រោម​ដុះ​ក្រោម​ច្រមុះ​ដូច​ពុកមាត់ តើនារីៗ ត្រូវ​កែប​ញ្ហា​នេះ​យ៉ាងដូច​ម្តេច?

ដោយសារតែរោមនៅលើ​មុខ​ដុះ​ឡើង​ច្រើន​ជ្រុលពេក (អ្នកខ្លះ​ដុះ​ច្រើន​ខុស​ប្រក្រតី) ទើប​ធ្វើឱ្យនារីៗមិនតិច​នាក់​នោះទេ​ដែល​ត្រូវ​បាត់បង់​ភាពជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​មែនទែន ព្រោះ​មិន​ថា ខំព្យាយាម​បិទបាំង​យ៉ាងណាក៏ដោយ ក៏​រោម​ពណ៌​ខៀវស្តើងៗដែល​ដុះ​នៅក្រោម​ច្រមុះ​នោះ នៅតែ​លេចធ្លោ​ទាក់ភ្នែក រហូត​ទាល់តែអ្នកណាៗក៏​នាំគ្នា​ចំអន់​ថា ស្រី​អី​ដុះ​ពុកមាត់​អញ្ចឹង! ដូច្នេះ​បើ​អ្នកនាងកញ្ញា​ណា​កំពុងតែ​ខ្វល់ខ្វាយជាមួយនឹង​ការ​រិះរកវិធី​ចាត់ការ​រោម​ដូច​ពុកមាត់​របស់​ខ្លួនឯង​នោះ លេខនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​នាំយក​វិធី​ជាច្រើន​ដែល​អាចជួយ​កម្ចាត់ និង​បិទបាំង​រោម​ដូច​ពុកមាត់​ចង្រៃ​នោះ មក​ជម្រាបជូន​ដូចតទៅ ៖

ប្រើការ​តុបតែង​មុខ​ជួយ
អាចនិយាយបានថាជាវិធី​ដ៏​ងាយស្រួលមួយដែល​អាចជួយ​កែប​ញ្ហា​នេះ​បាន​ក្នុង​រយៈ​ដំបូងដោយ​គ្រាន់តែ​ប្រើ​ម្សៅ​ទ្រនាប់ ប៊ី​ប៊ី​គ្រី​ម ឬខន​ស៊ី​លលើ​រ៍​ដែល​សង្កត់ធ្ងន់លើ​ការបិទបាំង លាប​នៅលើ​បរិវេណ​ដែលមាន​ពុកមាត់​នោះ ហើយ​ប្រើ​ម្សៅ​ហុយ​ផាត់​វាស​ជាន់​ពីលើ​យ៉ាងស្រាលៗ ដើម្បីឱ្យ​មើលទៅឃើញដូច​ធម្មជាតិ និង​កុំឱ្យ​មើលឃើញ​ក្រាស់​ខ្លាំងពេក​ជាការ​ស្រេច។

ប្រើ​វិធី​កម្ចាត់​រោម​បែប​បណ្តោះ​អាស​ន្ត
គឺជា​វិធី​ដែល​ទទួលបាន​ការនិយម​យ៉ាងច្រើន​នៅក្នុង​ចំណោម​នារី​ទាំងឡាយ មិនថាតែ​រោមដៃ រោមជើង រោមក្លៀក ឬ​សូម្បីតែ​រោម​នៅលើ​ផ្ទៃមុខ​ក៏ដោយ។ កា​របក​រោម និង​ការប្រើ​គ្រី​ម​កម្ចាត់​រោម​ក៏​អាចបំពេញ​តួនាទី​កម្ចាត់​រោម​បាន​ស្អាត​ហ្មត់ចត់​យ៉ាង​ងាយស្រួល​ដែរ តែ​រោម​នឹង​ដុះ​ឡើងវិញ​ក្នុងអំឡុង2–6សប្តាហ៍ ហើយ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ខ្មៅ​ស្រអែម ឬ​មាន​ស្នាមដំបៅ​ដោយសារ​មុន សូម​ណែនាំ​ថា មិនគួរ​ប្រើ​វិធី​បក​រោម​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​របកស្បែក​មាន​ស្លាកស្នាម និង​កើត​អាការ​រលាក​ក្រហាយបាន។

ប្រើ​វិធី​ធ្វើ​ឡា​ែហ្ស៊កម្ចាត់​រោម​បែប​និរន្ត
បច្ចេកវិទ្យា​ទំនើប​ខាង​វេជ្ជសាស្ត្រ​ដែល​ប្រើ ប្រាស់​កាំរស្មី​ឡា​ែហ្ស៊ដើម្បីឱ្យ​កម្ដៅ​ទៅ​បំផ្លាញ​ការរីក​ធំធាត់​របស់​រោម រហូត​អាច​កម្ចាត់​រោម​ឱ្យអស់​បាន​នៅ​ទីបំផុត​នោះ មានដូចជា IPL, Gental YAG និង Alexandrite ដែលមាន​អ្នកខ្លះ​ត្រូវ​ទៅ​ទទួល​ការធ្វើ​ឡា​ែហ្ស៊ច្រើនជាង​មួយដង ក៏មានដែរ ដោយសារតែ​ភាពខុសប្លែក​គ្នា​របស់​ទំ​ហំ​សរសៃ​រោម និង​ភាព​ខ្មៅ-ស​នៃ​ស្បែក​របស់​មនុស្សម្នាក់ៗ។

ទាំងអស់នេះ​គឺជា​វិធី​កម្ចាត់​រោម ដែល​មិនមែនជា​រឿង​ពិបាក​នោះឡើយ គ្រាន់តែ​អ្នក​ត្រូវ​ចេះ​ជ្រើស​យក​វិធី​ណាមួយ​ដែល​ស័ក្តិសម​នឹង​ខ្លួនឯង​ប៉ុណ្ណោះ នោះ​អ្នក​នឹងមាន​ផ្ទៃមុខ​ស្អាត​រលោង គ្មាន​រោម​មក​រំខាន​ចិត្ត​ទៀតឡើយ៕

Advertisement