14 ខែកុម្ភៈ ជា​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់! តោះ​ទៅ​ស្វែងយល់​ពី​ប្រវត្តិ​នៃ​បុណ្យ​នេះ​ទាំងអស់គ្នា…!

Valentine’s Day ឬ ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់ (ខ្មែរ​យើង​ភាគច្រើន​និយម​ប្រើពាក្យ​បុណ្យ​សង្សារ)នឹង​មកដល់​ហើយ នៅ​ថ្ងៃទី 14 ខែកុម្ភៈ​ស្អែក​នេះ ជា​រៀងរាល់ឆ្នាំ​មនុស្ស​ជាច្រើន តែង​យក​ថ្ងៃនេះ បង្ហាញ​ពី​ទឹកចិត្ត​របស់ខ្លួន ចំពោះ​អ្នក​ដែល​គេ​ស្រឡាញ់ តាមរយៈ​ការទិញ​កាដូ បាច់ផ្កា ឬ​ចំណាយពេល​ទៅ​ក្រៅ​ញ៉ាំ​អាហារ ជាមួយគ្នា​យ៉ាង​រ៉ូ​មែន​ទិ​ក។

Valentine’s Day ជា​ពិធីបុណ្យ​មួយ របស់​ជនជាតិ​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន ប្រជាជន​ស្ទើរតែ​ទូទាំង​ពិភពលោក ក៏​តែង​ប្រារព្ធ​ដូចគ្នា។ យ៉ាងណាមិញ នៅក្នុង​ប្រទេស​កម្ពុជា ក៏មាន​យុវវ័យ​ជាច្រើន កំពុងតែ​យល់ច្រឡំ​ថា ថ្ងៃ Valentine’s Day គឺជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួនប្រាណ ជូន​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ទៅវិញ។

ដូច្នេះ​យើង​ចង់ដឹងថា ថ្ងៃ​ដ៏​វិសេស​នេះ មាន​ប្រវត្តិ​យ៉ាងណា ឬ Valentine’s Day កើតចេញពី​ណា សូម​ស្វែងយល់​ទាំងអស់គ្នា៖

Valentine’s Day ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់ ត្រូវបាន​គេ​និយាយថា មាន​ប្រភព​ចេញពី​លោក Saint Valentine ដែលជា​បុរស​ម្នាក់​ហ៊ាន​បង្ហាញ ក្តី​ស្រឡាញ់​ចំពោះ​គូស្នេហ៍ រហូត​លោក​ត្រូវគេ​យកទៅ​សម្លាប់។

តើ​លោក Saint Valentine ជា​អ្នកណា?

ព្រះវិហារ​កាតូលិក ទទួលស្គាល់ Valentine ឬ Valentinus ជា​អ្នក​ដែល​បូជាជីវិត ដើម្បី​សាសនា។ រឿងរ៉ាវ​មួយ​លើកឡើងថា Valentine ជា​បព្វជិត​ដែល​បម្រើ​សាសនា​នៅ​សតវត្ស​ទី៣ សម័យ​រ៉ូម។ នៅពេលដែល​ព្រះ​ចៅ​ចក្រពត្តិ Claudius II សម្រេច​ថា បុរស​នៅ​លីវ​ទាំងអស់ អាច​ធ្វើជា​ទាហាន ល្អ​ជាង​បុរស​ដែលមាន​ប្រពន្ធ​នោះ លោក​ក៏បាន​ដាក់​ពិធី​រៀបការ​ទាំងឡាយ ឲ្យ​នៅក្រៅ​ច្បាប់​សម្រាប់​យុវវ័យ​ទាំងអស់។ Valentine គិតថា វា​អយុត្តិធម៌​ណាស់ ហើយក៏​ប្រឆាំងនឹង​ច្បាប់​នេះ និង​បន្ត​ធ្វើការ​រៀបការ​ឲ្យ​គូ​សេ្ន​ហ៍ក្មេងៗជាសម្ងាត់។ នៅពេល​សកម្មភាព របស់លោក​ត្រូវបាន​គេ​ដឹង ព្រះ​ចៅ Claudius ក៏បាន​បញ្ជា​ឲ្យ​សេនា ចាប់​លោក​ដាក់គុក​អស់​មួយជីវិត តែ​ប្រភព​ខ្លះ​លើកឡើងថា Valentine ត្រូវបាន​គេ​សម្លាប់។

