ស្បែក​ប្រះ បែក​ស្រកា នៅក្នុង​រដូវរងា គួរ​ដោះស្រាយ​បែបណា?

រដូវរងា ជា​រដូវ​ដែលចាស់ៗជំនាន់​មុន​តែង​បង្គាប់​ឱ្យ​កូនកំលោះ​របស់ខ្លួន​សង្កេត​មើល​កូនស្រី​ក្រមុំ​នៅក្នុង​ភូមិ ថា​តើ​នារី​ណាមួយ ដែលមាន​រូបឆោម​សម្បុរ​ស្រស់ស្អាត​នៅក្នុង​អំឡុង​រដូវ​នេះ គឺ​មិន​សំដៅ​តែ​លើ​រូបរាង​ខាងក្រៅ​តែ​ម្យ៉ាង​នោះទេ ពោលគឺចាស់ៗចង់​បញ្ជាក់​ឱ្យ​សង្កេត​ពី​ការថែរក្សា​សុខភាព​ស្បែក និង​ភាព​ឧស្សាហ៍​របស់​នារី​ម្នាក់​នោះ។

នៅពេលដែល​រដូវរងា​ឈានចូល​មកដល់ ស្បែក​របស់​យើង​គ្រប់គ្នា​តែងតែ​ជួប​បញ្ហា​ស្ងួត ខ្វះ​ជាតិ​សំណើម​ដោយសារតែ​ខ្យល់។ ជាពិសេស ប្រសិនបើ​អ្នក​បណ្តែតបណ្តោយ​មិនចេះ​រក្សា​ស្បែក​ឱ្យបាន​ទៀងទាត់​ទេនោះ ស្បែក​ស្ងួត​កាន់តែខ្លាំង រហូត​ប្រេះ​បែក​ស្រកា​ជាមិនខាន។ ទោះជា​យ៉ាងណា​កុំ​បារម្ភ ថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន នឹងធ្វើ​ការចែករំលែក​នូវ​វិធីសាស្ត្រងាយៗក្នុងការ​ថែរក្សា​ស្បែក​មិនឱ្យ​ស្ងួត​ប្រេះ​ក្នុង​រដូវរងា​ឡើយ ដោយ​ប្រើប្រាស់​ផ្លែឈើសាមញ្ញៗដូចខាងក្រោម​នេះ។

1/ ផ្លែក្រូច​ពណ៌​លឿង
របៀប​ផ្សំ និង​ការអនុវត្ត

  1. លាយ​សាច់​ប្រទាល​កន្ទុយក្រពើ 2ស្លាបព្រា​កាហ្វេ ជាមួយនឹង​ទឹកក្រូច​ពណ៌​លឿង 1ស្លាបព្រា​កាហ្វេ ឱ្យ​ម៉ដ្ឋ​ក្លាយជា​ល្បាយ​តែមួយ។
  2. រួច​លាប​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​សព្វ​ល្អ ហើយ​រងចាំ​ឱ្យ​ល្បាយ​នេះ​ធ្វើ​សកម្មភាព​រយ:ពេល10នាទី។
  3. បន្ទាប់មក​សឹម​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅឧណ្ហៗ ហើយ​កុំ​ភ្លេច​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​តាម​ក្រោយ​ផង។
  4. ចូរ​អនុវត្ត​វិធី​នេះ​យ៉ាងហោចណាស់3ដង​ក្នុង​មួយ​សប្តាហ៍ នោះ​ស្បែក​របស់​អ្នកនឹង​ចៀស​ផុតពី​ភាព​ស្ងួត និង​បែក​ស្រកា​ជាមិនខាន។

2/ ផ្លែ​ចេក
របៀប​ផ្សំ និង​ការអនុវត្ត

1.គ្រាន់តែ​បក​យក​ចេក​មួយ​ផ្លែ លាយ​ជាមួយនឹង​ប្រេងដូង​មួយ​ស្លាបព្រា​កាហ្វេ កូរ​លាយ​ចូលគ្នា​ឱ្យ​ក្លាយជា​ល្បាយ​តែមួយ។

