ការពន្យារ​កំណើត​ជា​អ្វី?

ការពន្យារ​កំណើត​គឺជា​ការ​អនុវត្តតាម​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ការពារ​អ្នក​ពី​ការបង្ករ​កំណើត។ ស្ត្រី​រាប់លាន​នាក់ បានជ្រើសរើស​វិធី​នៃ​ការពន្យារ​កំណើត​ទៅតាម​កាលៈទេសៈ និង​ស្ថានភាព​សុខភាព​របស់​ពួកគេ។ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ថា​តើ​អ្នក​នឹងត្រូវ​ប្រើប្រាស់​វិធី​ណា ដើម្បី​ពន្យារកំណើត​នោះ​អ្នក​ត្រូវតែ​បានដឹង​ពី​គុណប្រយោជន៍ ផលវិបាក និង​កត្តា​មួយចំនួនទៀត​ឱ្យបាន​ច្បាស់​ជាមុនសិន។ ភាពច្បាស់លាស់​អស់ទាំងនោះ​អាច​កើតមានឡើង​បាន​លុះណាតែ​អ្នក​បាន​ទៅ​ជួបពិភាក្សា​ឱ្យបាន​ច្បាស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់បាន​ព័ត៌មានខ្លះៗអំពី​ការពន្យារ​កំណើត​ជាមុនសិន​នោះ​សូម​តាមដាន​អត្ថបទ​ខាងក្រោម​ដូចតទៅ៖

ស្រោមអនាម័យ៖ មិន​ត្រឹម​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​មិន​ឱ្យមាន​ផ្ទៃពោះ​នោះទេ តែ​វា​ថែមទាំង​អាចជួយ​ការពារ​អ្នក​ពី​ការ​ចម្លងរោគផ្សេងៗផងដែរ។ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ជាទី​ពេញចិត្ត​នោះ អ្នក​ក៏​ត្រូវតែ​ដឹង​ពី​របៀប​ប្រើប្រាស់ និង​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​ច្បាស់​មិនឱ្យ​មាន​រហែក ឬ​ផុតកំណត់​ប្រើប្រាស់​នោះឡើយ។ សូម​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​អ្នកជំនាញ​អំពី​វិធី​ប្រើប្រាស់ ប្រសិនបើ​អ្នក​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​ធ្វើការ​ពន្យារកំណើត។

ថ្នាំលេបពន្យារកំណើត៖ ជាវិធីការពារអ្នកពីការមានត៌មួយប្រភេទទៀតដែលតម្រូវឱ្យអ្នកត្រូវលេបវាជារៀងរាល់ថ្ងៃ។ ថ្នាំ​នេះ មាន​ប្រភេទ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ អឺស​ត្រូ​ហ្សែ​ន (estrogen) និង ប្រូ​ដ្យិ​ស​ស្ដេ​រ៉ូ​ន (progesterone) ដែលមាន​តួនាទី​ការពារ​កុំឱ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​បាន។ ការពន្យារ​កំណើត​តាមរយៈ​ការ​លេបថ្នាំ​អាចជួយ​កាត់បន្ថយ​ភាពស្លេកស្លាំង និង​កាត់បន្ថយ​ការឈឺចាប់​នៅពេល​មាន​ឈាមរដូវ​បាន​ខ្លះ ប៉ុន្តែ​វា​ក៏​បណ្តាលឱ្យមាន​ផលវិបាក​មួយចំនួន​ដូចជា វិលមុខ ឡើង​ទម្ងន់ ដោះ​ឡើង​តឹង ឈឺ​ដោះ ឈឺក្បាល ឬ​ក្អួតចង្អោរ​ជាដើម។

ថ្នាំលេបពន្យារកំណើតន្ទាន់៖ វា​មិនមែនជា​ប្រភេទ​ថ្នាំ​ដែល​តម្រូវឱ្យ​អ្នក​លេប​ជា​រៀងរាល់ថ្ងៃ​នោះទេ តែ​វា​អាច​ការពារ​អ្នក​ពី​ការ​មាន​ផ្ទៃពោះ​បាន​តាមរយៈ​ពេលដែល​គេ​បានកំណត់ បន្ទាប់ពី​រួមភេទ​រួច។ ថ្នាំ​ពន្យារកំណើត​បន្ទាន់ អាចមាន​ប្រសិទ្ធភាព​បាន លុះត្រាតែ​លេប​បន្ទាប់ពី​មានការ​រួមភេទ​រួច​មិនឱ្យ​លើសពី72ម៉ោង។

