ដើរលេង ដើរ​ញ៉ាំ ដើរ​ទិញ​ឥ​វ៉ាន់ នៅ China Town ល្បីៗទូទាំង​ពិភពលោក

តំបន់ ឆៃ​ណា ថោ​ន ជាធម្មតា​ច្រើនតែ​ស្ថិតនៅតាម​ទីក្រុងធំៗក្នុងប្រទេស​ជាច្រើន​នៅ​ទូទាំងពិភពលោក ដែលពោរពេញ​ទៅដោយ​បរិយាកាស និង​វប្បធម៌​បែបចិន។ លេខ​នេះ ឡា​រ៉ែ​ន សូម​នាំ​មិត្ត​អ្នកអាន​ទៅ​ស្គាល់​តំបន់ ឆៃ​ណាថោ​ន 8កន្លែង ​ដែល​អ្នក​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ទាំងឡាយ​គួរតែ​បាន​ទៅ​ដើរលេង ដើរ​ញ៉ាំ​អាហារ​ចិនឆ្ងាញ់ៗនៅ​ទូទាំង​ពិភពលោក​ដូចតទៅ។

1. China Town នៅក្នុង​ទីក្រុង​ឡា​ហាវ៉ាន ប្រទេស​គុយបា
China Town នៅទីនេះ​មានឈ្មោះ​ថា Barrio Chino de la Habana (បារី​អូ ឈិ​ណូ ឌើ ឡាហា​បា​ណា) ជា ឆៃ​ណា ថោ​ន ដ៏​ចំណាស់ និង​ធំ​បំផុត​ក្នុង​ភូមិភាគ​ឡាទីន​អា​មេ​រិ​កា។ បង្កើតឡើង​ដោយ​ជនជាតិ​ចិន​ក្វាង​ទុង ដែល​ភៀសខ្លួន​ចូលទៅ​ធ្វើការ​នៅក្នុង​ប្រទេស​គុយបា​ក្នុងអំឡុង​សតវត្សរ៍​ទី19។

2. China Town នៅក្នុង​ទីក្រុង Kolkata ប្រទេស​ឥណ្ឌា
ម្ហូបអាហារ​ចិន​លាយឡំ​នឹង​ក្លិន​អាហារ​ឥណ្ឌាបញ្ចេញ​ក្លិនក្រអូប​ឈ្ងុយ​ទូទាំង​តំបន់ ឆៃ​ណាថោ​ន ក្នុង​ទីក្រុង​កុល​កាតា ដោយ​បែង​ចែកជា2ផ្នែក​ផ្សេងគ្នា គឺ​ផ្នែក​ទីក្រុង​ចាស់ ហៅថា “ទិ​រេ​ត ​តា បា​ហ្សា​រ៍” និង​ផ្នែក​ទីក្រុង​ថ្មី ហៅថា “តាន់​ក្រា”។ បច្ចុប្បន្ន​មានការ​រៀបចំ​ជា​ពិធីបុណ្យ​ប្រចាំឆ្នាំធំៗចំនួន3លើក គឺ​បុណ្យចូលឆ្នាំ​ចិន សំពះ​ព្រះ​ខែ និង​ឆេង​ម៉េង។

3. China Town នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ
មិនចាំបាច់​ប្រាប់ ក៏​អ្នកទេសចរ​ខ្មែរ​យើង​ភាគច្រើន​បានដឹង​ដែរ​ថា ឆៃ​ណា ថោ​ន ឬ “យ៉ៅ​វ​រ៉ា​ត” ក្នុង​ទីក្រុង​បាងកក មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ភ្ញៀវទេសចរ​ខ្លាំង​ប៉ុនណា​នោះ ជាពិសេស​នៅពេលព្រលប់ៗអូសបន្លាយ​រហូត​ទៅដល់​កណ្ដាលអធ្រាត្រ បរិយាកាស​នឹង​អ៊ូអរ​ខ្លាំង​បំផុត។ សងខាង​ថ្នល់​នឹង​ពោរពេញ​ទៅដោយ​តូប​លក់​ម្ហូបអាហារ និង​គ្រឿងក្លែម​ដ៏​ច្រើន ដែល​អាច​ហៅ​បាន​ថា ជា​ស្ថានសួគ៌​សម្រាប់​អ្នក​ផឹក​តែម្ដង។

4. China Town ប្រទេសសាំង​ហ្គា​ពួរ
មិនគួរខកខានឡើយ​សម្រាប់ភាពប្លែកភ្នែក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ក្នុង​តំបន់ ឆៃ​ណា ថោ​នកណ្ដាល​ទីក្រុង​សាំង​ហ្គា​ពួរ និង​គោម​ភ្លើងស្អាតៗដែល​តុបតែង​ទៅតាម​ដងផ្លូវ និង​ដើរ​ជ្រើសរើស​ទិញ​វត្ថុ​អនុស្សាវរីយ៍​ពី​ហាង​លក់ទំនិញផ្សេងៗដ៏​ច្រើន​រាប់មិនអស់។ ក្រៅពីនេះ​នៅ​សម្បូរហូរហៀរ​ទៅដោយ រង្គសាល ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដែល​ភ្ញៀវទេសចរ​អាច​ជ្រើសរើស​ចូល​គេង​សម្រាក​តាម​កម្លាំង​សាច់ប្រាក់​របស់ខ្លួន។ ក្រៅពីនេះ​នៅមាន​មណ្ឌល​ទេសចរណ៍ល្បីៗជាច្រើន​ទៀត ដូចជា វត្ត​ក្លឹង Sri Mariamman និង Chinese Heritage Centre ជាដើម។

