុទ្រ​អារ៉ាប់ វា​នឹងធ្វើ​ឱ្យជើង​របស់លោក​អ្នក ទទួល​នូវ​អារម្មណ៍​ថ្មី​ប្លែក​មួយបែប​ទៀត​ពេល​អ្នក​បាន​ដើរលេង​នៅលើ​ឆ្នេរ​ខ្សាច់​នេះ។ កុំ​ភ្លេច​ណា​ភ្ញៀវ​ទេសចរ​ទាំងឡាយ សូម​ទៅ​ទស្សនា​ឧទ្យាន​ជាតិ​នានា ព្រមទាំង​ឧ​ទ្យា​ជីវៈចម្រុះ​អភិរក្ស​សត្វព្រៃ​ផង ដើម្បីឱ្យ​បានដឹង​បន្ថែមថា Kerala មាន​ធនធានធម្មជាតិ​កម្ររ​កបាន​អ្វីខ្លះ​ដែល​ពិសេស​ប្លែក​ពី​គេ។

ដោយឡែកចំពោះ​ការធ្វើដំណើរ​មកកាន់​ដែនដី​ដ៏​ស្រស់ស្អាត​នេះ​គឺអាច​ធ្វើដំណើរ​តាមផ្លូវ​អាកាស ដោយ​ត្រូវ​ធ្វើដំណើរ​មកកាន់​ព្រលានយន្តហោះ ដែលមាន​ទាំង​ព្រលានយន្តហោះ​ជាតិនិង​ព្រលានយន្តហោះ​អន្តរជាតិ សរុប​ចំនួន3កន្លែង ហើយ​បើ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​វិញ Keralaមាន​កំពង់ផែ​សមុទ្រ Cochin និង​ផ្លូវគោក​គឺ​ភ្ជាប់​គ្នា​រវាង​រដ្ឋ Karnataka និង​រដ្ឋ Tamil Nadu តែម្តង ដោយមាន​ទាំង​ផ្លូវថ្នល់ ជាពិសេស​ម​ធ្យោ​បាយ​តាម​រថភ្លើង​ដ៏​ពេញនិយម និង​អាចឱ្យ​អ្នកទេស-ចរ​ រីករាយ​នឹង​ទេសភាព​នៅតាម​ដងផ្លូវ​បន្ថែម​ទៀតផង។

បន្ថែម​ពីនេះ ​សេវាកម្ម​ហាង​លក់ទំនិញ ផ្សារ​ទំនើប អាហា​រដ្ឋា​ន បូក​រួមទាំង​ចំណីអាហារ​ដ៏​សម្បូរបែប និង​ផ្ទះសំណាក់ រហូតដល់​សណ្ឋាគារ​ប្រណិត​លំដាប់​អន្តរជាតិ គឺមាន​គ្រប់គ្រាន់ ទាំង​នៅតាម​តំបន់​មាត់សមុទ្រ និង​នៅតាម​ដងព្រែក ដង​ទន្លេ ព្រមទាំង​តំបន់​ឧទ្យាន​ជាច្រើន​ទៀត​របស់ Kerala ដែ​លេ​ជា​កន្លែង​ទេសចរណ៍ និង​ជាទី​ដ៏​មនោ​រម្យ​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដែល​មិនចេះ​ជិនណាយ​ឡើយ៕

Advertisement