វិធី​បង្កើត​ទម្លាប់​ល្អ ដើម្បី​ភាពស្រស់ស្អាត​គ្រប់គ្នា​ក្នុង​គ្រួសារ

មិនចាំបាច់​ទាល់តែ​ទៅ​ស្វែងរក​សេវាកម្ម​ថែរក្សា​សម្រស់ ក៏​លោកអ្នក​អាច​ទទួលបាន​ភាពស្រស់​ស្អាត​ដែរ ព្រោះថា​ការដែល​លោក​អ្នកមាន​ទម្លាប់ល្អៗសម្រាប់​អនុវត្ត​ហើយ​នោះ ភាពស្រស់ស្អាត​ក៏​ពិតជា​មិន​រត់​ទៅណា​ដែរ។ កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ​គឺ ប្រសិនបើ​អ្នក​អាច​ធ្វើជា​អ្នកដឹកនាំ​គ្រប់គ្នា​នៅក្នុង​គ្រួសារ​ឱ្យមាន​ទម្លាប់​ថែរក្សា​ភាព​ស្អាត​ឱ្យបាន​ត្រឹមត្រូវ​ដូច​អ្នក​ដែរនោះ ធានាថា​គ្រប់គ្នា​ពិតជា​បាន​ស្រស់​ជាមិនខាន។

សូម​ចាំ​ថា​ការអនុវត្ត​វិធីងាយៗនៅផ្ទះ​ដោយ​ខ្លួនឯង​ឱ្យបាន​ញឹកញាប់​វា​នឹង​ក្លាយជា​ទម្លាប់ ហើយ​នៅពេលដែល​គ្រប់គ្នា​នៅក្នុង​គ្រួសារ​មាន​ទម្លាប់​ល្អ​ហើយ​នោះ​សូម​ធានាថា ក្តីបារម្ភ​ដែល​ទាក់ទង​នឹង​ការថែរក្សា​សម្រស់​ក៏​ពិតជា​មិន​អាចមក​រំខាន​អ្នកណាម្នាក់​នៅក្នុង​ផ្ទះ​រប​ស់​អ្នក​បាន​ទៀតឡើយ។

ស្បែក​ស្អាត​ត្រូវ​ចាប់ផ្តើម​ពី​ការសម្អាត៖ ការសម្អាត​ស្បែក​ជាប្រចាំ​នាពេល​ព្រឹក និង​ពេលយប់​ជា​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើឱ្យបាន​ជាប់​ជាប្រចាំ។ ក្នុងករណី​ដែល​អ្នក​ចង់ឱ្យ​ការសម្អាត​ផ្ទៃមុខ​របស់អ្នក​កាន់​តែមាន​លក្ខណៈ​ពិសេស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ផ្តល់នូវ​គុណប្រយោជន៍​ជាច្រើន​ដល់​សម្រស់​ស្បែក​របស់​អ្នក​ទៀត​នោះ​អ្នក​អាច​យក​ទឹកឃ្មុំ​បន្តិច​លាយ​ជាមួយ​ទឹកដោះគោឆៅ​មួយ​ស្លាបព្រា រួច​យក​វា​ទៅ​កម្តៅ3-4វិនាទី​ក្នុង​ម៉ាស៊ីន​មៃ​ក្រូ​វេ​វ ហើយ​យកមក​លាប​ឱ្យ​សព្វ​លើ​ផ្ទៃមុខ និង​ក រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅតិចៗជាការ​ស្រេច។

ចំហុយ​ជា​កូនសោ​បើកទ្វារ​នៃ​ភាព​ស្រស់ស្រាយ៖ ចំហុយ​មុខ​របស់​អ្នក​ឱ្យបាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​សម្អាត​ជាតិពុល មុន​ក្បាល​ខ្មៅ និង​ស្នាមតូចៗចេញពី​ស្បែ​កមុខ។ ការបន្ថែម​ប្រេងផ្សេងៗឱ្យ​ត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក គឺជា​ការជួយ​ឱ្យ​ការ​ចំហុយ​ស្បែក​មុខ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ឡើង។  សូម​ចាំ​ថា ការ​ចំហុយ​ស្បែក​គឺជា​វិធី​ដែល​ជួយ​ឱ្យ​ស្បែក​មាន​ភាព​ស្រស់ស្រាយ និង​មាន​សុខភាព​ល្អ​ជាប់​ជានិច្ច។

