ចេះ​ស្រឡាញ់ និង​ចេះ​ជួយ​កូន​យ៉ាង​ត្រឹមត្រូវ តើត្រូវធ្វើ​បែបណា?

ឪពុកម្ដាយ ជា​មនុស្ស​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ការអប់រំ​បណ្ដុះ​គំនិត​និស្ស័យ និង​បុគ្គលិកលក្ខណៈ​ដល់​កូន ជាពិសេស​ក្នុងអំឡុង​បឋមវ័យ​ដែល​ក្មេង​នឹង​ជ្រួតជ្រាប​យកអ្វីៗគ្រប់យ៉ាង ទាំង​ពាក្យសម្ដី ទង្វើ រួមទាំងអ្វីៗដែល​ឪពុក និង​ម្ដាយ ឬ​អ្នក​ចិញ្ចឹម​ថែទាំ​បានធ្វើ​ចំពោះ​រូបគេ។ នៅពេល​កូន​ធំធាត់​ឡើង បទពិសោធ​ក្នុង​វ័យ​កុមារ ក៏​នឹង​ហុច​ផល​ដល់​ទស្សន​គតិ និង​ទង្វើ​របស់គេ​នៅពេល​ធំ​ឡើង ដូច្នេះហើយ​ទើបអ្នកត្រូវ​ដឹងថា តើ​អ្នក​គួរ​ស្រឡាញ់​កូន និង​នៅ​រង់ចាំ​ជួយ​គេ​ដោយ​របៀប​យ៉ាងណា​នោះ។

ការចិញ្ចឹម​កូន និង​ស្រឡាញ់​កូន​ដែល​ត្រឹមត្រូវ​នេះ ត្រូវ​ចាប់ផ្ដើម​ពី​ចិត្តគំនិត​របស់​ឪពុកម្ដាយជាមុន។ ឪពុកម្ដាយ​ដែល​ល្អ​គួរ​ធ្វើខ្លួន​ឱ្យ​ដូចជាមិត្ត​ភក្ដិ​ដ៏​ល្អ​របស់​កូន ស្ថិតនៅ​ក្បែរ​រូបគេ​ជានិច្ច។ ឪពុកម្ដាយ​ជាច្រើន​ស្រឡាញ់​កូន​ខ្លាំង រហូត​ពេលខ្លះ​ខ្លាច​កូន​លំបាក ខ្លាច​​កូន​ហត់ ខ្លាច​កូន​ឈឺរហូតដល់​គិត ឬ​ធ្វើ​ជំនួស​កូន​គ្រប់សព្វ​បែបយ៉ាងក្លាយជា​ថា នៅពេល​កូន​ធំ​ឡើង​កូន​ក៏​ក្លាយជាក្មេង​ដែល​អាត្មានិយម ប្រើតែ​អារម្មណ៍(មិនចេះ​គិត) ឬ​ជា​ក្មេង​ដែល​ឌឺ​រឹង ដែល​អ្វី​ទាំងអស់នេះ​មិនមែនជា​រឿង​ល្អ​ប៉ុន្មាន​ឡើយ។ ឪពុកម្ដាយ​គួរតែ​ដឹង​ពី​តម្រូវការ​របស់​កូន​ថា ក្នុងអំឡុង​វ័យនីមួយៗរបស់​កូន​ហ្នឹង ធម្មជាតិ​របស់​ក្មេង​នឹង​ត្រូវការ​អ្វីខ្លះ?

ខាងក្រោម​នេះ​គឺជា​តម្រូវការ​របស់​ក្មេង​តាម​អំឡុង​វ័យ
អំឡុង​អាយុ និង​អ្វីដែល​កូន​ត្រូវការ និង​អ្វីខ្លះ​ដែល​ឪពុកម្ដាយ​គួរតែ​ប្រតិបត្តិ​ចំពោះ​កូន ៖

វ័យ​ទើប​កើត​ដំបូង: កូន​ត្រូវការ​ការមើល​ថែទាំ​យកចិត្តទុកដាក់ និង​សេចក្ដីស្រឡាញ់​ថ្នាក់ថ្នម ក្ដីបារម្ភ ដូច្នេះហើយ​ទើប​ឪពុកម្ដាយ​គួរតែ​ចេះ​និយាយ ឬ​លេង​ជាមួយ​កូន​ ដើម្បីឱ្យ​កូន​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព និង​បានទទួល​សេចក្ដីស្រឡាញ់។