ប្រភព​ខ្លះទៀត ឲ្យ​ដឹងថា Valentine ជាប់គុក បន្ទាប់ពី​ពាក់ព័ន្ធ​ដោយ «ក្ដី​ស្រឡាញ់» ផ្ទាល់ខ្លួន បន្ទាប់ពី​លោក​បាក់ចិត្ត​ស្រឡាញ់ នារី​វ័យក្មេង​ម្នាក់ ដែលជា​កូនស្រី​ឆ្មាំ​គុក​មួយរូប ដែល​បាន​ទៅសួរសុខទុក្ខ​លោក នៅពេល​ជាប់​ក្នុង​ពន្ធនាគារ។ មុនពេល​ស្លាប់ គេ​បាន​ចោទថា លោក​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​នាង​ថា «ពី​បង Valentine របស់​អូន» ជា​ភស្តុតាង​បង្ហាញ​មួយ​ដែល​មនុស្ស​ជាច្រើន យកទៅ​ប្រើ​មកដល់​សព្វ​ថ្ងៃនេះ។ ទោះបី​ការពិត​នៅ​ពីក្រោយ​រឿងរ៉ាវ របស់ Valentine មាន​ភាពស្រពេចស្រពិល​ក្តី ប៉ុន្តែ​សុទ្ធតែ​បាន​បញ្ជាក់ថា លោក​ជា​វីរបុរស ដែលមាន​មនោសញ្ចេតនា​ស្នេហា ដ៏​ជ្រាលជ្រៅ​បំផុត និង​ដោយសារ​កេរ្តិ៍ឈ្មោះ​នេះហើយ ទើប Valentine ក្លាយជា​បុគ្គល​មួយរូប ដ៏​មាន​ប្រជាប្រិយ​នៅ​ប្រទេស​បារាំង និង​អង់គ្លេស។

កាលដែល​ទិវា​នៃ​ក្ដី​ស្រឡាញ់ ប្រារព្ធ​ក្នុង​ខែកុម្ភៈ អ្នកខ្លះ​ជឿថា ដើម្បី​រំឭក​ខួប​នៃ​មរណភាព​ភាព របស់ Valentine ក្នុង​បំណង​ធ្វើ​ឲ្យ​ការ​ប្រារព្ធ ពិធី​សាសនា Lupercalia ក្លាយជា​គ្រិស្តសាសនា​ផងដែរ។

ទន្ទឹមនឹង​នេះដែរ មនុស្ស​ជាច្រើន​ប្រារព្ធ​ថ្ងៃ 14កុម្ភៈ ជាមួយ​អ្នកជា​ទីស្រឡាញ់ អាចជា​ក្រុមគ្រួសារ គូស្នេហ៍ ឬ​មិត្តភក្តិ ព្រមទាំង​ជូន​វត្ថុផ្សេងៗ តំណាង​ទឹកចិត្ត​របស់ខ្លួន ចំពោះ​ពួកគេ ដូចជា ការ​ជូនពរ វត្ថុ​អំណោយ​បាច់ផ្កា ដែលមាន​លក្ខណៈ​ជា​រូបរាង បេះដូង ឬ​នាំទៅ​បរិភោគ​អាហារ នៅ​ទីកន្លែង​ណាមួយ ដ៏​រ៉ូ​មែន​ទិ​ក។

ទោះបីយ៉ាងណា Valentine’s Day មិនមែនជា​ពិធីបុណ្យ​ផ្លូវការ​របស់​រដ្ឋ​ទេ ប៉ុន្តែ​ជា​ទម្លាប់​មិន​ថា តែ​ប្រជាជន​នៅ​ប៉ែក​អឺរ៉ុប​ទេ ទូទាំង​អាស៊ី និង​មនុស្ស​នៅ​ជុំវិញ​ពិភពលោក តែង​ប្រារព្ធ​ថ្ងៃ 14 កុម្ភៈ ជា​រៀងរាល់ឆ្នាំ ហើយ​វា​ក៏​អាចជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់​គូស្នេហ៍ ជ្រើស​យក​ធ្វើជា​ថ្ងៃ​រៀបការ​ទៀតផង។

ទោះបីជា​យ៉ាងណា នៅក្នុង​ប្រទេស​កម្ពុជា មាន​យុវវ័យ​ជាច្រើន កំពុងតែ​ភ្លើតភ្លើន យល់ច្រឡំ នឹង​បុណ្យ​វប្បធម៌​បែ​បប​ច្ចឹ​ម​ប្រទេសមួយ​នេះ ដោយ​អ្នកខ្លះ​ថែមទាំង​បាន​ប្រព្រឹត្តិ​ទង្វើ​ខុសឆ្គង​ប្រពៃណី​ខ្មែរ ដោយ​សំអាង​ទៅលើ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ Valentine’s Day ។ អ្វីដែល​គួរតែ​ត្រូវធ្វើ សម្រាប់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ ក្នុង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ លោកអ្នក​គួរតែ​បង្ហាញ ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក រវាង​កូន និង​ឪពុកម្ដាយ រវាង​បងប្អូន រវាង​គូសង្សារ រវាង​មិត្តភក្តិ រវាង​មិត្ត​រួមការ​ងារ និង​រវាង​ជាតិ​សាសនា​ជា ដោយ​ក្នុង​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ចំពោះ​គ្នា និង​គ្នា ខណៈ​ក្ដី​ស្រឡាញ់ ពុំមាន​តែមួយ​ថ្ងៃនេះ​ទេ៕

Advertisement