ចងចាំ​ជានិច្ច​ថា​ស្បែក​ត្រូវមាន​សំណើម៖ ប្រេង​បន្លែ ដូចជា ប្រេង​អាល់​ម៉ុ​ន​ជាដើម​ត្រូវបាន​គេ​ទុក​ថា​ជា​ជំនួយការ​ដ៏​ល្អ​បំផុត​ក្នុងការ​នាំមក​នូវ​សំណើម​ដល់​ស្បែក និង​កាត់បន្ថយ​ស្នាម​ជ្រួញ។

គ្រឿង​ម៉ាស្សា​នៅផ្ទះ៖ ការ​ម៉ាស្សា​សម្អាត​ស្បែក​ដោយ​ប្រើ​ផលិតផល​ដែលមាន​ស្រាប់​នៅក្នុង​ផ្ទះ​ម្តង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺជា​ទម្លាប់​ដ៏​ប្រសើរ​មួយ ដែល​អ្នក​គួរតែ​នាំគ្នា​អនុវត្ត។ គ្រាន់តែ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយនឹង​ស្ករត្នោត​បន្តិច ហើយ​យកមក​ត្រដុសថ្នមៗលើ​ស្បែក រួច​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហ។ ក្រោយមក​បន្តិច​កុំ​ភ្លេច​បិទ​រន្ធ​ញើស​របស់​អ្នក​ដោយ​ការ​សាចទឹក​ត្រជាក់​លើ​ផ្ទៃមុខ​ផង។ វិធី​នេះ​នឹងចូលរួម​ចំណែក​ធ្វើការ​កម្ចាត់ និង​សម្អាត​ស្បែកចាស់ៗចេញ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ស្បែក​ថ្មី​បានបង្ហាញ​វត្តមាន​នៅលើ​ផ្ទៃមុខ​របស់​អ្នក​វិញ​ជាមិនខាន។

កុំ​បំភ្លេច​ម៉ាស​ជំនួយ​ផ្ទៃមុខ៖ ការប្រើ​ម៉ាស​បិទមុខ​ដែល​អ្នកទិញ​មកស្រាប់ៗអាច​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ប្រឈម​នឹង​បញ្ហាផ្សេងៗ ហើយ​អ្នក​ក៏​អាច​នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យមាន​ភាព​ចំណេញ និង​មិនមាន​ក្តីបារម្ភ​ទៀត​នោះ សូម​សាកល្បង​នាំ​សមាជិក​ក្នុង​គ្រួសារ​បិទ​ម៉ាស​ដែល​អ្នក​ធ្វើឡើង​ដោយ​ខ្លួនឯង ដែល​បានមកពី​ការ​ផ្សំ​ចូលគ្នា​នៃ​គ្រី​ម មួយ​ស្លាបព្រា ចេកទុំ​កិន​ម៉ដ្ឋ​មួយ​ផ្លែ និង​វីតាមីន​Eមួយ​គ្រាប់។ លាប​លើ​ផ្ទៃមុខ​ទុកចោល​ប្រហែលជា 15នាទី​សឹម​សម្អាត​ចេញ​ជាការ​ស្រេច។

ទាំងនេះ​សុទ្ធតែជា​វិធី​ដែល​អាច​នាំ​អ្នក និង​សមាជិក​ក្នុង​គ្រួសារ​របស់​អ្នក​ទៅរក​ភាពស្រស់ស្អាត ប៉ុន្តែ​សូម​ចងចាំ​ផង​ថា ក្រៅពី​ការធ្វើ​តាម​វិធី​ទាំងនេះហើយ​នោះ លោកអ្នក​ក៏ត្រូវ​ថែរក្សា​ស្បែ​កដោយ​ការ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យបាន​ជាប្រចាំ កុំ​ជក់បារី ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់ មិន​ថា​ជា​ទឹក​ធម្មតា ឬ​ទឹក​បន្លែ ផ្លែឈើ​ដែល​ចម្រាញ់​ចេញពី​ផ្លែឈើស្រស់ៗនោះទេ៕

Advertisement