5. China Town ក្នុង​ទីក្រុង Incheon
ប្រទេសកូរ៉េ ខាងត្បូងគឺជា ឆៃ​ណា ថោ​ន តែមួយគត់​នៅក្នុង​ប្រទេស​កូរ៉េ ខាងត្បូង ចាប់កំណើត​ឡើងដំណាលៗគ្នា​នឹង​ការសាងសង់​កំពង់ផែ​អី​ុ​ន​ឆន់ ដែរ ដើម្បី​ប្រគល់​ទីកន្លែង​ឱ្យ​ជនជាតិ​ចិន​បាន​ចូលមក​រកស៊ី​លក់ដូរ។ កាលពី​អតីតកាល​ធ្លាប់​អ៊ូអរ​កកកុញ​ទៅដោយ​តូប​លក់ទំនិញ​ដ៏​ច្រើន តែ​បច្ចុប្បន្ន​ក្លាយជា​ភោជនីយដ្ឋាន​ស្ទើរតែ​ទាំងអស់ ដែល​គ្រប់​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន អ្នកលក់ដូរ​នឹង​នាំគ្នា​មក​រៀបចំ​តូប​លក់ទំនិញ​យ៉ាង​ព្រម-ព្រៀងគ្នា និង​មានការ​រៀបចំ​តុបតែង​ក្រដាស​ពណ៌ និង​គោម​ភ្លើងពណ៌​ក្រហម​គ្រប់​ច្រកល្ហក ស្រស់ស្អាត និង​ភ្លឺ​ចិញ្ចាច​តែម្តង។

6. China Town ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា
ជាប់លំដាប់ជួរមុខគេ​របស់​ទីប្រជុំជន​ជនជាតិ​ចិន​ដែល​ធំ​លេខ3 របស់​តំបន់​អាមេរិក​ខាងជើង។ ការរីក​ធំធាត់​របស់​តំបន់ ឆៃ​ណា ថោ​ន នេះ កើតឡើង​នៅពេលដែល​លោក ទឹង សៀវ ភិ​ងប្រកាស​ប្រគល់​ឯករាជ្យ​ដល់​កោះ​ហុងកុង​ឱ្យ​ត្រឡប់​ចូលមកក្នុង​រង្វង់​ដៃ​របស់​ប្រទេស​ចិន​វិញ។ ដោយ​ក្ដីបារម្ភ​ព្រួយ​ខ្លាច​ជីវិត​ខ្លួនឯង​មិនមាន​សុវត្ថិភាព ជនជាតិ​ចិន​ចំនួន​ដ៏​ច្រើន​ក៏បាន​ភៀសខ្លួន​ចូលមក​រស់នៅក្នុង​ទីក្រុង​វេន​ឃូ​វើ​រ ហើយ​បច្ចុប្បន្ន គេ​ឃើញ​មាន​ហាង​លក់ទំនិញ​ស្ទីល​បែប​ចិន​ជាច្រើន។

7. China Town ក្នុង​រដ្ឋ Sanfransicso សហរដ្ឋអាមេរិក
បើសិន​ទៅ​ថតរូប​ស្ពាន Golden Gate កុំ​ភ្លេច​ឆៀង​ចូល​ទៅលេង ឆៃ​ណា ថោ​ន ផង​ណា៎ នៅ​ទីនោះ​មាន​ប្រជាជន​ចិន​ចូលមក​រស់នៅ​ជាង160ឆ្នាំ​មកហើយ ទើប​អាច​រាប់បាន​ថា ជា China Town ដែល​ចំណាស់​បំផុត​ក្នុង​តំបន់​អាមេរិក​ខាងជើង។ ទីកន្លែង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ Golden Gate Fortune Cookie Factory ជា​រោងចក្រ​ដែល​ស្ថិតក្នុង​អគារ​តូច​មួយ​ក្នុង​ច្រក​ផ្លូវ Ross Alley។ នៅពេល​លោកអ្នក​ដើរចូល​ទៅជិត នឹង​បាន​ធំុក្លិន​ក្រអូប​ឈ្ងុយ​របស់​នំ​ឃុ​ក​គី ដែល​ត្រៀម​ជាស្រេច​សម្រាប់​ឱ្យ​លោកអ្នក​ទទួលទាន​បែបថ្មីក្ដៅៗទើប​ចេញពី​ឡ​ដុត។

8. China Town ក្នុង​ទីក្រុង London ចក្រភព​អង់គ្លេស
តំបន់ ឆៃ​ណា ថោ​ន ក្នុង​ទីក្រុង​ឡុ​ន​ដុន ឬ​ដែលអ្នកទេសចរនាំគ្នា​ហៅថា តំបន់ សូ​ហូ (Soho) អាច​ចាត់ទុកថា​ជា ឆៃ​ណា ថោ​ន ធំជាងគេ​បំផុត​ក្នុង​ទ្វីបអឺរ៉ុប។ ពេញ​ទៅដោយ​ហាង​លក់ទំនិញ ហាង​លក់​ថ្នាំចិនសែ ភោជនីយដ្ឋាន​គ្រប់​ជាតិ​សាសន៍ ស៊ុប​ភើរ​ម៉ា​ឃេ​ត ដែលមាន​ទំនិញ​នាំចូល​ត្រូវចិត្ត​ជនជាតិ​អាស៊ី​ច្រើន​បំផុត។ ចំណែកឯ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅទីនេះ​វិញ អាច​និយាយបានថា មិន​ចាញ់ទីណាៗទាំងអស់ មាន​ទាំង​ការ​លោត​ម៉ុង​សាយ ព្យុហយាត្រា​សម្ដែង​កាយ​វប្បកម្ម និង​ក្បាច់គុន​ដាវ​ចិន និង​អុច​ផាវ​លាន់​ខ្ទរខ្ទារ​តែម្តង សប្បាយ​ខ្លាំងណាស់៕

Advertisement