  1. រួច​លាប​នៅលើ​ផ្ទៃមុខ ហើយ​ទុកឱ្យ​ស្ងួត បន្ទាប់មក​ចាំ​ទៅ​លាងជម្រះ​ដោយ​ប្រើ​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។
  2. បន្ទាប់មក ចូរ​ប្រើ​កន្សែង​ស្អាត​ជូត​ឱ្យ​ស្អាត​សព្វ រួច​ប្រើ​ក្រែ​ម​ផ្តល់​សំណើម ដើម្បី​ការពារ​ស្បែក​ស្ងួត​ដោយសារតែ​ទឹក​ក្តៅ។
  3. ប្រើ​រូបមន្ត​មួយ​នេះ​មួយ​សប្តាហ៍2ដង នោះ​ស្បែក​របស់​អ្នកនឹង​ចៀស​ផុតពី​បញ្ហា​ស្បែក​ស្ងួត​ជាមិនខាន។

3/ គ្រាប់​ផ្លែ​ប៊័រ
របៀប​ផ្សំ និង​ការអនុវត្ត

  1. ពុះ​ផ្លែ​ប៊័រ​យកតែ​គ្រាប់ រួច​ហាន់​ជាចំណិតៗ ក្រឡុក​ជាមួយ​ទឹកក្រូច​ឆ្មារ 2-3 ស្លាបព្រា​បាយ ឱ្យ​ម៉ដ្ឋ​ក្លាយជា​ល្បាយ​តែមួយ។
  2. លាប និង​ខាត់ ម៉ាស្សាថ្នមៗនៅលើ​ដងខ្លួន ដៃ និង​ជើង​របស់​អ្នក​ឱ្យ​សព្វ​ល្អ ហើយ​រងចាំ​ឱ្យ​ល្បាយ​ស្ងួត​ប្រហែល​រយ:ពេល10នាទី។
  3. បន្ទាប់មក​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។
  4. រួច​ប្រើ​ឡេ​លាប​ស្បែក រាល់ពេល​មុន​ចូល​គេង​និង​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​រាល់ពេល​ចេញដំណើរ​ទៅ​កន្លែងធ្វើការ ឬ​នៅពេល​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ និង​កម្លាំង​ខ្យល់។

4/ ផ្លែ​ប៉ោម​ខៀវ
របៀប​ផ្សំ និង​ការអនុវត្ត

  1. ផ្លែ​ប៉ោម​ខៀវ មាន​សារធាតុ​វីតាមីន C ច្រើន​ស្រាប់ ដូច្នេះ​អ្នក​គ្រាន់តែ​ហាន់​ផ្លែ​ប៉ោម​ខៀវ​ក្រឡុក​ជាមួយ​ទឹកឃ្មុំ 2ស្លាបព្រា​កាហ្វេ​តែប៉ុណ្ណោះ។
  2. រួច​ខាត់​ម៉ាស្សា​លើ​ស្បែក​ខ្លួន​របស់​អ្នកថ្នមៗ ហើយ​ផ្អាប់​ទុក​រហូតដល់​ស្ងួត។
  3. បន្ទាប់មក​សម្អាតខ្លួន​ចេញ​ជាមួយ​ទឹក​ក្ដៅឧណ្ហៗ ហើយ​យក​កន្សែង​ស្អាត​ជូត​ខ្លួន​ឱ្យ​ស្អាត។
  4. ដូចគ្នានេះដែរ ត្រូវ​លាប​ឡេ​ការពារ​ស្បែក​នាពេល​រាត្រី​មុនពេល​ចូល​គេង និង​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​នៅ​រាល់ពេល​ថ្ងៃ និង​ពេល​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ ឬ​ពេល​រង​សម្ពាធ​ខ្យល់​ខ្លាំង។ ក្នុងចំណោម​វិធី​ខាងលើនេះ អ្នក​អាច​ប្រើប្រាស់​មួយណា​ក៏បាន​ដែរ ក៏ប៉ុន្តែ​ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព សូម​អនុវត្ត​ជា​រៀង​រាល់ពេល​ល្ងាច​ឱ្យបាន​ទៀងទាត់​ទើប​ជាការ​ល្អ​បំផុត៕
Advertisement