អំឡុង​វ័យ​ចេះ​លូន​វារ: កូន​កំពុង​ហ្វឹកហាត់​អភិវឌ្ឍ​រាងកាយ អាច​នឹងមាន​រពឹស​នៅ​មិន​ស្ងៀមខ្លះ​ដែរ ដូចជា ចូលចិត្ត​វារ​ទៅនេះ​ទៅនោះ។ ឪពុកម្ដាយ​គួរឱ្យ​កូន​សាកល្បង​ធ្វើ សាកល្បង​លូន​វារ និង​ផ្ដល់​ពេលវេលា​ឱ្យ​កូន លេង​ជាមួយ​កូន ផ្ដល់​កម្លាំងចិត្ត​ដល់​កូន​ក្នុងការ​អភិវឌ្ឍ​រាងកាយ។

អំឡុង​វ័យ​ហាត់​ឈរ: ក្នុង​វ័យ​នេះ កូន​ត្រូវ​ការចង់​ហាត់​ក្រោកឈរ​ដោយ​ខ្លួនឯង ចូលចិត្ត​តោង​របស់​នេះ​របស់​នោះ​ ដើម្បី​លើក​ខ្លួនឯង​ឡើង(ព្យាយាម​ឈរ​ឱ្យបាន)។ ឪពុកម្ដាយ​គួរ​យកចិត្តទុកដាក់​ថែទាំ និង​នៅចាំ​ជួយជិតៗឱ្យ​កូន​បាន​ហាត់​ឈរ និង​អភិវឌ្ឍ​សាច់ដុំផ្សេងៗ។

អំឡុងពេល​ចាប់ផ្ដើម​ដើរ: នៅពេល​កូន​អាច​ដើរ​ដោយ​ខ្លួនឯងបាន ឪពុកម្ដាយ​គួរឱ្យ​កូន​ហាត់​ដើរ​ដោយ​ខ្លួនឯង អាច​នឹង​ដឹក​ដៃ​កូន​ដើរលេង​នៅលើ​វាលស្មៅ​ខាងមុខផ្ទះ ឬ​តាម​សួនច្បារ​សាធារណៈ។ កុំ​សូវ​បី ឬ​ពកូន​ទៀត តែ​ឱបថើប​កូន​ឱ្យ​ច្រើនឡើង។

ពេល​ចាប់ផ្ដើម​ចូលរៀន​សាលា​ម​ត្តេ​យ្យ: កូន​នឹង​ចាប់ផ្ដើម​ចង់​ធ្វើអ្វីៗដោយ​ខ្លួនឯង ដូចជា ​ដួស​បាយ​ញ៉ាំ​ខ្លួនឯង ញ៉ាំ​ទឹក​ខ្លួនឯងជាដើម។ ឪពុកម្ដាយ​គួរ​បណ្ដោយឱ្យ​កូន​បាន​ហាត់​ធ្វើ​ដោយ​ខ្លួនឯង ទោះជា​ប្រឡាក់ប្រឡូស​ខ្លះ ក៏​ត្រូវតែ​បណ្ដោយ​ដែរ និង​បង្ហាត់បង្រៀន​ជាបណ្ដើរៗថា តើ​ត្រូវធ្វើ​យ៉ាងណាខ្លះ។ មិនគួរ​ប្រញាប់​បង្ខំ​ឱ្យ​កូន​ត្រូវតែទៅ​រៀន​យល់ដឹង​រឿងនេះ​រឿង​នោះ​តាម​ដែល​ឪពុកម្ដាយ​ចង់ឱ្យ​កូន​ចេះ​នោះឡើយ។

នៅពេល​កូន​ចូលរៀន​បឋមសិក្សា: កូន​នឹង​ចូលចិត្ត​លេង មាន​កិច្ចការងារ​ជាមួយ​ពួកម៉ាកមិត្ត​ភក្តិ​ជាច្រើន។ ឪពុកម្ដាយ​គួរ​បណ្ដោយឱ្យ​កូន​លេង និង​ផ្ដល់​កម្លាំងចិត្ត​ក្នុង​កិច្ចការងារផ្សេងៗដែល​គេ​មាន​ចំណែក​រួម។ ឪពុកម្ដាយ​គួរ​ធ្វើខ្លួន​ឱ្យ​ដូច​ពួកម៉ាក បើ​កូន​ត្រូវ​ការឱ្យ​ឪពុកម្ដាយ​ចូលរួម​ក្នុង​កិច្ចការងារ​ណាមួយ​ផងដែរ​នោះ។