ថ្នាំចាក់ពន្យារកំណើត៖ វិធី​មួយ​ផ្សេងទៀត​ដែល​អាចជួយ​ការពារ​អ្នក​ពី​ការ​មាន​ផ្ទៃពោះ​នោះ​គឺ​ការចាក់​ថ្នាំ​ពន្យារកំណើត​រាល់3ខែម្តង។ ជាទូទៅ​ថ្នាំ​ប្រភេទ​នេះ គេ​ចាក់​នៅលើ​ដើមដៃ និង​នៅលើ​ត្រគាក ប៉ុន្តែ​សូមកុំ​ភ្លេច​ទៅ​ចាក់​ជាថ្មី​ម្តងទៀត​តាម​ពេលវេលា​ដែល​គ្រូពេទ្យ​បាន​ណាត់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​អ្នក​អាច​នឹងមាន​កូន​ដោយ​មិនដឹង​ខ្លួន​ក៏​ថា​បាន។ ការចាក់​ថ្នាំ​អាចធ្វើ​ឱ្យមាន​ការរំខាន​មួយចំនួន​ឡើង​ដូចជា ការ​មក​រដូវ​យឺតយ៉ាវ ដោះ​ឡើង​តឹង ឈឺ​ដោះ ឬ​ឈឺក្បាលតិច។

ការពន្យារ​កំណើត​ដោយ​ប្រើ​កង៖ កង​ពន្យារកំណើត​មាន​ពីរ​ប្រភេទ គឺ​កង​ដាក់​ក្នុង​ស្បូន និង​កង​ដា​ក់ដៃ។ កង​ដា​ក់ដៃ​ស្បូន​គឺជា​ឧបករណ៍​តូច​មួយ​ដែល​អាច​បត់​បាន​សម្រាប់​ដាក់ចូល​ក្នុង​ស្បូន ដើម្បី​ការពារ​មិន​ឱ្យមាន​ផ្ទៃពោះ។ ចំណែកឯ​កង​ដា​ក់ដៃ​វិញ គឺជា​បំពង់តូចៗទន់​អាច​បត់​បាន មាន​ទំហំ​ប៉ុន​ដើមឈើ​គូស​ក្នុងនោះ​មាន​ជាតិ​អ័រម៉ូន ប្រូ​ហ្សេ​ស្ទី​ន ដែលជា​អ័រម៉ូន​ដូចគ្នា​ទៅនឹង​អ័រម៉ូន​ធម្មជាតិ​ក្នុង​ខ្លួន​ស្ដ្រី​សម្រាប់​ការពារ​ការ​មាន​ផ្ទៃពោះ។ បំពង់​ទាំងនេះ​ដាក់បញ្ចូល​ទៅ​ក្រោម​ស្បែក​ដើមដៃ​របស់​ស្ដ្រី។ កង​ដា​ក់ដៃ​មាន3ប្រភេទ ប្រភេទ​ទី1 គឺជា​កង​ដែលមាន​បំពង់6ដើម ការពារ​បាន7ឆ្នាំ។ ប្រភេទ​ទី2 គឺ​កង​មាន2ដើម ការពារ​បាន5ឆ្នាំ។ រីឯ​ប្រភេទ​ទី3 គឺ​កង1ដើម ការពារ​បាន3ឆ្នាំ។ ការដាក់​កង​អាច​ផ្តល់នូវ​ភាពងាយស្រួល មិនមាន​ការរំខាន​ដល់​ការរួម​ភេទ មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សមស្រប​សម្រាប់​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ហើយ​វា​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ពន្យារកំណើត​ក្នុង​រយៈពេល​វែង។

នៅមាន​វិធី​ពន្យារកំណើតផ្សេងៗទៀត​ដែល​អ្នក​អាចអនុវត្ត ប៉ុន្តែ​មិន​ថា​អ្នក​ជ្រើសរើស​វិធី​ពន្យារកំណើត​ណាមួយ​នោះទេ សូម​ទៅ​ជួប​ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ ដើម្បី​ស្វែងរក​វិធី​ពន្យារកំណើត​មួយ​ដែល​សមស្រប​បំផុត​សម្រាប់​ខ្លួន​អ្នក។ ម្យ៉ាងវិញទៀត​សូម​ចងចាំ​ឱ្យបាន​ច្បាស់​នូវ​ករណី​មួយចំនួន​ដែល​គ្រូពេទ្យ​បាន​ហាម​មិន​ឱ្យធ្វើ ដើម្បី​ចៀសវាង​ការកើតមាន​នូវ​បញ្ហាផ្សេង៕

Advertisement