មណ្ឌលគិរី កន្លែង​កម្សាន្ត​ដ៏​ស័ក្តិសម​សម្រាប់​ថ្ងៃ​ឈប់សម្រាក

គ្រាន់តែ​ឈាន​ជើង​ចូលដល់​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​ភ្លាម អារម្មណ៍​ហត់នឿយ​ដែល​បណ្តាលមកពី​ការធ្វើដំណើរ​អស់​រយៈពេល​ស្ទើរ​ពេញ​មួយ​ព្រឹក ហាក់​រលាយបាត់​ទៅដោយ​មិនដឹង​ខ្លួន។

ទេសភាព​នៃ​ធម្មជាតិ​ដ៏​ស្រស់បំព្រង រួមផ្សំ​ជាមួយនឹង​ផ្កាស្មៅ​ភ្នំ​ដែល​កំពុង​យោល​យោគ​តាម​កម្លាំង​ខ្យល់​បក់​នៅតាម​ដងផ្លូវ អាកាសធាតុ​ដ៏​ត្រជាក់​ពី​រុក្ខជាតិ​តាម​ដងភ្នំ បាន​ឆក់យក​សេចក្តី​នឿយហត់​ទាំងឡាយ បន្សល់ទុក​នូវ​ទឹកចិត្ត​រីករាយ និង​ក្តី​អន្ទះសារ​ចង់ដឹងថា​តើ​ទីតាំង​ដែល​នឹងត្រូវ​ទៅ​កម្សាន្ត​នោះ​វា​ស្រស់ស្អាត​ដល់​កម្រិតណា​ទៅ? បើ​គ្រាន់តែ​ទេសភាព​តាម​ដងផ្លូវ​សោះ​ក៏​អាចធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា ហាក់ដូចជា​កំពុងតែ​ស្ថិតនៅ​ភព​ផ្សេងគ្នា​ទាំងស្រុង​ពី​កន្លែង​ដែល​យើង​រស់នៅ​ជា​រៀងរាល់ថ្ងៃ​ទៅហើយនោះ។

Advertisement

នៅពេលដែល​បានឃើញ​រូប​សត្វ​គោព្រៃ​ពីរ​ក្បាល​ដែល​ស្ថិតនៅ​ចំ​កណ្តាលផ្លូវ នោះ​មានន័យថា អ្នក​បាន​ចូលមក​ដល់ទី​រួម​ខេត្តមណ្ឌលគិរី​ហើយ។ នៅ​ទីនោះ​អ្នក​អាច​ស្វែងរក​កន្លែង​ស្នាក់នៅ កន្លែង​ទទួលទាន​អាហារ ព្រមទាំង​ផ្សារ​ដែល​អាច​ចូល​ទិញ​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​ខេត្ត​នោះបានតាម​ចំណូលចិត្ត​ផងដែរ ហើយ​បន្ទាប់ពីនោះ​វា​ជាពេលវេលា​ដែល​អ្នក​ត្រូវ​ធ្វើដំណើរ​កម្សាន្ត​ម្តង។

មណ្ឌលគិរី អាច​នាំ​ក្រសែភ្នែក​របស់​អ្នក​ឱ្យទៅទស្សនា​កន្លែង​កម្សាន្ត​ជាច្រើន​កន្លែង​ដូចជា ទឹកធ្លាក់​អូ​ររ​មី​ស ចំការ​ស្រល់ ភ្នំ​ដោះ​ក្រមុំ សមុទ្រឈើ ភូមិ​ជនជាតិ ចំការ​កាហ្វេ និង​ទីតាំង​ទឹកជ្រោះ​ជាច្រើន​កន្លែង​ទៀត ប៉ុន្តែ​តំបន់​ទេសចរណ៍ដែលមាន​ឈ្មោះ​ល្បី​ជាងគេ​គឺ​ទឹកជ្រោះ​ប៊ូ​ស្រា។ ទឹកជ្រោះ​ប៊ូ​ស្រាចែកចេញជា 3ដំណាក់ ដំណាក់​ទី1 មាន​កម្ពស់​ប្រមាណ12ម៉ែត្រ ដែលមាន​មុខកាត់ 15ម៉ែត្រ​នៅ​រដូវវស្សា។ ដំណាក់​ទី2 មានកម្ពស់​ពី15 ទៅ20ម៉ែត្រ និង​មានមុខ​កាត់​ទទឹង 20ម៉ែត្រ មាន​កម្ពស់18 ទៅ25ម៉ែត្រ ចំណែក​នៅ​រដូវប្រាំង គឺមាន​មុខកាត់​ត្រឹមតែ 13ម៉ែត្រ​ប៉ុណ្ណោះ។ ដំណាក់​ទី​ពីរ​នេះ​មាន​ចម្ងាយ​ប្រមាណជា150ម៉ែត្រ​ពី​ដំណាក់​ទីមួយ។ ចំណែក​ដំណាក់ទី3 ស្ថិតនៅ​ឆ្ងាយ​ពី​ដំណាក់​ទី2 ដែល​មិនអាច​ទៅដល់​បាន ព្រោះ​ជា​តំបន់​ព្រៃ​ក្រាស់ និង​សម្បូរ​សត្វ​សាហាវ​រស់នៅ។ បន្ទាប់ពីនោះ អ្នកទេសចរ​អាច​បន្ត​ទៅ​កន្លែង​មួយ​ផ្សេងទៀត​គឺ​ទឹកជ្រោះសែន​មនោ​រម្យ ដែលមាន​ចម្ងាយ​ត្រឹមតែ 5គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ហើយ​ទឹកធ្លាក់​នៅ​ទីនោះ​ក៏មាន 3ដំណាក់​ដែរ ប៉ុន្តែ​វា​មាន​ទ្រង់ទ្រាយ​តូច​ជាង​ទឹកជ្រោះ​ប៊ូ​ស្រា។

ចំណែក​ទឹកជ្រោះរ​មនា គឺ​ចម្ងាយប្រមាណ​ជា 11គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត ហើយ​តំបន់ទឹកជ្រោះ​នេះ​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ដំណាំផ្សេងៗជាច្រើន​ដូចជា ដំណាំ​កោ​ស៊ូ ស្វាយចន្ទី កាហ្វេនិង​រុក្ខជាតិ ព្រមទាំង​ព្រៃឈើ​តូចធំ​ជាល​ម្អ​នៅក្នុងតំបន់​មួយ​នេះ។ ទឹកជ្រោះ​នេះ ក៏​ជា​តំបន់​គួរឱ្យ​ទាក់ទាញ​ចំពោះ​ទេសចរ​ផងដែរ ដោយមាន​ទឹកធ្លាក់​កម្ពស់5ម៉ែត្រ ហូរ​ធ្លាក់​ទៅក្នុង​អាងទឹក​ធំ​មួយដែល​បង្ក​នូវ​ភាពងាយស្រួល​ដល់​អ្នកទេសច​រ​ក្នុងការ​ងូតទឹក​កម្សាន្ត។ មិនទាន់​អស់​ត្រឹមនេះ​នោះទេមណ្ឌលគិរី​នៅមាន​កន្លែង​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត ដែល​អ្នក​គួរតែ​ទៅ​មើល​ឱ្យឃើញដោយផ្ទាល់​ភ្នែក ដូច្នេះ​សង្ឃឹមថា​ថ្ងៃ​សម្រាកខាងមុខនេះ វា​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​ដែល​ស្ថិតនៅក្នុង​ជម្រើស​របស់​អ្នក៕

Advertisement