នៅពេល​កូន​ចូល​អនុវិទ្យាល័យ: សាកល្បង​បណ្ដោយឱ្យ​កូន​មាន​ឥស្សរភាព​ខាង​ការគិត បង្ហាត់​ឱ្យ​កូន​សាកល្បង​ពិចារណា​ពី​ហេតុផល និង​ឪពុកម្ដាយ​ត្រូវ​ទទួល​ស្ដាប់​នូវ​អ្វីដែល​កូន​និយាយ និង​រឿង​ដែល​កូន​គិត​ឱ្យបាន​ច្រើន កុំ​យកគំនិត​របស់​ខ្លួនឯង​ជា​គោល​។ បើ​កូន​ត្រូវ​ការធ្វើ​កិច្ចការងារ ឬ​ធ្វើ​អ្វីមួយ បើជា​រឿង​ដែល​មិន​បង្ក​គ្រោះថ្នាក់ ឪពុកម្ដាយ​គួរផ្ដល់​កម្លាំងចិត្ត និង​នៅចាំ​ធ្វើជា​ទីប្រឹក្សា​ដល់​កូន។

នៅពេល​កូន​ឡើង​វិទ្យាល័យ: កូន​នឹងមាន​គំនិត​ជា​របស់​ខ្លួនឯង ចង់​រួម​ក្រុម​ជាមួយ​មិត្ត​ភក្តិ ឬ​ទៅណា​មក​ណា​ជាមួយ​មិត្ត​ភក្តិ​កាន់តែ​ច្រើនឡើង។ បើ​ឪពុកម្ដាយ​មើលថែទាំ​កូន ធ្វើខ្លួន​ជា​មិត្ត​ដ៏​ល្អ​របស់​កូន​មក​តាំងពី​ដំបូង កូន​នឹងមិន​ស្រឡាញ់​មិត្ត​ភក្តិ​រហូតដល់​ភ្លេច​ឪពុកម្ដាយ​នោះទេ ដូច្នេះ​ឪពុកម្ដាយ​គួរតែ​នៅតែ​ធ្វើខ្លួន​ជា​មិត្ត​ល្អ ជាទី​ប្រឹក្សា នៅចាំ​គាំទ្រ និង​លើកទឹកចិត្ត​កូន​ជានិច្ច។ កុំ​ធ្វើខ្លួន​ជា​អ្នកកំណត់​ជោគជតា​ជីវិត​របស់​កូន ឬ​ហាម​ធ្វើ​រឿងនេះ ហាម​ធ្វើ​រឿង​នោះ។ ការចិញ្ចឹម​មើលថែ​កូន​ក្នុង​វ័យ​នេះ ត្រូវ​ប្រើការ​និយាយស្ដី​ដោយហេតុ និង​ផល កុំ​ប្រើ​អារម្មណ៍​មួម៉ៅ​ខឹងសម្បា​ឱ្យសោះ។

នៅពេល​កូន​ចូល​របង​មហាវិទ្យាល័យ: កូន​នឹង​បាន​ជួប​សង្គម​ដែល​កាន់តែ​ធំ​ឡើង បញ្ហាផ្សេងៗក៏​នឹងមាន​ច្រើនឡើង​ដែរ។ ឪពុកម្ដាយ​គួរ​ខ្លួន​ធ្វើជា​ទីប្រឹក្សា ជជែក​និយាយ​ពិភាក្សា​គ្រប់​រឿង​ជាមួយ​កូន។ នៅ​ធ្វើជា​កម្លាំងចិត្ត​ដល់​កូនកុំឱ្យ​កូន​មាន​អារម្មណ៍​ថា ត្រូវ​រង​សម្ពាធ​ពី​សេចក្ដីសង្ឃឹម​របស់​ឪពុកម្ដាយ តែ​គួរ​ធ្វើឱ្យ​កូន​បានដឹងថា ប៉ា​ម៉ាក់​នៅចាំ​ធ្វើជា​កម្លាំងចិត្ត​ដល់​កូន​ជានិច្ច។

នៅពេលដែល​ឪពុកម្ដាយ​បានដឹង​ពី​តម្រូវការគោលៗរបស់​កូន​ក្នុង​វ័យនីមួយៗហើយ ឪពុកម្ដាយ​ក៏​អាច​ត្រៀម​ខ្លួនឯង​ឱ្យ​ព្រម​រួចជាស្រេច​បាន​យ៉ាង​ត្រឹមត្រូវ​ដែរ ហើយ​កូន​របស់​យើង​ក៏​នឹង​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ល្អ មាន​សភាវ​អារម្មណ៍ និង​ចិត្តគំនិត​ដែល​ល្អ ដែល​ទាំងអស់នោះ​ប្រហែលជា​អ្វីដែល​ឪពុកម្ដាយ​គ្រប់រូប​រំពឹង​សង្ឃឹម​ចង់ឱ្យ​កូន​របស់ខ្លួន​ក្លាយជា​បែប​ហ្នឹង​ដូចគ្នា៕

Advertisement