ទិច​និក​បន្ថែម​ភាព​ផ្អែមល្ហែម​ដល់ «ជីវិត​គូ»

រវាង​គូស្នេហ៍ ឬ​ស្វាមីភរិយា ក្រៅពី​មាន «ការដឹង​ចិត្ត​គ្នា​ទៅវិញទៅមក» ជាគោលការណ៍​សំខាន់​ហើយ​នោះ ការថែបំប៉ន​សេចក្តីស្នេហា​ឱ្យ​ផ្អែមល្ហែម​ត្រជាក់ត្រជុំ ក៏​ជា​បច្ច័យ​មួយ​ដែល​ជួយ​ឱ្យ​សម្ព័ន្ធភាព​កាន់តែ​ស្អិតរ​មួ​ត​ឡើង​ទៀត​ដែរ ដែល​រឿង​ខ្លះ​អាច​ត្រូវ​រង់ចាំឱ្យមានឱកាសល្អៗជាមុនសិន​ក្នុងការ​សាង​ភាព​ពេញចិត្ត តែ​ក៏​នៅមាន​ទិច​និក​ជាច្រើន​ទៀត​ដែល​អាច​បង្កើន​ភាព​ផ្អែមល្ហែម​ឱ្យ​ក្តី​ស្នេហាត្រជាក់​ពេញ​បេះដូង​បានជា​រៀងរាល់ថ្ងៃ​ដែរ។

ដូចជា​ការ​ឱប ថើប​គ្នា​មុនពេល​ចេញទៅ​ធ្វើការ រហូត​ទៅដល់​ការប្រើ​ភាសា​កាយ​ក្នុង​ស្ថានការណ៍ផ្សេងៗដូចជា ខ្សែ​ភ្នែក​បារម្ភ ចាប់​ក្តោប​បាតដៃ ទះ​ស្មាថ្នមៗ ឬ​សូម្បីតែ​ការ​នែបនិត្យ​នៅក្នុង​រង្វង់​ដៃ​ឱប​របស់​គូស្នេហ៍​ក្នុងពេល​អង្គុយ​មើល​ទូរទស្សន៍​ជាមួយគ្នា​ក៏ដោយ ទាំងអស់នេះ​មិន​ត្រឹមតែ​ផ្តល់នូវ​អារម្មណ៍​រ៉ូ​មែន​ទិ​ក​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​ផ្តល់នូវ​ភាពកក់ក្តៅ​ក្នុង​ចិត្ត​យ៉ាង​មិនគួរ​ឱ្យ​ជឿ​ទៀតផង។

ក្រៅពីនេះ​ការរក​ពេលវេលា​ក្នុងការ​ចម្អិនម្ហូប​អាហារថ្មីៗ ឬ​នំឆ្ងាញ់ៗទុក​ស៊ើ​ផ្រៃ​គូស្នេហ៍​ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​ក៏​ជាការ​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល និង​យកចិត្តទុកដាក់​ចំពោះ​គ្នា​មួយ​ដែរ។ រួមទាំង​ការនិយាយ​សរសើរ​គូស្នេហ៍​នៅក្នុង​ឱកាសផ្សេងៗ ដូចជា គេ/នាង​តែងខ្លួន​បាន​ស្អាត ឬ​សង្ហា​ជាពិសេស ឬ​ការសម្តែងក្តី​សោមនស្ស​រីករាយ​ចំពោះ​ជោគជ័យ​ក្នុងតួនាទី​ការងារ​របស់​គូស្នេហ៍​ជាដើម។ ការសម្តែង​ភាព​ស្មោះស្ម័គ្រ​ដោយ​ពាក្យសម្តី​បែប​វិជ្ជមាន​នេះ គឺជា​អ្វីមួយ​គួរឱ្យ​ស្រឡាញ់ និង​ថែម​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត និង​ជួយ​សាង​នូវ​ភាពជឿជាក់​ដល់​គូស្នេហ៍​បាន​កាន់តែខ្លាំង​ឡើង​ផងដែរ។

ហើយ​និង​ការ​មាន​ពេលវេលា​សម្រាប់​និយាយ​ចែករំលែក​ទុក្ខ – សុខ​ក្នុងមួយថ្ងៃៗរួមគ្នា ទាំង​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ឬ​ជជែក​ពិ​ភក្សា​គ្នា​ពី​បញ្ហា​ដែលម្នាក់ៗជួបប្រទះ​មក ជួយ​គ្នា​គិត​បន្ធូរបន្ថយ​សម្រាល​ឧបសគ្គ​ទាំងនោះ​ឱ្យ​វា​រំលង​ផុត​ទៅ​នៅលើ​គ្រឹះ​នៃ​ការ​មាន​ហេតុផល និង​ស្មោះស្ម័គ្រ។  មនុស្ស​ជាច្រើន​និយាយថា នេះ​គឺជា​ការជួយ​បន្ថែម​កម្លាំងចិត្ត​ដ៏​ល្អ និង​ដឹង​ពី​ភាព​យកចិត្តទុកដាក់​ទៀ​ត​ផង។

អ្វីដែល​សំខាន់ គឺ​កុំ​ភ្លេចខ្លួន​បណ្តោយឱ្យ​បណ្តាញ​ប្រព័ន្ធ​សង្គម​អន​ឡាញ ឬ​សូ​ស្យៀ​ល ណេ​ត​វើក ចូលមក​មាន​តួនាទី​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ច្រើន​ជ្រុល​ពេក​រហូតដល់​ខ្វះ​ការប្រើ​ពេលវេលា​នៅ​ជុំគ្នា​ជាមួយ​គូស្នេហ៍​ឱ្យសោះ ព្រោះ​វា​អាច​នឹងធ្វើ​ឱ្យ​កើត​ភាព​ឆ្ងាយ​ពីគ្នា និង​កើតមាន​ចន្លោះ​រវាង​សម្ព័ន្ធភាព​ឡើង​បាន។

ក្តី​ស្នេហ៍​ដែល​រឹងមាំ ផ្អែមល្ហែម សូមកុំ​ភ្លេច​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក ព្រោះ​វា​ជា​កូនសោ​សំខាន់​ក្នុងការ​ធ្វើឱ្យ​ក្តី​ស្នេហា​មើលទៅ​នៅតែ​ថ្មី និង​រំភើប​ញាប់​ញ័រ​ជាប់​ជានិច្ច៕

Advertisement